អន្តរជាតិ
កូរ៉េខាងត្បូង ត្រៀមទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន១លានដូសពីអាមេរិក
31, May 2021 , 4:19 pm        
រូបភាព
ឈ្មោះ៖ ជាពេជ្រ ដាឡែន
 
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Johnson & Johnson ចំនួន១លានដូស នឹងទៅដល់កូរ៉ខាងត្បុងក្នុងសប្ដាហ៍នេះ។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Kim Boo-kyum ប្រកាសបែបនេះនៅថ្ងៃទី៣០ ខែឧសភា។ វ៉ាក់សាំងនេះ ជាជំនួយរបស់អាមេរិកសម្រាប់សម្ពន្ធមិត្តអាស៊ីខាងកើតមួយនេះ ទុកចាក់ឱ្យកងទ័ពប្រមាណ៥៥ម៉ឺននាក់។

 
កាលពីដើមខែឧសភា ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានជួបជាមួយសមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន ជាលើកដំបូង ហើយអាមេរិកបានសន្យាថា នឹងឧបត្ថម្ភវ៉ាក់សាំងសម្រាប់កងទ័ពកូរ៉េខាងត្បូងចំនួន ៥៥០,០០០នាក់។ អាមេរិក និងកូរ៉េខាងត្បូងក៏បានព្រមព្រៀងគ្នាធ្វើជាដៃគូផលិតវ៉ាក់សាំងដើម្បី ជំរុញការផ្គត់ផ្គង់វ៉ាក់សាំងក្នុងតំបន់ និងលើពិភពលោកផងដែរ។
 
ក្រោយជំនួបនេះ ចំនួនវ៉ាក់សាំង Johson & Johnson (J&J) ដែលអាមេរិកផ្ដល់ឲ្យកូរ៉េខាងត្បូងបានកើនឡើងស្ទើរទ្វេដង ហើយនឹងទៅដល់កូរ៉េខាងក្នុងសប្ដាហ៍នេះ។ នេះជាការបញ្ជាក់លោក Kim Boo-kyum នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងនាកិច្ចប្រជុំមួយនៅថ្ងៃទី៣០ ខែឧសភា។  លោក Kim ចាត់ទុកការបង្កើនចំនួនវ៉ាក់សាំងដែលឧបត្ថម្ភនេះ ជាការបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក បៃឌិន ចំពោះកូរ៉េខាងត្បូងក្នុងនាមជា សម្ពន្ធមិត្តទ្វេភាគី។
 
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap យន្តហោះយោធាកូរ៉េខាងត្បូង នឹងដឹកជញ្ជូនវ៉ាក់សាំងនេះពីអាមេរិកដោយផ្ទាល់។ លោក Kim បន្តថា កងកម្លាំងបម្រុង និងអង្គភាពការពារស៊ីវិល នឹងត្រូវចាក់វ៉ាក់សាំងដែលអាមេរិកផ្ដល់ឱ្យនេះ។ 
 
កង្វះខាតវ៉ាក់សាំងជាសកល និងការពន្យារពេលដឹកជញ្ជូន ធ្វើឱ្យកូរ៉េខាងត្បូងទទួលបានវ៉ាក់សាំង មិនទៀងទាត់ ដែលប្រហែលពិបាកសម្រេចគោលដៅចាក់វ៉ាក់សាំងរួចរាល់ត្រឹមខែវិច្ឆិកានេះ។ ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូងបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ J&J កាលពីខែមេសា។ កូរ៉េខាងត្បូង ក៏មានកិច្ចព្រមព្រៀងនាំចូលវ៉ាក់សាំងនេះសម្រាប់ប្រជាជន៦លាន នាក់ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទនាំចូលវ៉ាក់សាំងច្បាស់លាស់ទេ។
 
យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង ចាប់តាំងពីការចាប់ផ្ដើមចាក់ វ៉ាក់សាំងនៅចុង ខែកុម្ភៈ ប្រជាជនកូរ៉េខាងត្បូងប្រមាណ៥,៤លាននាក់ក្នុងចំណោមប្រជាជន សរុប៥២លាននាក់ ទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់ដូសទីមួយ៕
 

Tag:
 កូរ៉េខាងត្បូង
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com