អន្តរជាតិ
លោក បៃឌិន ថា នឹងប្រាប់ឱ្យលោក ពូទីន គោរពសិទ្ធិមនុស្សពេលជួបគ្នាខែក្រោយ
× ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី៣០ ខែឧសភា ប្រកាសថា លោកនឹងលើកយកបញ្ហាសិទ្ធិមនុស្សទៅជជែកជាមួយប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នាជំនួបខែមិថុនា។ លោក បៃឌិន សន្យាថា នឹងប្រាប់លោក ពូទីន ឱ្យបញ្ឈប់ការបំពានសិទ្ធិមនុស្ស ហើយវ៉ាស៊ីនតោននឹងមិននៅស្ងៀមចំពោះទង្វើរបស់មូស្គូឡើយ។
មេដឹកនាំអាមេរិក និងរុស្ស៊ី នឹងជួបទល់មុខគ្នាជាលើកដំបូងនៅថ្ងៃទី១៦ ខែមិថុនា នៅឯទីក្រុងហ្សឺណែវ ទឹកដីស្វ៊ីស។ បញ្ហាជាច្រើនដូចជាទំនាក់ទំនងទ្វេភាគី អ៊ុយក្រែន ការវាយប្រហារតាមអនឡាញ ទង្វើរបស់បេឡារុសដែលបង្ខំឱ្យយន្តហោះចុះចតដើម្បីចាប់អ្នកប្រឆាំង ទំនងជារបៀបវារៈសំខាន់នៃជំនួបលើកទីមួយនេះ។ ប្រធានាធិបតីអាមេរិក ចូ បៃឌិន ក៏នឹងយកបញ្ហាសិទ្ធិមនុស្សដាក់លើតុចរចាជាមួយសមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ផងដែរ។
ពីកម្មវិធីមួយនៅរដ្ឋ Delaware លោក បៃឌិន និយាយច្បាស់ៗថា អាមេរិក នឹងមិនស្ងៀមឱ្យរុស្ស៊ីបំពានសិទ្ធិមនុស្សឡើយ ហើយលោក នឹងសង្កត់ធ្ងន់ពីរឿងនេះពេលជួបលោក ពូទីន នៅហ្សឺណែវនៅថ្ងៃទី១៦ខាងមុខ។
«ខ្ញុំនឹងជួបលោក ពូទីន នៅពីរបីសប្ដាហ៍ទៀតនៅទីក្រុងហ្សឺណែវ ហើយច្បាស់ថា យើងនឹងមិននៅស្ងៀម និងមិនអនុញ្ញាតឱ្យគាត់រំលោភសិទ្ធិមនុស្សឡើយ។» នេះជាការបញ្ជាក់របស់លោក បៃឌិន ក្នុងន័យចង់ឱ្យរុស្ស៊ីបង្កើនការគោរពសិទ្ធិមនុស្សឡើងវិញ
ទំនាក់ទំនងអាមេរិក និងរុស្ស៊ី មិនសូវល្អឡើយក្រោយលោក បៃឌិន ចូលកាន់នៅដើមឆ្នាំ២០២១ មក។ អាមេរិកបានដាក់ទណ្ឌកម្មរុស្ស៊ីជាច្រើនលើកច្រើនសារដើម្បីឆ្លើយតបនឹងអ្វីដែលក្រុងវ៉ាស៊ីនតោនចោទថា ជាសកម្មភាពខុសច្បាប់មានការវាយប្រហារតាមអនឡាញលើប្រព័ន្ធរដ្ឋាភិបាលអាមេរិក និងការលូកលាន់កិច្ចការបោះឆ្នោតអាមេរិកផងដែរ។
ការបំពុលអ្នកនយោបាយប្រឆាំង Alexei Navalny ធ្វើឱ្យអាមេរិកខឹងរុស្ស៊ីយ៉ាងខ្លាំង។ លើសពីនោះ អាមេរិក ក៏ដាក់ទណ្ឌកម្មក្រុមហ៊ុនរុស្ស៊ីដែលចូលរួមក្នុងគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅអឺរ៉ុបទៀតផង។ សំណុំរឿងអ៊ុយក្រែន ក៏រឹតតែធ្វើឱ្យទំនាក់ទំនងមហាអំណាចទាំងពីរជូរចត់ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com