រថយន្ត
អន្តរជាតិ
Vardy ដេញថ្លៃទិញរថយន្តពណ៌លឿងទ្វារក្រហមក្នុងរឿងភាគ The Inbetweeners
31, May 2021 , 8:39 pm        
រូបភាព
ដោយ: ធីតា
Jamie Vardy ខ្សែប្រយុទ្ធ Leicester City បានធ្វើចម្លែកមួយតាមរយៈការប្រជែងដេញថ្លៃរថយន្តមួយនៅក្នុងរឿងភាគកំប្លែង The Inbetweeners។ រថយន្ត 1996 Fiat Cinqucento Hawaii នោះមានពណ៌លឿង និងទ្វារពណ៌ក្រហម ដែលមានតម្លៃដេញថ្លៃដំបូងចាប់ពី៣០០០ផោន (ជាង៤២០០ដុល្លារ)។

 
Vardy ដែលទើបតែលើកពាន FA Cup ជាមួយ Leicester City ប្រើប្រាស់រថយន្ត Bentley Continental GT តម្លៃ១៦៥ ០០០ផោន (ជាង២៣ម៉ឺនដុល្លារ) ជាប្រចាំ ជាពិសេសក្នុងដំណើរទៅហ្វឹកហាត់។ ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន The Sun បានរាយការណ៍ថា ខ្សែប្រយុទ្ធអង់គ្លេសវ័យ៣៤ឆ្នាំរូបនេះ ចង់បាន រថយន្ត 1996 Fiat Cinqucento Hawaii បន្ថែមមួយទៀត។
 


រថយន្តពណ៌លឿង និងបង្អួចពណ៌ក្រហមមួយនេះ មានវត្តមាននៅក្នុងរឿងភាគកំប្លែង The Inbetweeners ដែលបញ្ចាំងលើទូរទស្សន៍ Channel 4 នៅអង់គ្លេស។ គេមិនដឹងពីមូលហេតុដែល Vardy សម្រេចដាក់ដេញថ្លៃរថយន្តនេះឡើយ ប៉ុន្តែ The Sun អះអាងថា Vardy ជាអ្នកតាមដានរឿងរបស់ទូរទស្សន៍ Channel 4 ដ៏ងុបងុលម្នាក់។
 
យោងតាមប្រភពពីក្រុមហ៊ុនដេញថ្លៃនៅ Bristol តម្លៃរថយន្ត 1996 Fiat Cinqucento Hawaii ដែលដាក់ដេញថ្លៃដំបូងគឺ៣០០០ផោន ហើយបច្ចុប្បន្នឡើងដល់ជាង៥ ៥០០ផោន (ជិត៧៨០០) ហើយ៕ 
 



 
 

© រក្សាសិទ្ធិដោយ thmeythmey.com