ជាតិ
សង្គមជាតិ
អាជ្ញាធរបាត់ដំបង កំពុងពិនិត្យសំណាកទឹក ដែលមានកាកសំណល់ពីរោងចក្រចិន ចូលទឹកស្ទឹងសង្កែ
29, May 2021 , 4:58 pm        
រូបភាព
 រូចភាព ផ្ដល់ដោយ រដ្ឋបាលស្រុករតនៈមណ្ឌល
រូចភាព ផ្ដល់ដោយ រដ្ឋបាលស្រុករតនៈមណ្ឌល
 
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ រោងចក្រឧស្សាហកម្មចិនមួយកន្លែង នៅក្នុងភូមិភ្ជាវ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានស្តុកកាកសំណល់រាវ ធ្វេសប្រហែស ដែលបណ្ដាលឱ្យលេចធ្លាយចូលទៅក្នុងខ្សែទឹកស្ទឹងសង្កែ កាលពីថ្ងៃទី២៧ ឧសភា។ អាជ្ញាធរបាត់ដំបង កំពុងពិនិត្យសំណាកទឹក ដែលមានកាកសំណល់ពីរោងចក្រចិន ចូលទឹកស្ទឹងសង្កែនេះ មុនបន្តអនុវត្តនីតិវិធី។



ដើម្បីដោះស្រាយនូវបញ្ហាប្រឈមពីការបំពុលប្រភពទឹកខាងលើនេះ អភិបាលខេត្តបាត់ដំបង បានអន្តាគមន៍ឲ្យមន្ទីរធនធានទឹក និងឧត្តុនិយម ចាត់វិធានការបន្ទាន់ក្នុងការទប់ស្កាត់ និងបិទទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យដល់ការងារផលិតកម្មរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង និងនៅតាមបណ្ដាក្រុមហ៊ុនអាជីវកម្មទឹកស្អាតនានា ដែលស្ថិតនៅតាមខ្សែទឹកខាងក្រោម។

លិខិតប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង កាលពីថ្ងៃទី២៨ ឧសភា បានបញ្ជាក់ថា ៖«ដោយឡែកនៅឯអង្គភាពរដ្ឋាករទឹកបាត់ដំបងវិញ បានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាពទឹក ឲ្យនៅប្រចាំការតាមដានត្រួតពិនិត្យនូវគុណភាពទឹកជាប្រចាំ ដោយគិតត្រឹមពីការប្រកាសព័ត៌មាន និងជូនដំណឹងនេះតទៅ ហើយមកដល់ពេលនេះ ស្ថានភាពគុណភាពទឹកមិនមានការប្រែប្រួលខុសពីប្រក្រតីឡើយ គឺនៅរក្សាអនុលោមតាមស្ដង់ដារគុណភាពទឹករបស់អង្គភាពនៅឡើយ»។

ជុំវិញករណីនេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ងួន រតនៈ អភិបាលខេត្ត និងខាងរដ្ឋបាលខេត្តបាត់ដំបង ដើម្បីសុំការអត្ថាធិប្បាយបន្ថែមឡើយ។
លោក គុយ វណ្ណូ  អភិបាលស្រុករតនមណ្ឌលស្ដីទី បានប្រសាសន៍ថា មូលហេតុដែលនាំឲ្យលេចធ្លាយកាកសំណល់រាវចូលស្ទឹងសង្កែនេះ គឺមកពីរោងចក្រចិននោះ បានកាយកាកសំណល់បង្ហូរពីអាងទី១ ចូលអាងទី២ ដូច្នេះវាធ្វើបាក់ ហើយច្រោះហូរចូលទឹក ដោយសារលាយឡំជាមួយភ្លៀង។ បើតាមលោក គុយ វណ្ណូ អាជ្ញាធរកំពុងពិនិត្យមើលលើគុណភាពបច្ចេកទេស និងអាជ្ញាបណ្ណរបស់ក្រុមហ៊ុននេះ ។

«បញ្ហា(កាកសំណល់ហូរចូលទឹកស្ទឹងសង្កែ)នេះ ជួបលើលពីមួយដង ហើយក៏មិនមានការផ្អាក(ដំណើរការរោងចក្រចិន)ណាមួយដែរ។ ម្យ៉ាងប្រជាពលរដ្ឋ នៅពេលឃើញទឹកប្រែពណ៌ ពួកគាត់ដឹងទឹកប្លែកហើយ ហើយមិនប្រើទេ »។ នេះបើតាមអភិបាលស្រុករតនមណ្ឌលស្ដីទី។

លោក កត បូរ៉ាន  ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ​បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ថា ក្រុមការងារមន្ទីរបរិស្ថានបានបញ្ជូនសំណាកទឹក ទៅមន្ទីរពិសោធន៍នៅភ្នំពេញហើយ ប៉ុន្ដែមិនទាន់ចេញលទ្ធផលនៅឡើយ។

« ខ្ញុំបានផ្ញើសំណាកទៅដល់ភ្នំពេញ តាំងពីម្សិលមិញ។ យើងរងចាំលទ្ធនៃការពិសោធ ដូច្នេះក្នុងអំឡុងពេលនេះ យើងផ្អាកការប្រើប្រាស់ទឹកសិន ក្រែងលោប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ប្រហែលជាថ្ងៃនេះ ឬក៏ថ្ងៃស្អែកយើងអាចទទួលលទ្ធផល » ។ នេះជាការបញ្ជាក់ពីលោក កត បូរ៉ាន ជាប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង។

​បើតាមប្រធានមន្ទីររូបនេះ​​ ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការលេចធ្លាយកាកសំណល់រាវឧស្សាហកម្មននេះមានឈ្មោះថា អឺ​កាង​ (Er Kang)ដែលផលិតម្សៅមី និងផលិតផលម្សៅផ្សេងទៀត។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ ២០១៦​ មកម្ល៉េះ ប៉ុន្តែក្នុងឆ្នាំ ២០២០ ក៏បានសម្រេចប្តូរឈ្មោះរបស់ខ្លួនមកជា ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្ទ្រៀល (Phoenix Industrial) វិញ៕



Tag:
 ឧស្សាហកម្មចិន
 បំពុលទឹក
 ទឹកស្ទឹងសង្កែ
© រក្សាសិទ្ធិដោយ thmeythmey.com