អន្តរជាតិ
អាមេរិក លួចយកការណ៍ពីមេដឹកនាំអឺរ៉ុបក្រោមជំនួយពីចារកិច្ចដាណឺម៉ាក
31, May 2021 , 8:59 pm        
រូបភាព
អធិការបតីអាល្លឺ​ម៉ង់ អែនជែឡា មឺហ្គែល ។ រូបថត AFP
អធិការបតីអាល្លឺ​ម៉ង់ អែនជែឡា មឺហ្គែល ។ រូបថត AFP
អាមេរិក បានលួចយកការណ៍សម្ងាត់លើអ្នកនយោបាយ និងមេដឹកនាំសំខាន់ៗនៅអឺរ៉ុបរាប់ទាំងអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល ផងដែរ ក្រោមជំនួយពីសំណាក់អង្គភាពចារកិច្ចដាណឺម៉ាក។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក និងអឺរ៉ុបនៅថ្ងៃទី៣០ ខែឧសភា។ បារាំងដែលមានអ្នកនយោបាយខ្លួនត្រូវអាមេរិកតាមដានដែរនោះ ចាត់ទុកទង្វើនេះជារឿងមិនអាចទទួលបានឡើយ បើជាការពិតមែននោះ។

 
បើតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ដាណឺម៉ាក Danmarks Radio (DR) ចារកិច្ចអាមេរិក បានលួចតាមដានអ្នកនយោបាយ និងមន្រ្តីជាន់ខ្ពស់ប្រទេសអឺរ៉ុបពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ដោយប្រើប្រាស់បណ្ដាញអ៊ីនធឺណិតចារកិច្ចយោធារបស់ដាណឺម៉ាក។ អធិការបតីអាល្លឺម៉ង់ អែនជែល មឺហ្គែល និងមន្ត្រីបារាំង ន័រវ៉េស ស៊ុយអែត សុទ្ធតែត្រូវបានលួចយកសម្ងាត់ដោយអាមេរិក។
 
រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក Trine Bramsen ដែលចូលកាន់តំណែងនៅឆ្នាំ២០១៩ ត្រូវបានរាយការណ៍ពីករណីនេះនៅខែមេសា ឆ្នាំ២០២០ ។ លោកស្រី Bramsen ប្រាប់ DR ថា ការលួចយកការណ៍លើសម្ពន្ធមិត្តជារឿងមិនអាចទទួលបានយកបានឡើយ។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដាណឺម៉ាកមួយនេះ មិនបានបញ្ជាក់ថា ដាណឺម៉ាកអនុញ្ញាតឱ្យអាមេរិកប្រើបណ្ដាញរបស់ខ្លួនឬយ៉ាងណាឡើយ។   
 
ព័ត៌មានខាងលើ ត្រូវបានទម្លាយក្នុងរបាយការណ៍ស៊ើបអង្កេតរួមគ្នាដោយរវាង DR និងដៃគូនៅស៊ុយអែតមានទូរទស្សន៍ STV, នៅន័រវ៉េសមានបណ្ដាញទូរទស្សន៍ និងវិទ្យុ NRK, នៅអាល្លឺម៉ង់មានកាសែត Suddeutsche Zeitung និងនៅបារាំងមានកាសែត Le Monde ។
 
ក្នុងការផ្សាយរបស់ខ្លួន DR បញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក អាចចូលមើលសារ SMS, ការហៅទូរសព្ទ និងការប្រើប្រាស់អ៊ីនធឺណិតដូចជាការ Search, Chat និងសេវាកម្មផ្ញើសារមួយចំនួនទៀត។ អង្គភាពព័ត៌មានដដែលបន្តថា ព័ត៌មានលម្អិតទាំងអស់ ត្រូវបញ្ចូលក្នុងការរបាយការណ៍សម្ងាត់មួយដោយមានឈ្មោះថា Operation Dunhammer និងត្រូវដាក់ឱ្យមេដឹកនាំចារកិច្ចដាណឺម៉ាកនៅឆ្នាំ២០១៥ ផងដែរ។
 
ទាក់ទងរឿងនេះ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអឺរ៉ុបរបស់បារាំងលោក Clement Beaune និយាយថា វាជារឿងធ្ងន់ធ្ងរបំផុត បើរបាយការណ៍ខាងលើជាការពិត។ លោកប្រាប់វិទ្យុ France Info Radio ថា រវាងសម្ពន្ធមិត្ត ត្រូវមានការទុកចិត្ត និងកិច្ចសហប្រតិបត្តិការ។ ប៉ុន្តែលោក Beaune ក៏បញ្ជាក់ថា គេត្រូវបញ្ជាក់ការពិតទាក់រឿងនេះ មុននឹងធ្វើការសន្និដ្ឋានដោយផ្អែកលើកិច្ចសហប្រតិបត្តិការ។  
 
 

Tag:
 អាមេរិក
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com