ជាតិ
សង្គមជាតិ
លោកយាយ សេងលី ដាំប្រទាលកន្ទុយក្រពើ បានចំណូលផ្គត់ផ្គង់ជីវភាពពេលវ័យចំណាស់
30, May 2021 , 10:09 am        
រូបភាព
 សៀមរាប៖ មានវ័យជាង៥០ឆ្នាំទៅហើយ តែលោកយាយ សេងលី ហាក់នៅស្វាហាប់ក្នុងការគាស់កាយដី ដើម្បីដាំបន្លែ និងដំណាំរួមផ្សំផ្សេងៗ។ ក្នុងបរិវេណផ្ទះលោកយាយ ដែលមានទំហំធំល្មម គឺបានប្រើប្រាស់ស្ទើរគ្មានសល់ដីទំនេរ។ ក្នុងនោះ លោកយាយ សេងលី ក៏បានដាំប្រទាលកន្ទុយក្រពើ ដែលបច្ចុប្បន្នមានការពេញនិយមដាំ។ ការដាំប្រទាលនេះ ជួយឱ្យកសិករនៅភូមិតាគង់ សង្កាត់សំបួរ លោកយាយ សេងលី អាចមានចំណូលសមរម្យប្រចាំថ្ងៃ សម្រាប់ជីវភាពរស់នៅក្នុងវ័យចំណាស់។



លោកយាយ សេងលី បានចាប់ផ្តើមដំណាំបង្ការជុំវិញផ្ទះប្រមាណ២០ឆ្នាំមកហើយ រីឯប្រទាលកន្ទុយក្រពើទើបនឹងដាំបានប្រមាណ២ឆ្នាំនេះតែប៉ុណ្ណោះ។ សព្វថ្ងៃ លោកយាយអាចប្រមូលផលប្រទាលដែលមានប្រមាណជិត២០០ដើម ដោយការលក់ជាធាង និងកូន ដែលអាចបានប្រាក់ចំណូលប្រចាំថ្ងៃយ៉ាងសមរម្យ។

ប្រទាលពូជពីប្រទេសជប៉ុនដែលលោកយាយទិញពីគេមកដាំនេះ មានធាងធំៗ ដែលអាចកាត់លក់បានក្នុងមួយគីឡូក្រាមតម្លៃចាប់ពី៣ពាន់រៀលទៅ៥ពាន់រៀល។ ចំណែកកូនតូច លោកយាយ សេងលី លក់បាន៤ពាន់រៀល។

ការដាំដុះប្រភេទប្រទាលកន្ទុយក្រពើនេះ មិនជាពិបាកទេសម្រាប់កសិករខាងលើ តែទន្ទឹមនឹងនោះក៏សម្បូរស្មៅដែលដុះតាមដីចន្លោះរោងផើងប្រទាល ដែលចាំបាច់ត្រូវការសម្អាតឱ្យស្រលះល្អ។ លោកយាយ សេងលី រៀបរាប់ថា ពេលខ្លះដកស្មៅមិនទាន់ ក៏ត្រូវជួលគេមកជួយសម្អាតស្មៅទាំងនោះផងដែរ។

លោកយាយ សេងលី បានណែនាំពីបច្ចេកទេសដាំប្រទាលដូច្នេះថា ការដាំប្រទាលនេះមិនចាំបាច់ប្រើជីគីមីទេ គឺត្រូវប្រើដីជីធម្មជាតិ លាយផេះអង្កាម និងអាចម៍គោ។ ហើយជាងនេះទៅទៀត ការជ្រើសរើសការដាំក្នុងផើង អាចឱ្យប្រទាលលូតលាស់បានល្អជាងដាំផ្ទាល់ដី ព្រោះងាយស្រួលគ្រប់គ្រងដីជីមិនឱ្យហូរច្រោះតាមទឹក៕
 
របរដាំប្រទាលនេះ ជួយឱ្យលោកយាយវ័យ៥១ឆ្នាំរូបនេះ បានចំណូលសមរម្យជាប្រចាំថ្ងៃ ដោយថ្ងៃខ្លះលក់បានពី៥ទៅ២០គីឡូក្រាម ហើយថវិកាទាំងនោះ ត្រូវបានប្រើប្រាស់ក្នុងការចំណាយប្រចាំថ្ងៃ និងក្នុងវិស័យសាសនា។ ជាអ្នកកាន់សីលមួយរូប លោកយាយតែងធ្វើបុណ្យទានជាប់ជាប្រចាំ និងដោយលំអានព្រះពុទ្ធសាសនា៕







Tag:
 ប្រទាលកន្ទុយក្រពើ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com