អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន តវ៉ាការទូតជាមួយចិន ដែលបានបញ្ជូននាវាធំៗ ចូលក្នុងដែនទឹកខ្លួន
29, May 2021 , 9:30 pm        
រូបភាព
 
រដ្ឋាភិបាលក្រុងម៉ានីល បានដាក់ការតវ៉ាការទូតជាថ្មីជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដោយសារវត្តមាននាវាធំៗរបស់ចិនមានក្នុងដែនទឹករបស់ខ្លួន។ នេះគឺជាការតវ៉ាទី ៨៤ហើយ ចាប់តាំងពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ចូលកាន់តំណែង ក្នុងឆ្នាំ២០១៦។



នាវាចិន តែងតែមានវត្តមានជាញឹកញាប់ក្នុងដែនទឹកហ្វីលីពីន ដែលបង្កឱ្យរដ្ឋាភិបាលក្រុមម៉ានីលខឹងសម្បារយ៉ាងខ្លាំង។ ក្នុងថ្ងៃទី២៨ ខែឧសភា រដ្ឋាភិបាលហ្វីលីពីន បានដាក់ការតវ៉ាការទូតមួយ ជុំវិញការបន្តវត្តមាននាវារបស់ចិន និងសកម្មភាពខុសច្បាប់ទូកនេសាទ និងនាវាចិន ក្នុងដែនទឹកក្បែរប្រជុំកោះ Thitu។
ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលក្រុងម៉ានីល បានទាមទារឱ្យចិនដកទូកនេសាទ និងនាវារបស់ខ្លួនចេញពីដែនទឹកនោះ។ យ៉ាងណាមិញ ស្ថានទូតចិនប្រចាំនៅហ្វីលីពីន មិនទាន់ឆ្លើយតបនឹងសំណើរបស់ហ្វីលីពីនឡើយ។

«ប្រជុំកោះPag-asa គឺជាផ្នែកមួយរបស់ហ្វីលីពីន ដែលមានអធិបតេយ្យ និងយុត្តធិការលើ»។ ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់បែបនេះ។ ប្រជុំកោះ Thitu ត្រូវបានហ្វីលីពីនហៅថាកោះ Pag-asa។ បើតាមហ្វីលីពីន ទូកដែលមានវត្តមាននៅប្រជុំកោះ Pag-asa គឺជាទូកយោធា ខណៈក្រុងប៉េកាំងកន្លងមក អះអាងថា គ្រាន់តែជាទូកនេសាទ ដែលចូលចត ដើម្បីគេចពីអាកាសធាតុអាក្រក់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

កោះ Thitu គឺមានចម្ងាយជាង ៥០០គីឡូម៉ែត្រពីហ្វីលីពីន និងជាប្រជុំកោះធំជាងគេបង្អស់ ចំនួន៨ ដែលហ្វីលីពីនគ្រប់គ្រងលើប្រជុំកោះ ស្ពាតលី (Spratly)។ កន្លងមក ចិនបានកសាងទីក្រុងតូចមួយ និងមានផ្លូវយន្តហោះសម្រាប់ចុះចត, ឃ្លាំងទុកយន្តហោះ និងមីស៊ីលបាញ់ពីដីទៅអាកាសផងដែរ នៅក្នុងកោះ Subi ដែលមានចម្ងាយជាង ២៧គីឡូម៉ែត្រ ពីកោះThitu។

គួរបញ្ជាក់ថា ចាប់តាំងពីលោក រ៉ូឌ្រីហ្គោ ឌូទើតេ ចូលកាន់តំណែងជាប្រធានាធិបតីមក ហ្វីលីពីន បានដាក់ការតវ៉ាជាមួយចិនចំនួន ៨៤លើកហើយ ទាក់ទិននឹងវត្តមានទូកនេសាទចិន ក្នុងដែនទឹករបស់ខ្លួន៕


Tag:
 ហ្វីលីពីន
  ចិន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com