COVID-19
អន្តរជាតិ
វៀតណាម រកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី ដែលជាកូនកាត់នៃកូរ៉ូណាវីរុសនៅអង់គ្លេស និងឥណ្ឌា
29, May 2021 , 7:59 pm        
រូបភាព
 
វៀតណាម បានរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី ដែលជាកូនកាត់រវាងកូរ៉ូណាវីរុសបំប្លែងខ្លួននៅ អង់គ្លេស និងឥណ្ឌា។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី១៩ ខែឧសភា។



ក្នុងរយៈពេលចុងក្រោយនេះ វៀតណាម បានផ្ទុះករណីឆ្លងកូវីដ-១៩ យ៉ាងខ្លាំង។ កូរ៉ូណាវីរុសបំប្លែងខ្លួនអង់គ្លេស និងឥណ្ឌា ក៏រីកសាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែរ។ កូរ៉ូណាវីរុសបំប្លែងខ្លួនទាំងពីរប្រភេទនេះ គឺជាអត្រាឆ្លងខ្លាំងជាងកូរ៉ូណាវីរុសធម្មតា។

យ៉ាងណាមិញ ក្រសួងសុខាភិបាលវៀតណាម ក្នុងថ្ងៃទី១៩ ខែឧសភា បានរាយការណ៍ កូរ៉ូណាវីរុស ដែលជាកូនកាត់កូរ៉ូណាវីរុសបំប្លែងខ្លួននៅអង់គ្លេស និងឥណ្ឌា។ «បន្ទាប់ពីពិនិត្យលើអ្នកជំងឺកូវីដ-១៩ យើងបានរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី ដែលជាប្រភេទកូនកាត់ កូរ៉ូណាវីរុសបំប្លែងខ្លួននៅអង់គ្លេស និងឥណ្ឌា។ លោក Nguyen Thanh Long រដ្ឋមន្រ្តីសុខាភិបាលវៀតណាម បញ្ជាក់បែបនេះ។

មកទល់ពេលនេះ កូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីនេះ មិនទាន់ត្រូវបានដាក់ឈ្មោះឡើយ។ ក្រសួងសុខាភិបាលវៀតណាម នឹងប្រកាសពីវត្តមានកូរ៉ូណាវីរុសបំប្លែងខ្លួន លើផែនទីហ្សែនរបស់ពិភពលោកក្នុងពេលឆាប់ៗ ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ វៀតណាម បានរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីចំនួន ៧ប្រភេទ ដែលមានប្រភពមកពីអង់គ្លេស, ឥណ្ឌា និងអាហ្វ្រិកខាងត្បូង៕


Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com