កីឡាអន្តរជាតិ
អន្តរជាតិ
តើ Chelsea ឬ Man City នឹងគ្រងដំណែងឯកជើងឯក Champion League ឆ្នាំនេះ?
29, May 2021 , 10:30 pm        
រូបភាព
 
ក្រុមតោខៀវ Chelsea និងក្រុមមេឃខៀវ Manchester City នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champion League នៅម៉ោង២រំលងអធ្រាត (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Estadio Do Dragao របស់ក្លិបបាល់ទាត់ ​FC Porto ប្រទេសព័រទុយហ្គាល់។



Man City ដែលម្ចាស់ពានរង្វាន់ Premier League នៅរដូវកាលនេះ ទើបតែឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ Champion League ជាលើកដំបូងខ្លួន ។ បើគិតត្រឹម៣រដូវកាលចុងក្រោយ ពីឆ្នាំ២០១៧ ដល់២០២០វិញ Man City បានត្រឹមឈានជើងចូលវគ្គ១៦ និងវគ្គ៨ក្រុមចុងក្រោយប៉ុណ្ណោះ។ កាលពីរដូវកាលមុន Man City ធ្លាក់ត្រឹមវគ្គ១/៤ ក្រោយចាញ់ក្រុម Olympique Lyon ដោយលទ្ធផល៣ទល់១។

ដោយឡែក Chelsea វិញ ធ្លាប់ឆ្លងកាត់វគ្គផ្ដាច់ព្រ័ត្រ Champion League នេះ ២លើកមកហើយ ដោយធ្លាប់គ្រងតំណែងជើងឯកពាននេះ នៅឆ្នាំ២០១២ ក្រោយឈ្នះដោយបាល់ប៉េណាល់ទី ជាមួយ Bayern Munich ដោយលទ្ធផល៤ទល់៣។ Chelsea ក៏ធ្លាប់រងជើងឯក Champion League នៅឆ្នាំ២០០៨ ក្រោយចាញ់បាល់ប៉េណាល់ទីជាមួយ Man Utd ដោយលទ្ធផល៦ទល់៥។

មុនឈានដល់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champion League នេះ Chelsea ធ្លាប់បានយកឈ្នះក្រុម Man City ដែលដឹកនាំដោយលោក Pep Guardiola គ្រូបង្វឹកសញ្ជាតិអេស្បាញនេះ ២ដងមកហើយ នៅក្នុងក្របខណ្ឌពានរង្វាន់ Premier League និង FA Cup នៅរដូវកាលនេះ។ ប៉ុន្តែ Man City ក៏បានយកឈ្នះ Chelsea ៣ទល់១ នៅក្នុងលីគអង់គ្លេស កាលពីខែមករា ២០២១ដែរ។

លោក Pep Guardiola គ្រូបង្វឹកMan City បាននិយាយក្នុងសន្និសីទកាសែត មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រថា៖«ខ្ញុំដឹងច្បាស់ពីរបៀបដែលយើងត្រូវលេងជាមួយអ្នក ដែលយើងនឹងលេងជាមួយ។ ហើយខ្ញុំនឹងមិនរំខានគេច្រើននោះទេ។ វាជាបទពិសោធន៍មួយ ដែលមិនគួរឱ្យជៀទេថា យើងអាចមកដល់វគ្គនេះ។ ហើយខ្ញុំដឹងច្បាស់ថា អ្វីដែលខ្ញុំនឹងប្រាប់ពួកគេ។ ពួកគេទាំងនោះ កំពុងភ័យខ្លាច និងអន្ទះអន្ទែង ប៉ុន្តែខ្ញុំនឹងប្រាប់ពួកគេថា វាជារឿងធម្មតាទេ»។

លោក Pep Guardiola ធ្លាប់ដឹកនាំ Barcelona លើកពាន Champion League ចំនួន២លើកមកហើយ កាលពីឆ្នាំ២០០៩ និង ២០១១។
ដោយឡែកលោក Thomas Tuchel ដែលទើបចូលមកដឹកនាំ Chelsea នៅចុងរដូវកាលនេះ ក៏ធ្លាប់ជួយឱ្យក្លឹបនៅអាល្លឺម៉ង់ Bayern Munich លើកពាន Champion League កាលពីរដូវកាលមុន ក្រោយយកឈ្នះលើក្រុម Paris St-Germain ដោយលទ្ធផល១ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ។

លោក Thomas Tuchel បាននិយាយដូច្នេះថា៖«ខ្ញុំមានការជឿជាក់ទាំងស្រុងថាអ្នករាល់គ្នាចង់បាន(ពាន)។ វាជាភាពឃ្លានត្រេកត្រអាលមួយ ហើយតែងតែស្ថិតក្នុងកម្រិតខ្ពស់បំផុតនៅក្នុងកីឡា ដែលវាតែងតែកើតឡើង»។

សម្រាប់លោក Thomas Tuchel ការប្រកួតជាមួយក្លិប ដែលមានPep Guardiola ដឹកនាំគឺជាការលំបាកណាស់។« វាពិតជាលំបាកណាស់ក្នុងការលេងទល់នឹង Man City, Bayern ឬ Barcelona នៅពេលដែល Pep នៅក្បែរខ្សែបន្ទាត់។គាត់បង្កើតជំនឿនិងជោគជ័យដ៏ធំធេងហើយមានគំនិតឈ្នះឈ្នះដ៏ធំ»។ នេះបើ់តាមលោក Thomas Tuchel។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champion Leagueនេះ នឹងអនុញ្ញាតឱ្យអ្នកគាំទ្រ១៦,៥០០នាក់ ចូលទស្សនាផ្ទាល់ នៅក្នុងកីឡដ្ឋាន Estadio Do Dragao របស់ក្លិបបាល់ទាត់ FC Porto ប្រទេសព័រទុយហ្គាល់៕


Tag:
 Champion League
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com