ជាតិ
សង្គមជាតិ
«ប្រាសាទភ្នំជីសូរ» នៅខេត្តតាកែវ ជាបុរាណឋាន ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១
30, May 2021 , 10:30 pm        
រូបភាព
ប្រាសាទភ្នំជីសូរ ក្នុងស្រុកសំរោង ខេត្តតាកែវ។ រូបភាព សហការី Thmey Thmey 25។
ប្រាសាទភ្នំជីសូរ ក្នុងស្រុកសំរោង ខេត្តតាកែវ។ រូបភាព សហការី Thmey Thmey 25។
ដោយ: ថ្មីៗ
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ ប្រាសាទភ្នំជីសូរ ជាប្រាសាទចំណាស់មួយ ស្ថិតនៅស្រុកសំរោង ខេត្តតាកែវ។  ប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ ឬឥសូរ ស្ថិតក្នុងរចនាប័ទ្មឃ្លាំង និងបាពួន។  បច្ចុប្បន្នប្រាសាទបុរាណនេះ បានបន្សល់នូវសិលាចារឹក និងចម្លាក់មួយចំនួន គួរឲ្យចាប់អារម្មណ៍។



ប្រាសាទភ្នំជីសូរ ត្រូវបាន កសាងឡើង នៅលើភ្នំធម្មជាតិ ដែលមានកម្ពស់ប្រហែល ១៣០ម៉ែត្រ តម្រៀបប្លង់ លើអ័ក្សបណ្ដោយពីលិចទៅកើតនៅលើកំពូលភ្នំ។
រីឯខ្លោងទ្វារមានប្រាសាទពីររាងជា កាកបាត គឺប្រាសាទសែនត្មុល និងសែនរវាំង, ទន្លេអុំនៅទំនាបខាងកើតបង្អស់ ព្រមទាំងជណ្ដើរបុរាណ ឡើងទៅកាន់ប្រាសាទនេះ។
ប្រាសាទដែលស្ថិតក្នុងឃុំរវាង ត្រូវបានសាងសង់ឡើង ដោយបែរមុខទៅទិសខាងកើត ព័ទ្ធជុំវិញដោយថែវ ២ជាន់ និងមានខ្លោងទ្វារធំពីរនៅខាងលិច និងខាងកើត។ នៅចំកណ្ដាលបរិវេណប្រាសាទនេះ គឺជាប្រាង្គសក្ការ មានប្លង់រាងកាកបាត លយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គនេះ ក៏មានហោត្រៃពីរទៀត បែរមុខទៅទិសខាងកើត និងភាគខាងលិច មានប្រាសាទសាងអំពីឥដ្ឋ (ប្រហែលជាកសាងមុនរាជ្យព្រះបាទសូរ្យវរ្ម័នទី១)ផងដែរ។
ចម្លាក់មួយចំនួន នៅប្រាសាទភ្នំជីសូរ (រូបភាព capture)។ ផ្ដល់ដោយលោក ឈន ប៊ុនហាក់ អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប_ខេត្តតាកែវ។

យោងតាមសិលាចារឹក ដែលបានបន្សល់  ប្រាសាទនេះ កសាងឡើង នាដើមសតវត្សរ៍ទី១១ អំឡុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ រវាងឆ្នាំ១០១០ ដលឆ្នាំ១០១២ នៃគ្រិស្ដសករាជ។ ម្យ៉ាងប្រាសាទនេះ កសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា គឺព្រះឥសូរ។

ក្រៅពីសិលាចារឹក ប្រាសាទនេះក៏មានបន្សល់នូវ ក្បាច់លម្អមួយចំនួនផងដែរ។ នៅខ្លោងទ្វារខាងក្នុង ដែលជាច្រកសំខាន់ មានសល់នូវចម្លាក់មួយចំនួនដូចជា ចម្លាក់រូបឥសូររាំ នៅលើផ្ទៃហោជាងច្រកខាងកើត, ចម្លាក់រូបព្រះឥសូរគង់លើគោនន្ទិន នៅលើផ្ទៃហោជាងច្រកខាងលិច និងរូបព្រះនារាយណ៍ផ្ទុំ នៅហោជាងច្រកខាងកើត នៃខ្លោងទ្វារខាងលិចជាដើម។ តាមរយៈចម្លាក់ និងក្បូរក្បាច់រចនា នៃប្រាសាទនេះ ស្ថិតក្នុងរចនាប័ទ្មឃ្លាំង និងបាពួន។

យោងតាម បដាមួយផ្ទាំងអំពី «ប្រាសាទភ្នំជីសូរ» ដែលស្ថិតនៅប្រាសាទភ្នំជីសូរ ប្រាសាទនេះ ត្រូវបានសាលាចុងបូព៌ា ជួសជុលម្ដងរួចមកហើយ នាឆ្នាំ១៩៣៦។ ប៉ុន្តែជាអកុសល មួយភាគនៃប្រាសាទនេះ រងការបំផ្លិតបំផ្លាញ ដោយសារការទម្លាក់គ្រាប់ នាសម័យសង្គ្រាម ដើមសតវត្សរ៍ឆ្នាំ ១៩៧០។ ដោយឡែក ប្រាសាទនេះ ក៏ត្រូវបានសង្គ្រោះឡើងវិញ នៅឆ្នាំ២០១៤ និង២០១៥ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ប្លង់ប្រាសាទភ្នំជីសូរ (រូបភាព capture) ។ ផ្ដល់ដោយលោក ឈន ប៊ុនហាក់ អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប_ខេត្តតាកែវ។

យោងតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយឆ្នាំ ២០១០ ខេត្តតាកែវ មានប្រាសាទនៅមានរូបរាងចំនួន ១៦, ប្រាសាទបាក់បែងចំនួន ៦, ទួលបុរាណចំនួន ២៥, វត្តបុរាណចំនួន ៣១៣ និងស្រះជាទីតាំងយកថ្មចំនួន ៣៕

(ដកស្រង់ចេញពីឯកសារ «អភិរក្សប្រាសាទភ្នំជីសូរ» របស់លោក សេង សោត អនុបណ្ឌិត គ្រប់គ្រងបេតិកភណ្ឌ វប្បធម៌ និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ឯកសារនេះ ផ្ដល់ដោយ លោក ឈន ប៊ុនហាក់ ជាអនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ)។



Tag:
 ប្រាសាទបុរាណ
  ប្រាសាទភ្នំជីសូរ្យ
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com