ប្លែកៗ
អន្តរជាតិ
ពេទ្យមួយនៅបារាំងសុំទោសក្រោយច្រឡំចាក់រឿងអាសអាភាសនៅកន្លែងរង់ចាំនៃបន្ទប់សង្គ្រោះបន្ទាន់
× ឃ្លីបវីដេអូអាសអាភាសមួយ ត្រូវបានចាក់ផ្សាយលើអេក្រង់ទូរទស្សន៍ក្នុងកន្លែងរង់ចាំ នៃបន្ទប់សង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យ Bayonne តំបន់ Pays Basque ភាគនិរតីប្រទេសបារាំង។ ករណីនេះ បានកើតឡើងកាលពីយប់ថ្ងៃ អាទិត្យ ឈានចូលថ្ងៃចន្ទសប្តាហ៍មុន ដោយអូសបន្លាយរហូតដល់ទៅ២០នាទី។ យោងតាមសារព័ត៌មាន France Bleu ថ្នាក់ដឹកនាំមន្ទីរពេទ្យបានសំដែងការសុំទោស ក្រោយកំហុសបច្ចេកទេសនេះ។
វីដេអូត្រូវបានចែកចាយនៅលើបណ្តាញសង្គម Twitter ដែលបង្ហាញពីការចាក់បញ្ជាំងរឿងអាសអាភាសនៅចំពោះ មុខមនុស្សជាច្រើនដែលកំពុងអង្គុយនៅបន្ទប់រង់ចាំ។ មនុស្សភាគច្រើនហាក់មិនបានចាប់អារម្មណ៍ ឬត្រេកត្រអាល នឹងឃ្លីបនោះឡើយ ដោយសារវាជាកន្លែងរង់ចាំនៃបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ផ្នែកជំងឺកុមារ។
ថ្នាក់ដឹកនាំមន្ទីរពេទ្យបានចេញមុខសុំទោសចំពោះកំហុសបច្ចេកទេសដែលបានកើតឡើង ហើយបានដាក់បន្ទុកទៅ លើក្រុមហ៊ុនឯកជន Telecom Services ដែលជាអ្នកផ្តល់សេវាកម្មកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍។ «ក្រុមហ៊ុន ដែលចុះកិច្ចសន្យាជាមួយយើងក៏បានសុំទោសផងដែរ ដូច្នេះខាងមន្ទីរពេទ្យមិនមានការប្តឹងផ្តល់អ្វីឡើយ»។ នេះ ជាការអះអាងរបស់លោក Michel Glanes នាយកមន្ទីរពេទ្យ។
២០នាទីក្រោយមក ទូរទស្សន៍បានប្តូរទៅប៉ុស្តិ៍ Canal + ដែលជាប៉ុស្តិ៍បង់លុយ ខណៈខាង មន្ទីរពេទ្យមិនបាន ជាវនោះឡើយ។ អ្នកនៅក្នុងបន្ទប់រង់ចាំ បានផ្លាស់ប្តូរបរិយាកាស ដោយពួកគេអាចទស្សនាការប្រកួតនៅក្នុងក្របខណ្ឌ Ligue 1 ជំនួសវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com