អន្តរជាតិ
បារាំងនិងអាល្លឺម៉ង់ ឱ្យអាមេរិកនិងដាណឺម៉ាកបកស្រាយ ក្រោយបែកធ្លាយរឿងលួចយកការណ៍ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល នាសន្និសីទកាសែតរួមគ្នា។ រូបថត AFP
× ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល បានទាមទារការបកស្រាយពីអាមេរិក និងដាណឺម៉ាក ក្រោយបែកធ្លាយរឿងចារកិច្ចអាមេរិកលួចយកការណ៍ពីមេដឹកនាំ និងអ្នកនយោបាយនៅតំបន់អឺរ៉ុបរាប់ទាំងលោកស្រី មឺហ្គែល ផង។ ន័រវ៉េស និងស៊ុយអែត ដែលជាអ្នកជិតខាងដាណឺម៉ាក ក៏ទាមទាររកការពន្យល់មួយផងដែរ។
របាយការណ៍ស៊ើបអង្កេតដែលទម្លាយសកម្មភាពអាមេរិកឈ្លបការណ៍លើមេដឹកនាំប្រទេសតំបន់អឺរ៉ុប កំពុងក្លាយជាប្រធានបទក្ដៅ។ បារាំង អាល្លឺម៉ង់ ស៊ុយអែត និងន័រវ៉េស សុទ្ធសឹងមានអ្នកនយោបាយដែលត្រូវទីភ្នាក់ងារសន្តិសុខជាតិអាមេរិកតាមដានចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ដោយមានជំនួយពីចារកិច្ចយោធាដាណឺម៉ាក។
មេដឹកនាំបារាំង និងអាល្លឺម៉ង់ ចេញមុខរកខុសត្រូវទាក់ទងរបាយការណ៍នេះ ព្រោះជារឿងដែលនាំឱ្យមានការសង្ស័យក្នុងចំណោមសម្ពន្ធមិត្ត។ ក្រោយជំនួបតាមអនឡាញនៅថ្ងៃទី៣១ ខែឧសភា អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និយាយថា អាមេរិក និងដាណឺម៉ាក ត្រូវផ្ដល់ការបកស្រាយណាមួយលើរឿងនេះ។ លោក ម៉ាក្រុង និយាយថា ទង្វើនេះ ជារឿងមិនអាចទទួលយកបានឡើយ និងរឹតតែមិនអាចទទួលបានទៀតរវាងសម្ពន្ធមិត្ត និងដៃគូអឺរ៉ុប។
«គ្មានកន្លែងសម្រាប់ការសង្ស័យឡើយ។» លោក ម៉ាក្រុង សង្កត់ធ្ងន់បែបនេះ ក្នុងន័យថា រវាងសម្ពន្ធមិត្ត ការផ្ដល់តម្លៃឱ្យគ្នាជារឿងសំខាន់បំផុតក្នុងទំនាក់ទំនងអាមេរិក និងប្រទេសអឺរ៉ុប។ លោកបន្តថា នេះជាមូលហេតុនៃការរង់ចាំការពន្យល់ឱ្យពេញលេញ។
លោកស្រី មឺហ្គែល ដែលត្រូវគេលួចការណ៍ដែរនោះ បានគាំទ្រសម្ដីរបស់លោក ម៉ាក្រុង ។ លោកស្រីអះអាងថា លោកស្រីរាងធូរចិត្តចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិដាណឺម៉ាក Trine Bramsen ដែលថ្កោលទោសសកម្មភាពលួចយការណ៍ណាមួយ។ នៅថ្ងៃដដែលនោះ លោកស្រី Bramsen ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការលួចស្ដាប់សម្ពន្ធមិត្តជារឿងមិនអាចទទួលយកបានដាច់ខាត។
មិនមែនមានបារាំង និងអាល្លឺម៉ង់ឡើយ ន័រវ៉េស និងស៊ុយអែត ក៏ស្វែងរកការបញ្ជាក់ពីអាមេរិក និងដាណឺម៉ាកដែរ។ នាយករដ្ឋមន្រ្តីន័រវ៉េស Erna Solberg ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NRK ថា វាជារឿងមិនអាចទទួលយកបានឡើយ បើប្រទេសមានសម្ពន្ធភាពជិតស្និទ្ធ ត្រូវលួចយការណ៍ពីគ្នានោះ។ ចំណែករដ្ឋមន្រ្តីការពារជាតិស៊ុយអែត Peter Hultqvist លើកឡើងថា លោកបានទាក់ទងទៅសមភាគីដាណឺម៉ាកដើម្បីសួរនាំថា បណ្ដាញរបស់ដាណឺម៉ាក ត្រូវបានប្រើដើម្បីប្រមូលព័ត៌មានពីអ្នកនយោបាយស៊ុយអែតឬទេ៕
Tag:
បារាំង
អាល្លឺម៉ង់
អាមេរិក
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com