ជាតិ
សង្គមជាតិ
កសិករដាំម្រេចសាទរចំពោះតម្លៃម្រេចឡើងថ្លៃជាងឆ្នាំមុនក្នុងវិបត្តិកូវីដ-១៩
30, May 2021 , 8:30 pm        
រូបភាព
ដោយ:
 ភ្នំពេញ៖ ឆ្នាំនេះម្រេច មានតម្លៃ ១២,០០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនម្រេច មានតម្លៃត្រឹម ៧,០០០រៀល ទៅ ៨,០០០រៀល ក្នុងមួយគីឡូក្រាម។ តម្លៃម្រេច ឡើងថ្លៃបន្តិចនេះ ធ្វើឲ្យកសិករសប្បាយចិត្តក្នុងការប្រមូលទិន្នផលម្រេចអំឡុងពេលវិបត្តិកូវី-១៩នេះ។


 
លោក វន សាវឿន អ្នកដាំម្រេច ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ សាទរចំពោះតម្លៃម្រេចឆ្នាំនេះ។ លោក សាវឿន រំពឹងថាឆ្នាំនេះ ម្រេចរបស់លោក ទទួលផល ៣០តោន លើផ្ទៃដី១០ហិកតា ខណៈសព្វថ្ងៃលោកបានប្រមូលផលម្រេចលើកទីមួយរួចហើយ។ កសិកររូបនេះ សឹងតែឈប់ដាំម្រេចទៅហើយ ដោយសារឆ្នាំមុនលោកមិនចំណេញ។ កសិករមួយចំនួន បានបោះបង់បោះរបរនេះច្រើនឆ្នាំមកហើយ។ តម្លៃឡើងថ្លៃបន្តិចនេះ ជាសញ្ញាវិជ្ជមានសម្រាប់កសិករក្នុងស្រុកមេមត់ ដែលនាំគ្នាផ្ដើមដាំម្រេចឡើងវិញ។
 
តម្លៃម្រេចឡើងបន្តិចក្ដី ប៉ុន្តែកសិករអះអាងថា ពួកគេមិនចំណេញច្រើននោះទេ។ តម្លៃនេះ អាចចំណេញតិចតួចប៉ុណ្ណោះ។  លោក សាវឿន ប្រាប់ ThmeyThmey25 ដូច្នេះ៖ «អ្នកស្រុកមេមត់កំពុងរកពូជម្រេចដាំឡើងវិញ ព្រោះយើងឃើញឆ្នាំនេះតម្លៃម្រេចកើនឡើងវិញ។ ប៉ុន្តែតម្លៃប៉ុណ្ណឹង កសិករមិនទាន់ចំណេញទេ។ តម្លៃ១៥០០០រៀល ទៅ២០០០០រៀល ក្នុងមួយគីឡូក្រាម ទើបចំណេញ»។
 
អ្នកដាំម្រេចជាង២០ឆ្នាំរូបនេះ យល់ថា ទីផ្សារម្រេច ឡើងចុះមិនទៀតនោះទេ។ តម្លៃម្រេច ឡើងចុះស្ទើររាល់ឆ្នាំ ដែលជាហេតុនាំឲ្យកសិករ មិនអាចដាំត្រូវនឹងទីផ្សារ។ ត្រង់ចំណុចនេះ លោក សាវឿន បញ្ជាក់ថា៖«កសិករ មិនមែនចេះតែដាំតាមទីផ្សារឡើយ។ ចំពោះទិន្នផល ឆ្នាំខ្លះ ម្រេចផ្ដល់ទិន្នផលល្អ។ ឆ្នាំខ្លះក៏ខូចខាតដោយសារសត្វល្អិតចង្រៃ និងអាកាសធាតុ»។
 
 
ដោយឡែក លោក ហែម ត្រូ អ្នកដាំម្រេច ក្នុងខេត្តកំពតឯណោះវិញ ក៏បានបង្ហាញអារម្មណ៍រីករាយ ដោយសារឆ្នាំនេះទីផ្សារម្រេចទូលាយជាងឆ្នាំមុនបន្តិច។ ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត លោក ហែម ត្រូ លក់ម្រេចសក្នុងតម្លៃ ២៨ដុល្លារមួយគីឡូក្រាម។ រីឯម្រេចក្រហម មានតម្លៃ ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និងម្រេចខ្មៅ មានតម្លៃ ១៥ដុល្លារ ក្នុងមួយគីឡូក្រាម។
 
 
«តម្លៃមិនខុសគ្នាពីឆ្នាំមុនទេ តែទីផ្សារទូលាយជាងឆ្នាំមុនបន្តិច។ ឆ្នាំមុនៗទីផ្សាររៀងចង្អៀត អ្នកប្រមូលទិញមិនសូវចង់ទិញទេ។ អ្នកខ្លះលក់ម្រេចមិនអស់ផង»។ នេះជាការអះអាងរបស់អ្នកលោក ហែម តូ ដោយបន្ថែមថា លោកសប្បាយចិត្ត នៅពេលទីផ្សារម្រេចប្រសើរឡើងវិញ។ លោក សង្ឃឹមថា ម្រេចនឹងបន្តមានទីផ្សារកាន់តែប្រសើរជាងនេះ។
 
ជាទូទៅដំណាំម្រេច ប្រើរយៈពេល ៣ឆ្នាំទម្រាំអាចទទួលផល។ ចាប់ពីម្រេចចេញផ្កា រហូតអាចប្រមូលផល ត្រូវប្រើរយៈពេល ៣ខែ។ ដោយឡែក រដូវប្រមូលផលម្រេច ចាប់ពីខែមីនា រហូតដល់ដល់ខែមិថុនា។
 
បើតាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រយៈពេលជាង ៤ខែ ក្នុងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញម្រេច ចំនួន ៧ ៧៩៨តោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលកើនឡើងជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤តោន៕
 



 

Tag:
 កសិកម្ម
  ម្រេច
  កំពត
  ត្បូងឃ្មុំ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com