ជាតិ
សង្គមជាតិ
ពលរដ្ឋខ្លះនៅតំបន់ចុងឃ្នៀស ប្ដូរពីការនេសាទត្រីមករកលៀស
30, May 2021 , 9:30 pm        
រូបភាព
 សៀមរាប៖ ពលរដ្ឋខ្លះនៅតំបន់ចុងឃ្នៀស ជាប់បឹងទន្លេសាប បានផ្លាស់មករកលៀសវិញ ក្រោយផលនេសាទត្រីធ្លាក់ចុះ និងរកពុំបានដូចពេលមុន។ ការប្រែប្រួលអាកាសធាតុ និងការបាត់បង់គម្របព្រៃឈើក្នុងតំបន់បឹងទន្លេសាប សុទ្ធសឹងជាមូលហេតុចម្បង ដែលធ្វើឱ្យផលត្រីកាន់តែខ្សត់។



ធ្លាប់ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ការទស្សនាផ្ទះបណ្ដែតទឹក និងថ្ងៃលិច សហគមន៍ចុងឃ្នៀស ហាក់ស្ងប់ស្ងាត់ជាមួយកាណូតទូកតូចធំ ដែលនៅអែបច្រាំង និងលែងមានចលនាជាងមួយឆ្នាំមកហើយ។ មុនផ្ទុះជំងឺកូវីដ១៩ សហគមន៍នៅតំបន់នេះ ក្រៅពីការនេសាទ គឺមានចំណូលសមរម្យពីការបើកទូកកាណូតដឹងភ្ញៀវទេសចរផងដែរ។

ជាងមួយឆ្នាំមកនេះ ការពឹងអាស្រ័យតែលើធនធានមច្ឆាក្នុងបឹងទន្លេសាបតែមួយមុខ ពិតជាធ្វើឱ្យសហគមន៍នេះ មានការលំបាក។ បច្ចុប្បន្ន ពួកគេខ្លះបានងាកទៅរករបររកលៀស និងរបរផ្សេងៗទៀត ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

លោក យ៉ុង យឿម ដែលជាអ្នករកលៀសមួយរូបបានប្រាប់ថា លោកប្រកបរបរនេសាទត្រីច្រើនឆ្នាំមកហើយ តែសព្វថ្ងៃរកមិនសូវបាន ទើបប្ដូរមករកលៀសវិញ។ លោកបន្ថែមថា លៀសមានទីផ្សារល្អ ស្រួលក្នុងការលក់ រីឯការទៅរកវិញ ស្រួលជាងការរកនេសាទត្រីឆ្ងាយ ហើយក្នុងមួយថ្ងៃ លោករកលៀសបាន១០០គីឡូ។

ចំណែកឯលោក អន់ ក្រឺម ដែលកំពុងអង្គុយលើទូករបស់លោក បាននិយាយទាំងញញឹមថា លោកពីមុនក៏ប្រកបរបរនេសាទត្រី និងបានផ្លាស់ប្ដូរមករកលៀសនេះរយៈពេល១ឆ្នាំនេះតេ។ បរិមាណទឹកកាន់តែរាក់ ធ្វើឱ្យផលត្រីកាន់តែខ្សត់ ដែលជាមូលហេតុឱ្យលោក អន់ ក្រឺម ប្ដូរមករកលៀសវិញ។ លោក ក្រឺម ចេញទៅរកលៀសនៅតំបន់ព្រែកទាល់ ព្រំប្រទល់ខេត្តបាត់ដំបង ដែលក្នុងមួយថ្ងៃលោកអាចរកលៀសបានប្រមាណ១០០គីឡូក្រាម ដែលអាចលក់បានក្នុងតម្លៃ១ពាន់រៀលក្នុងមួយគីឡូក្រាម។

ចៅសង្កាត់ចុងឃ្នៀស លោក អ៊ុំ ណារី បានឱ្យដឹងថា មានគ្រួសារប្រមាណ១០គ្រួសារដែលកំពុងប្រកបរបររកលៀសនេះ។ លោកចៅសង្កាត់បន្ថែមថា របរនេះបានជួយសម្រាលបន្ទុកដល់ប្រជានេសាទខ្លះ ពិសេសនារដូវខែប្រាំង ដែលពិបាករកត្រី។ យ៉ាងណា លោកទទួលស្គាល់ថា ការប្រើកន្រ្ដងអូសលៀស ពិតជាប៉ះពាល់ដល់ជីវៈចម្រុះក្នុងបឹងទន្លេសាបមួយផ្នែកផងដែរ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com