ជាតិ
បទសម្ភាសន៍
វីដេអូ
យុវតីលីលី ប្រើបច្ចេកវិទ្យា ផ្លាស់ប្ដូររបៀបដឹកជញ្ជូន ក្នុងបរិបទកូវីដ-១៩
× ភ្នំពេញ៖ នៅអំឡុងវិបត្តិកូវីដ-១៩ អាជីវកម្មតូចធំជាច្រើន បានរងផលប៉ះពាល់ និងខ្លះត្រូវផ្អាកដំណើរការ។ ដោយឡែក កញ្ញា ចៅ ជិញលីលី និងមិត្តភក្តិ៤នាក់ទៀត បានបង្កើតធុរកិច្ចថ្មី គឺសេវាកម្មដឹកជញ្ជូនទំនិញ PAPA Deliver ដោយប្រើប្រាស់នូវបច្ចេកវិទ្យា ក្នុងការផ្លាស់ប្តូររបៀបដឹកជញ្ជូនទំនិញ នៅក្នុងរាជធានីភ្នំពេញ។ កញ្ញា លីលី បានបញ្ជាក់ថា PAPA Deliver គឺផ្តល់ភាពងាយស្រួលដល់អ្នកលក់ទំនិញតាមអនឡាញ ក្នុងការកក់សេវាកម្មដឹកជញ្ជូនទំនិញ ទៅកាន់អតិថិជនរបស់ខ្លួន នៅរាជធានីភ្នំពេញ បានយ៉ាងរហ័ស និងប្រកបដោយទំនួលខុសត្រូវខ្ពស់។
កញ្ញា ចៅ ជិញលីលី រួមនឹងមិត្តភក្តិ៤នាក់ទៀត បានបង្កើតអាជីវកម្មដឹកទំនិញ PAPA Deliverនៅឆ្នាំ២០២០។ ពីដំបូងយុវតីវ័យ២១ឆ្នាំរូបនេះ គ្មានបំណងចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងឡើយ ព្រោះកាលណោះនាងគ្រាន់តែជានិស្សិតឆ្នាំទី៣ ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក ប៉ុណ្ណោះ។ ប៉ុន្តែក្នុង ឆ្នាំ២០១៨ លីលី និងមិត្តភក្តិ បានចូលរួមប្រកួតក្នុងកម្មវិធីបច្ចេកវិទ្យាមួយ។ ពេលនោះក្រុមរបស់នាងបាន បង្កើតកម្មវិធី (App) ដឹកជញ្ជូន ដើម្បីប្រកួត។ ក្រោយទទួលបានជ័យលាភីលេខមួយ លីលី ក៏ចាប់ផ្ដើមបង្កើតអាជីវកម្ម PAPA Deliver នេះឡើង ក្នុងឆ្នាំ២០២០ ដែលស្របពេលកម្ពុជា កំពុងផ្ទុះនូវជំងឺកូវីដ-១៩ ។
កញ្ញា លីលី បានរៀបរាប់ដូច្នេះថា៖ «យើងគិតថាអំឡុងពេលហ្នឹង វាជាឱកាសមួយសម្រាប់ពួកយើង ក្នុងការចាប់ផ្ដើមអាជីវកម្ម ដោយពួកយើងជាអាជីវកម្មលើវិស័យដឹកជញ្ជូន។ អ៊ីចឹងក្នុងពេលនេះ ប្រជាជនជាច្រើនគាត់មិនចេញទៅក្រៅទេ ធ្វើឱ្យពួកគាត់ទិញទំនិញតាមអនឡាញច្រើន ដូចនេះការដឹកជញ្ជូនក៏មានការកើនឡើង។ ហើយនៅពេលដែលយើងចេញផលិតផលនៅឆ្នាំ២០២០ ធ្វើឱ្យអតិថិជនគាំទ្រ។ អាចនិយាយថា មានតម្រូវការខ្ពស់» ។
កញ្ញា លីលី ៖ ការចាប់ផ្ដើមអាជីវកម្ម ត្រូវមានការអត់ធ្មត់ និងតស៊ូ
ការធ្វើអាជីវកម្ម ជាបទពិសោធន៍ថ្មីមួយសម្រាប់ កញ្ញា លីលី។ ប្ដូរជីវិតពីនិស្សិត មកបើកដំណើរការអាជីវកម្ម ទាំងដែលគ្មានបទពិសោធន៍សោះ សហស្ថាបនិកវ័យ២១ឆ្នាំរូបនេះ ទទួលស្គាល់ថា ការចាប់ផ្ដើមអាជីវកម្មមួយ ឱ្យដំណើរការទៅមុខ ពិតជាជួបឧបសគ្គរាប់មិនអស់ និងពិសេសការខ្វះដើមទុន។ សម្រាប់ កញ្ញា លីលី ការចាប់ផ្ដើមអាជីវកម្មដំបូងនេះ ត្រូវទាមទាឱ្យរូបនាងមានចិត្តអត់ធ្មត់ និងតស៊ូ ក្នុងការជម្នះឧបសគ្គ ដើម្បីដឹកនាំអាជីវកម្មឱ្យដើររលូនទៅមុខ។ «ការបើកអាជីវកម្មលើការដឹកជញ្ជូន មានការស្មុគស្មាញមែនទែន។ ការដឹកជញ្ជូនមានការលំបាកលើគ្រប់គ្រងប្រតិបត្តិការ គឺត្រូវការលឿន។ អ៊ីចឹង បើយើងអត់ចេះបែងចែកប្រតិបត្តិការទេ គឺលំបាកក្នុងការគ្រប់គ្រង ហើយក៏មានក្រុមហ៊ុនមួយចំនួន ក៏គាត់ត្រូវបិទទ្វារដែរ»។ នេះជាបញ្ជាក់របស់កញ្ញា លីលី។
ដ្បិតទើបប្រឡូកក្នុងអាជីវកម្មរយៈពេលខ្លី សហគ្រិនរូបនេះ យល់ថាខ្លួនរៀនសូត្របានច្រើន ពីវិថីមួយនេះ។ លីលី បានពន្យល់ដូច្នេះ៖ «ចំពោះរយៈពេលហ្នឹង ខ្ញុំអាចរៀនសូត្របានច្រើនដែរ។ យើងរៀនអត់ដូចធ្វើការ ហើយធ្វើការឱ្យខ្លួនឯង ក៏មិនដូចយើងធ្វើការឱ្យគេដែរ។ បើយើងធ្វើការឱ្យគេ១ យើងត្រូវធ្វើការឱ្យខ្លួនឯង គុណនឹង២ ឬគុណនឹង៣ មានន័យថា រយៈពេលនៃការធ្វើការឱ្យខ្លួនឯង ត្រូវធ្វើទ្វេដង។ មួយទៀតយើងត្រូវប្រើគំនិតច្រើនជាងមុន និងការអត់ធ្មត់គឺខ្លាំងមែនទែន ដឹងហើយការចាប់ផ្ដើមឆ្នាំទី១ និង២ លំបាកមែនទែន យើងត្រូវស្រលាញ់វាត្រូវតស៊ូ»។
ការផ្ដល់ទំនុកចិត្តជូនអតិថិជន ធ្វើឱ្យ PAPA Deliver ឈររឹងមាំលើទីផ្សារ រយៈពេល១ឆ្នាំហើយ ដែលPAPA Deliver បានបើកដំណើរការ។ បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូនជាង២០ក្រុមហ៊ុន កំពុងប្រើប្រាស់នូវ PAPA Deliver App និងមានរហូតជិត១ម៉ឺនហាងអាហារ បានប្រើប្រាស់នូវសេវាកម្មដឹកជញ្ជូនទំនិញ PAPA Deliver។
បើតាមសហគ្រិនវ័យក្មេងរូបនេះ ដ្បិតអាជីវកម្មដឹកជញ្ជូន ហាក់កំពុងមានទីផ្សារល្អនៅក្នុងបរិបទកូវីដ-១៩ក្ដី ប៉ុន្តែអាជីវកម្មមួយនេះ ក៏មានដៃគូប្រកួតប្រជែងជាច្រើនដែរ។ សម្រាប់ម្ចាស់អាជីវកម្មរូបនេះ ការផ្ដល់ទំនុកចិត្តជូនអតិថិជន ដោយការផ្ដល់សេវាកម្មដែលល្អ ជាមូលហេតុចម្បងនាំឱ្យ PAPA Deliver អាចឈរជើងលើទីផ្សារបាន។ «យើងគិតថា ជាក្រុមហ៊ុនត្រូវផ្ដល់ទំនុកចិត្តឱ្យអតិថិជនឱ្យបានខ្ពស់ មានន័យថា នៅពេលគាត់កក់សេវាកម្មដឹកជញ្ជូន ជាមួយក្រុមហ៊ុនA អ៊ីចឹងពេលហ្នឹងគាត់ត្រូវឆ្លងកាត់យើង គាត់ទុកចិត្តយើង ទើបគាត់ហ៊ានប្រើប្រាស់កម្មវិធី។ អ៊ីចឹងនៅពេលគាត់មានបញ្ហា យើងត្រូវដោះស្រាយឱ្យពួកគាត់ ។ អ្វីទាំងអស់ហ្នឹងហើយ ដែលយើងធ្វើ និងជួយពួកគាត់ភ្លាមៗ»។
និយាយក្នុងសម្ដីច្បាស់ៗ នាពេលខាងមុខ សហគ្រិនមកពីខេត្តបន្ទាយមានជ័យរូបនេះ ចង់ពង្រីកទីផ្សារពីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា និងតាមបណ្ដាប្រទេស ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តជាតិ។ យុវតីឆ្នើម កំពុងកាន់កាប់អាជីវកម្មបច្ចេកវិទ្យាក្នុងដៃរូបនេះ បានផ្ដាំផ្ញើឱ្យយុវតី ដែលចង់ចាប់ផ្ដើមអាជីវកម្ម ត្រូវត្រៀមខ្លួន និងសិក្សាស្វែងយល់ពីប្រភេទនៃអាជីវកម្មខ្លួន ស្គាល់ពីដៃគូប្រកួតប្រជែង ជាពិសេសត្រូវរៀបចំផែនការនៃការចាប់ផ្ដើមឱ្យបានច្បាស់លាស់៕
Tag:
យុវជន
កូវីដ-១៩
អាជីវកម្ម
ចៅ ជិញលីលី
TI Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com