COVID-19
ជាតិ
លោក ម៉ក់ យាង រំពឹងថា ដំណាំ​ល្ម៉ើ នឹង​ទទួល​ការគាំទ្រ​ទៀត ទោះ​វិបត្តិ​កូ​វីដ​-១៩​ក្តី​
30, May 2021 , 5:24 pm        
រូបភាព
​សៀមរាប​៖ នៅ​ឆ្នាំនេះ លោក ម៉ក់ យាង គ្រោង​នឹង​ប្រមូល​ផល​​ល្ម៉ើ​ពីចម្ការរបស់ខ្លួនដែល​ស្ថិតនៅ​ជើងភ្នំ​គូលែន​នៃ​ស្រុក​បន្ទាយស្រី នៅ​ចុងខែ កក្កដា ខាងមុខនេះ​។ លោក​​ យាង ជា​កសិករ​ដំបូង​គេ​ក្នុងស្រុក​បន្ទាយស្រី ដែល​សាកល្បង​ដាំ​ដំណាំ​ល្ម៉ើ និង​បាន​ផ្លែផ្កា​ជាទី​គាប់ចិត្ត​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក ម៉ក់ យាង បានឱ្យដឹងថា ​ពេលវេលាប្រមូលផល​ល្ម៉ើ​ក្នុង​ចម្ការ​របស់លោក​ហាក់​ពន្យារពេល​បន្ដិចនៅក្នុងឆ្នាំនេះ។ លោករំពឹងថាកា​ត់​ល្ម៉ើល​ក់អំ​ឡុងចុង​ខែ កក្កដា ខណៈ​ដែរ​ឆ្នាំទៅ លោកបាន​ប្រមូល​ផល​នៅ​ចុងខែ មិថុនា​។ យ៉ាងណាក៏ដោយ ម្ចាស់ចម្ការ​ល្ម៉ើរូបនេះ​បន្ថែមថា ផល​នៅ​ឆ្នាំនេះ​កើន​ជាង​ឆ្នាំមុន ព្រោះ​ចំនួន​ដើម​​ល្ម៉ើដែលមាន​ផ្លែកើនឡើង​បន្ថែម​។​
 
​ឆ្នាំទៅ ចម្ការ​ល្ម៉ើ​ជាង​២៥០​ដើម​លើ​ផ្ទៃដី​មួយ​ហិកតា​របស់លោក ម៉ក់ យាង ផ្តល់​ផល​ត្រឹម​៥០​ដើម​ប៉ុណ្ណោះ ដែល​ពេលនោះ​លក់បានល្ម៉ើ​ប្រមាណ​មួយ​តោន​​។ លោក ម៉ក់ យាង បញ្ជាក់ថា តម្លៃ​លក់​កាលពី​ឆ្នាំ​ទៅបាន ២០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នៃ​ផ្លែ​ល្ម៉ើ​ស្រស់ ប៉ុន្តែ​ឆ្នាំនេះ​លោក​មិនទាន់​ដឹង​តម្លៃ​ទីផ្សារ​នៅឡើយ​ទេ​។​
 
​ដោយសារ​មានការ​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ពី​ខាង​រដ្ឋបាល​ស្រុក​បន្ទាយស្រី ភ្ញៀវ​ជាច្រើន​បានធ្វើ​ដំណើរ​ទៅ​ទស្សនា និង​ទិញ​ផ្លែ​ល្ម៉ើ​ដល់​ចម្ការ​លោក ម៉ក់ យាង ដែល​ពេលនោះ​ពុំមាន​ផ្លែ​គ្រប់គ្រាន់​សម្រាប់​លក់​ជូន​ភ្ញៀវ​ទេ​។ ម្ចាស់​ចម្ការ​រូបនេះ​រំពឹងថា អតិថិជន​នឹង​បន្តទៅ​ទស្សនា​ចម្ការ​របស់ខ្លួន​ទៀត​នៅ​ឆ្នាំនេះ ហើយ​រីករាយ​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់ទៅ​ទស្សនា និង​ថតរូប​លេង​ជាមួយ​កម្សាន្ត​របស់លោក​ផង​។​
 
​គួរ​បញ្ជាក់ថា លោក ម៉ក់ យាង មាន​ផ្ទៃដី​ចម្ការ​ប្រមាណ​១០​ហិកតា នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ដែល​ក្នុងនោះ​លោក​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ខណៈ​ដាំ​ល្ម៉ើ​ត្រឹម​មួយ​ភាគ​ប៉ុណ្ណោះ​។ ការដាំ​បែប​សរីរាង្គ ប្រើប្រាស់​ជីធម្មជាតិ ពិតជា​មានការ​លំបាក​ក្នុង​ការដាំដុះ​ដើម​ល្ម៉ើ ពិសេស​ប្រភពទឹក​នៅ​តំបន់​នោះ​រៀង​ខ្សត់​បន្ដិច​ផង ដែល​ទាមទារ​មានការ​ចំណាយ និង​បច្ចេកទេស​ខ្ពស់​ទើប​អាច​ទទួលផល​បាន​ច្រើន​៕
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com