កីឡាជាតិ
ជាតិ
បឹងកេត ប៉ះវិសាខា ឯភ្នំពេញក្រោន ត្រូវជួបISI នៅពានរង្វាន់ថ្មី League Cup ២០២១
31, May 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ ក្លិបចំនួន៨ បានចូលរួមប្រកួតដណ្ដើមពានរង្វាន់ថ្មី ដែលមានឈ្មោះ League Cup ២០២១។ ពានរង្វាន់ថ្មីនេះ មានការគាំទ្រពីសំណាក់ក្រុមហ៊ុនមួយ ដែលផលិត និងផ្គត់ផ្គងសម្ភារកីឡា។


ក្រុមទាំង៨នេះ ត្រូវបានបែកចែកជា២ពូល ដោយក្នុងមួយពូល យក២ក្រុម ដើម្បីឡើងទៅប្រកួតនៅវគ្គបន្ត។ ក្លិបទាំងនោះ រួមមាន បឹងកេត , វិសាខា ,ភ្នំពេញក្រោន ,អាយអេសអាយ ដង្កោសែនជ័យ ស្ថិតនៅក្នុងពូល A ។ ដោយឡែកពូលB វិញ មានខេត្តព្រៃវែង ក្រុមកងយោធពលខេមរភូមិន្ទ ,ព្រះខ័នរាជស្វាយរៀង និងយុវជនសាលាបាល់ទាត់បាទី អាយុក្រោម១៨ឆ្នាំ។
 
សម្រាប់ការប្រកួតនេះ ក្លិបនីមួយៗ អាចឈ្មោះកីឡាករយ៉ាងតិច១៨នាក់ទៅ៤០នាក់ ដោយមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ រួមទាំងមន្ត្រីក្លិប១០នាក់ទៀត។ ចំណែកការប្រកួត ប្រព្រឹត្តទៅធម្មតា ដោយមានរយៈពេល៩០នាទី និងសម្រាក១៥នាទី នៅចន្លោះតង់ទី និងទី២។
 
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបញ្ជាក់ដូច្នេះថា៖«កីឡាករអាចប្តូរបានចំនួន៥នាក់ ក្នុងរយៈពេល៣ដង ដោយមិនរាប់បញ្ចូលការប្ដូរពេលសម្រាកចន្លោះវគ្គ ។ កីឡាករប្ដូរចេញហើយ មិនអាចចូលលេងវិញបានទេ។ បើសិន(ក្រុមណា)មានកីឡាករតិចជាង៧នាក់ ចាត់ទុកថាបានបោះបង់ការប្រកួតចោល»។
 
ចំពោះការប្រកួតបើកឆាកដំបូង នៅថ្ងៃទី៥ មិថុនា មាន៤ក្រុមជួបគ្នា ក្នុងនោះបឹងកេត ប៉ះវិសាខា នៅកីឡដ្ឋានខេមបូឌានអ៊ែវេ នៅរសៀលម៉ោង ៣៖៣០នាទី មុនពេលភ្នំពេញក្រោន ត្រូវជួប អាយអេសអាយ ដង្កោសែនជ័យ នៅម៉ោង៦ល្ងាច នាកីឡដ្ឋាន ស្មាត អ អេស អិន។
 
ចំណែក៤ក្រុមនៅពូលB នឹងត្រូវប្រកួតគ្នា នៅថ្ងៃទី៦ មិថុនា ក្នុងនោះមានខេត្តព្រៃវែង ត្រូវទទួលភ្ញៀវកងយោធពលខេមរភូមិន្ទ នាកីឡដ្ឋានខេត្តព្រៃវែង។ រីឯព្រះខ័នរាជស្វាយរៀង ត្រូវស្វាគមន៍ យុវជនសាលាបាល់ទាត់បាទី អាយុក្រោម១៨ឆ្នាំ នៅកីឡដ្ឋានខេត្តស្វាយរៀង៕
 

Tag:
 League Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com