ជាតិ
សង្គមជាតិ
ការបាត់បង់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប ជាដើមចមបណ្តាលឱ្យបរិមាណត្រីធ្លាក់ចុះ
29, May 2021 , 9:30 am        
រូបភាព
រូបភាពពីលើអាកាសនៃ «លបឡុក» មានរាងដូចព្រួញយ៉ាងធំ ដែលប្រជានេសាទដាក់នៅតាមព្រៃលិចទឹកក្នុងបឹងទន្លេសាប
រូបភាពពីលើអាកាសនៃ «លបឡុក» មានរាងដូចព្រួញយ៉ាងធំ ដែលប្រជានេសាទដាក់នៅតាមព្រៃលិចទឹកក្នុងបឹងទន្លេសាប
ដោយ:
 
បឹងទន្លេសាប គឺជាបេះដូងនៃប្រទេសកម្ពុជា ដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាតំបន់សើមមួយ ដែលមានផលិតភាព និងជីវចម្រុះច្រើនបំផុតនៅលើពិភពលោក។ ព្រៃលិចទឹក និងតំបន់ដីសើមដែលព័ទ្ធជុំវិញបឹង បានផ្តល់ជាជម្រក និងចំណីដល់ប្រភេទត្រីធ្វើចរាចរផ្លាស់ទី និងត្រីរស់នៅក្នុងតំបន់ជាច្រើនប្រភេទទៀត។ ព្រៃលិចទឹក ក៏ជាតំបន់សំខាន់មួយសម្រាប់សកម្មភាពប្រកបការងារចិញ្ចឹមជីវិត ដូចមានបង្ហាញនៅក្នុងរូបភាពពីលើអាកាស ដែលមានរូបភាពនៃការនេសាទត្រីដោយឧបករណ៍ «លបឡុក» និងដីស្រែ នៅក្នុងព្រៃលិចទឹក ដែលព័ទ្ធជុំវិញបឹងទន្លេសាប។



ជាអកុសល បឹងទន្លេសាបកំពុងរងការគំរាមកំហែងជាបន្តបន្ទាប់ ពីកត្តាធម្មជាតិ និងដោយកត្តាមនុស្សបង្កើតឡើង។ ចាប់តាំងពីឆ្នាំ ២០១៥ កង្វះទឹកភ្លៀង ដោយសារបាតុភូត El Niño និងការបើកដំណើការទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ បានរួមចំណែកធ្វើឱ្យកម្រិតកម្ពស់ទឹកនៅបឹងទន្លេសាបធ្លាក់ចុះទាប។ កម្រិតកម្ពស់ទឹកទាប និងភាពរាំងស្ងួត ដោយសារការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ជាពិសេស អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺអាកាសធាតុកើនកម្ពៅ និងភាពគ្រោះរាំងស្ងួត។

ស្ថានភាពទាំងនេះ នាប៉ុន្មានឆ្នាំថ្មីៗ នេះ បានបង្កជាភ្លើងឆេះព្រៃលិចទឹកពាសពេញតំបន់។ ខណៈដែលអគ្គីភ័យខ្លះបង្កឡើងដោយធម្មជាតិ ដូចជារន្ទះបាញ់ជាដើម ប៉ុន្តែ ក៏មានការបង្កអគ្គីភ័យឡើងដោយមនុស្សផងដែរ។ ភ្លើងឆេះព្រៃមួយចំនួន ត្រូវបានកើតឡើងដោយចៃដន់ដោយមនុស្សដុតស្មៅ ឬមែកឈើងាប់ៗ បង្កើតជាផ្សែង ដើម្បីយកឃ្មុំ។ ភ្លើងឆេះព្រៃខ្លះទៀត បានបង្កឡើងដោយសារការបោះចោលកន្ទុយបារីលើស្លឹកស្ងួត ឬស្មៅ ឬមិនបានពន្លត់ភ្លើងឱ្យបានត្រឹមត្រូវ ក្រោយពីចម្អិនអាហារររួចហើយ។ ពាក់ព័ន្ធនឹងបញ្ហាភ្លើងឆេះនេះ មានព្រៃខ្លះត្រូវបានគេកាប់រំលំ ឈូសឆាយ រួចដុតចោល ដើម្បីយកដីធ្វើជាដីស្រែ-ចម្ការ។ ហើយក្នុងនោះ ក៏មានការកាប់រានទន្ទ្រានដីព្រៃ ដើម្បីយកដីធ្វើកម្មសិទ្ធិផងដែរ។

រូបភាពពីលើអាកាសនេះ បង្ហាញពីដីស្រែដែលកើតឡើងពីការកាត់តម្រឹមព្រៃលិចទឹក នៅក្នុងតំបន់ព្រៃលិចទឹកក្នុងបឹងទន្លេសាប

កត្តាទាំងអស់នេះ បានបង្ហាញថា ទាំងធម្មជាតិ និងមនុស្ស បានរួមចំណែកដល់ការបាត់បង់ព្រៃលិចទឹក ដែលជាជម្រក និងជាទីកន្លែងសម្រាប់ពង-កូនដ៏សំខាន់របស់ត្រីផងដែរ។ ហើយទាំងនេះ ក៏បានបង្កើតការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់បរិមាណត្រីនៅបឹងទន្លេសាប។ លើសពីនេះ ការនេសាទហួសកម្រិត និងការបំផ្លិចបំផ្លាញផ្សេងៗ ក៏បានរួមចំណែកដល់ការថយចុះបរិមាណត្រីផងដែរ។ «លបឡុក» ត្រូវបានអ្នកនេសាទប្រើប្រាស់ជាទូទៅ ដោយពួកគេដាក់ស្ទើរតែបិទផ្លូវទឹកទាំងស្រុងទៅហើយ ដើម្បីចាប់ត្រីគ្រប់ប្រភេទ។ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ បានបង្កមហន្តរាយយ៉ាងខ្លាំងដល់មច្ឆជាតិ។ លើកលែងតែមានការផ្លាស់ប្តូរឥរិយាបទ នៃការធ្វើឱ្យបាត់បង់ទីជម្រកក្នុងព្រៃលិចទឹក ការនេសាទមានលក្ខណៈបំផ្លាញ និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចេញទេ ដែលទាំងអស់នេះ បាននឹងកំពុងរួមចំណែកដល់ការថយចុះបរិមាណត្រីយ៉ាងឆាប់រហ័ស នៅក្នុងបឹងទន្លេសាប និងទន្លេមេគង្គ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់អ្នកនេសាទ និងប្រជាជនដែលរស់នៅក្បែរបឹងទន្លេសាប មេត្តាពិចារណានូវរាល់សកម្មភាពរបស់យើង ថាតើនឹងអាចបង្កគ្រោះថ្នាក់ដល់ព្រៃលិចទឹក និងមច្ឆជាតិដែលរស់នៅទីនោះដែរ។ សូមចូលរួមទាំងអស់គ្នា និងជួយទ្រទ្រង់ព្រៃលិចទឹក ដើម្បីការពារផលស្តុកត្រី និងរក្សាសុខុមាលភាពបឹងទន្លេសាប និងទន្លេមេគង្គ៕



© រក្សាសិទ្ធិដោយ thmeythmey.com