COVID-19
ជាតិ
កូ​វីដ​-១៩៖កំពង់ចាម​៤២​នាក់​, ព្រៃវែង​២៤​នាក់ ខណៈ​កំពង់ធំ សៀមរាប និង​ពោធិ៍សាត់មាន​១​នាក់​
31, May 2021 , 10:43 am        
រូបភាព
ខេត្តកំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប និងខេត្តពោធិ៍សាត់ នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣០ ឧសភា។ តាមរបាយការណ៍ពីរដ្ឋបាលខេត្តនីមួយៗ ខេត្តទាំង៥នេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៦៩នាក់។ ក្រៅខេត្តទាំងនេះ ខេត្តកំពត ក៏បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដល់ទៅ៥៦នាក់ នៅថ្ងៃទី ៣០ ឧសភា ដែលជាករណីឆ្លងចេញពីកាស៊ីណូ។ រីឯខេត្តស្វាយរៀង ក៏មានអ្នកឆ្លងថ្មីដល់ទៅ៨៨នាក់ដែរ ដែលភាគច្រើនជាកម្មកររោងចក្រ។ បាត់ដំបង មាន១១នាក់ ភាគច្រើនជាអ្នកមកពីប្រទេសថៃ ខណៈកោះកុង មាន២នាក់ ជាអ្នកស្រុកស្រែអំបិល។



 
 កំពង់ចាម​៖ ៤២​នាក់​ទៀត​វិជ្ជមាន ខណៈ​២៧​នាក់​សះស្បើយ​
 
​មនុស្ស​ចំនួន ៤២​នាក់​ទៀត​ដែល​ធ្លាប់​ប៉ះពាល់​នឹង​កម្មករ​រោងចក្រ​ដែល​វិជ្ជមាន​កន្លងមក មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៣០ ឧសភា ខណៈដែល​អ្នកជំងឺ​ចំនួន ២៧​នាក់​ទៀត បានជា​សះស្បើយ​។ តាម​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង ៤២​នាក់ នោះ មាន​២១​នាក់​នៅ​ស្រុក​ជើងព្រៃ​, ១០​នាក់ នៅ​ស្រុក​ព្រៃឈរ​, ៤​នាក់ នៅ​ស្រុក​កំពង់សៀម​, ២​នាក់ នៅ​ស្រុក​បាធាយ ខណៈ​ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ មាន​១​នាក់​រៀងខ្លួន​។ មនុស្ស ៣​នាក់​ដែលមាន​អាសយដ្ឋាន​នៅ​ស្រុក​តាំងគោក​, ស្រុក​បារាយណ៍ និង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក៏​ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ខេត្តកំពង់ចាម​ដែរ​។  
 
​ដើម្បី​ទប់ស្កាត់​ការឆ្លង​ដាល​ជំ​ងឹ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ដ្រ​ខេត្ដ​កំពង់ចាម នៅ​ថ្ងៃទី​៣១ ឧសភា​នេះ រដ្ឋ​ខេត្ត បានសម្រេច​ផ្អាក​សកម្មភាព​អាជីវកម្ម ផលិតកម្ម ក្រុមហ៊ុន​វ៉ា​ឡុង (​ខេ​ម​បូ​ឌា​) អៅ​សូល​អ៊ិន​ដាស​ស្ទ្រី ឯ​.​ក ដែល​ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ក្រោយ​រកឃើញ​កម្មករ​រោងចក្រ ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ការផ្អាក​នេះ មាន​រយៈពេល​២​សប្តាហ៍ គឺ​ចាប់ពី​ថ្ងៃទី ៣១ ខែឧសភា ដល់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ឧសភា ខេត្តកំពង់ចាម រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ៨៥១​នាក់ ក្នុងនោះ ២៥០​នាក់​បានជា​សះស្បើយ​។ អ្នកជំងឺ ៦០១​នាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល​។​
 
​ព្រៃវែង​៖ មាន​២៤​នាក់​ទៀត ភាគច្រើន​ធ្លាប់​ប៉ះពាល់​នឹង​អ្នក​វិជ្ជមាន​កន្លងមក​
 
 
​ពលរដ្ឋ​ចំនួន ២៤​នាក់​ទៀត ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​កូ​វីដ​-១៩ ដែល​ភាគច្រើន​ជា​អ្នក​ធ្លាប់​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​កន្លងមក​។ ក្រៅពីនេះ ក៏មាន​ពលរដ្ឋ​ម្នាក់​ដែរ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​។ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រៃវែង ក្នុងចំណោម​អ្នក​ទើប​រកឃើញថា​មាន​វិជ្ជមាន​ទាំង​២៤​នាក់​នេះ មាន​៦​នាក់ នៅ​ក្រុង​ព្រៃវែង​, ៤​នាក់​នៅ​ស្រុក​បាភ្នំ​, ៣​នាក់​នៅ​ស្រុក​ពាម​ជរ​, ៣​នាក់​នៅ​ស្រុក​ព្រះស្តេច​, ២​នាក់​នៅ​ស្រុក​កំពង់ត្របែក​, ២​នាក់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខណៈ​ស្រុក​កញ្ជ្រៀច និង​ស្រុក​មេសាង មាន​អ្នក​ឆ្លង​ថ្មី​១​នាក់​រៀងខ្លួន​។ ក្រៅពី​ពលរដ្ឋ​នោ​ខេត្តព្រៃវែង ក៏មាន​ពលរដ្ឋ​១​នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​១​នាក់​នៅ​ខេត្តព្រៃវែង មាន​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​នៅ​ខេត្តព្រៃវែង នៅ​ថ្ងៃទី​៣០ ឧសភា​ដែរ​។ 
​គិត​ត្រឹម​ថ្ងៃទី​៣​ឥ ឧសភា ខេត្តព្រៃវែង មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ៣៩៤​នាក់ ក្នុងនោះ​១៨៦​នាក់​បាន​សះស្បើយ ៥​នាក់​បាន​ស្លាប់​។ អ្នកជំងឺ ២០៣​នាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល​។ 
 
​កំពង់ធំ​៖ រកឃើញ​១​នាក់​ថ្មី និង​ជាសះស្បើយ ៧​នាក់​
 
​នៅ​ថ្ងៃទី​៣០ ខែឧសភា ខេត្តកំពង់ធំ ក៏បាន​មនុស្ស​ម្នាក់ទៀត​ដែរ មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ដែលជា​ទើប​ត្រឡប់​ពី​រាជធានី​ភ្នំពេញ​។ អ្នកជំងឺ​រូបនេះ ជា​ស្ត្រី​វ័យ ២៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​បន្ទាយ​ស្ទោង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ធំ ដែល​បាន​បញ្ជាក់ទៀតថា នៅ​ថ្ងៃទី​៣០ ឧសភា ក៏មាន​អ្នកជំងឺ​ចំនួន​៧​នាក់​ដែរ បានជា​សះស្បើយ​។ គិត​មកដល់​ថ្ងៃទី​៣០ ខែឧសភា ខេត្តកំពង់ធំ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន ២៦៣​នាក់ ស្រី​១៥២​នាក់ ក្នុងនោះ​៩៨​នាក់ បានជា​សះស្បើយ​។ អ្នកជំងឺ​ចំនួន ១៦៥​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។​
 
​សៀមរាប​៖ រកឃើញ​១​នាក់​បន្ថែម ខណៈ​អ្នកជំងឺ​៥​នាក់ បាន​សះស្បើយ​
 
​ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​កូ​វី​-១៩ បន្ថែម​១​នាក់​ទៀត ជា​ស្ត្រី​វ័យ ២៦​ឆ្នាំ ដែល​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​។ ស្ត្រី​រូបនេះ មាន​អាសយដ្ឋាន​នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប ដែល​បានឱ្យដឹង​ដែរ​ថា មាន​អ្នកជំងឺ​ចំនួន​៥​នាក់ បានជា​សះស្បើយ​ផងដែរ​។ នៅ​ថ្ងៃទី​៣០ ឧសភា​ដដែល រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ផ្សារ​ក្រឡាញ់ ដែល​ស្ថិត​ក្នុងស្រុក​ក្រឡាញ់ ដែល​ស្ថិតនៅ​ភូមិ​កំពង់​ថ្កូវ​២ ឃុំ​កំពង់​ថ្កូវ រយៈពេល​ពីរ​សប្តាហ៍​ដែរ គឺ​ចាប់ពី​ថ្ងៃទី​៣០ ខែឧសភា ដល់​ថ្ងៃទី​១២ ខែមិថុនា​។​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ គិត​ត្រឹម​ថ្ងៃទី​៣០ ឧសភា​ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ១១៩​នាក់ ក្នុងនោះ​អ្នកជំងឺ​ចំនួន​៦៦​នាក់ បានជា​សះស្បើយ ២​នាក់​ស្លាប់ និង​៥១​នាក់ ទៀត កំពុង​បន្ត​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​
 
ពោធិ៍សាត់​៖ រកឃើញ ១​នាក់ ជា​អ្នកដំណើរ​ពី​មណ្ឌលគិរី​
 
​ខេត្តពោធិ៍សាត់ រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ១​នាក់​ទៀត ដែលជា​អ្នកដំណើរ​ពី​ខេត្តមណ្ឌលគិរី​។ ត្រឹម​ថ្ងៃទី​៣០ ឧសភា ខេត្តពោធិ៍សាត់ មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ សរុប​១១៤​នាក់  ក្នុងនោះ​៥៥​នាក់​បានជា​សះស្បើយ ១​នាក់​បាន​ស្លាប់ និង​៥៨​នាក់​ទៀត​កំពុង​បន្ត​ព្យាបាល​។ នេះ​បើតាម​របាយការណ៍​ពី​មន្ទីរ​សុខាភិបាល​ខេត្តពោធិ៍សាត់​។​
 
កំពត៖ រកឃើញ៥៦នាក់ ជាបុគ្គលិកកាស៊ីណូ
 
នៅថ្ងៃទី៣០ ខែឧសភា រដ្ឋបាលខេត្តកំពត បានរកឃើញមនុស្ស៥៦នាក់ មានវិជ្ជមានកូវីដ-១៩  ដែលជាបុគ្គលិកកាស៊ីណូ សុខ គឹមម៉េង នៅច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង៥៦នាក់នេះ មាន ២៧នាក់ មានអាសយដ្ឋាននៅខេត្តកំពត, ៥នាក់នៅភ្នំពេញ, ៤នាក់នៅខេត្តត្បូងឃ្មុំ, ៨នាក់នៅតាកែវ, ២នាក់នៅខេត្តកណ្តាល, ២នាក់នៅកំពង់ចាម, និង៣នាក់នៅខេត្តព្រះវិហារ, ១នាក់នៅខេត្តព្រៃវែង, ១នាក់នៅកែប, ១នាក់នៅស្វាយរៀង, ១នាក់នៅសៀមរាប។ 
ក្រោយផ្ទុះការឆ្លងនៅក្នុងកាស៊ីណូ រដ្ឋបាលខេត្តកំពត បានសម្រេចផ្អាកអាជីវកម្មកាស៊ីណូ នៅច្រកព្រំដែនអន្តរជាតិព្រែកចាក និងច្រកច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល២សប្តាហ៍ ដើម្បីទើបស្កាត់ការឆ្លងរាលដាល និងស្វែងរកអ្នកជាប់ពាក់ព័ន្ធ។ 
 
ស្វាយរៀង៖ មាន៨៨នាក់ ភាគច្រើនជាកម្មកររោងចក្រ
 
រដ្ឋបាលខេត្តស្វាយរៀង បន្តរកឃើញអ្នកវិជ្ជមានចំនួន ៨៨នាក់ទៀត នៅថ្ងៃទី៣០ ខែឧសភា ដែលសុទ្ធតែជាកម្មករ-កម្មការិនីរោចក្រ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះ មានកម្មកររោងចក្រយូលី ដល់ទៅ៨០នាក់ ខណៈអ្នកផ្សេងទៀតជាជាកម្មកររោងចក្រផ្សេង ជាអាជីរករ និងមានក្មេងៗ២នាក់ផងដែរ។ អ្នកវិជ្ជមានចំនួន ៤១នាក់មានអាសយដ្ឋាននៅស្រុកកំពង់រោទិ៍, ២១នាក់នៅស្រុកស្វាយជ្រំ, ៨នាក់នៅស្រុករមាសហែក, ៥នាក់នៅទីរួមខេត្តស្វាយរៀង, ៥នាក់នៅស្រុករំដួល, ៣នាក់នៅក្រុងបាវិត, ៣នាក់នៅស្រុកចន្ទ្រា និង២នាក់នៅស្រុកស្វាយទាប។ គិតត្រឹមថ្ងៃទី៣០ឧសភា ខេត្តស្វាយរៀង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៨២០នាក់ ក្នុងនោះសះស្បើយ៣៧៨នាក់។ អ្នកជំងឺ ៥នាក់បានស្លាប់ ខណៈ៤៣៦នាក់ទៀតកំពុងបន្តសម្រាកព្យាបាល។ 
 
បាត់ដំបង៖ មាន១១នាក់ ដោយ៩នាក់ជាពលរដ្ឋទើបត្រឡប់ពីប្រទេសថៃ
 
រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញមនុស្ស ១១នាក់ទៀតវិជ្ជមានកូវីដ-១៩ ក្នុងនោះមាន៩នាក់ជាពលរដ្ឋខ្មែរ ដែលទើបធ្វើដំណើរមកពីប្រទេសថៃ និង២នាក់ទៀតជាអ្នកទើបមកពីខេត្តបន្ទាយមានជ័យ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១១នាក់ មាន៤នាក់ មានអាសយដ្ឋាននៅស្រុកមោងឫស្សី, ៣នាក់នៅស្រុកសង្កែ, ២នាក់ នៅក្រុងបាត់ដំបង, ១នាក់នៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និង១នាក់ទៀតនៅឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបន្តថា មានអ្នកជំងឺ៥នាក់បានជាសះស្បើយផងដែរ។ 
 
គិតត្រឹមថ្ងៃទី៣០ ឧសភា ខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ២២១នាក់ ក្នុងនោះ ៨៣នាក់សះស្បើយ ២នាក់ស្លាប់។ អ្នកជំងឺ២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ខណៈ១៣៤នាក់ទៀតបន្តព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។ 
 
កោះកុង៖ រកឃើញ២នាក់ទៀត ជាអ្នកស្រុកស្រែអំបិល
 
រដ្ឋបាលខេត្តកោះកុង បានបន្តរកឃើញស្ត្រី២នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣០ ឧសភា ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាង២ គឺម្នាក់មានវ័យ ៣៥ឆ្នាំ រស់នៅភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល និងម្នាក់ទៀតវ័យ ១៩ឆ្នាំរស់នៅភូមិផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។  
 
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងសរុប ៣០,០៩៤ នាក់ ក្នុងនោះករណីនាំចូលមាន ៩០០នាក់។ អ្នកជាសះស្បើយសរុប ២២,៦៣៦នាក់ និងអ្នកស្លាប់ ២១៤ នាក់៕

 

 

 

Tag:
 កំពត
 ស្វាយរៀង
 បាត់ដំបង
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com