កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ចាកចេញពី Real Madrid ព្រោះដឹងថាក្លិបលែងមានជំនឿលើខ្លួន
01, Jun 2021 , 5:01 pm        
រូបភាព
លោក Zinedine Zidane សារភាពថាការលាឈប់ពីតំណែងអ្នកចាត់ការទូទៅ Real Madrid ក៏ព្រោះតែលោកដឹងច្បាស់ថា ក្លិបលែងមានជំនឿលើខ្លួនទៀតហើយ។ Zidane បន្ថែមថា តម្រូវការក្លិបគឺឈ្នះពាន បើធ្វើមិនបានជម្រើសល្អគឺចាកចេញ។


អ្នកចាត់ការទូទៅសញ្ជាតិបារាំង សម្រេចចិត្តលាលែងពីតំណែងដឹកនាំ Real Madrid ជាលើកទី២ ក្នុងអាជីពអ្នកចាត់ការ នៅថ្ងៃទី២៧ ខែឧសភា បន្ទាប់ពីមិនទទួលបានពានរង្វាន់អ្វីសោះនៅរដូវកាល ២០២០-២១នេះ។
 
Zidane ធ្លាប់គ្រប់គ្រងក្រុមរហស្សនាមអធិរាជស ចន្លោះឆ្នាំ ២០១៦ ដល់ ២០១៨ មុនចាកចេញពី Santiago Bernabéu ក្រោយជួយក្រុមឈ្នះ Champions League ៣រដូវកាលជាប់គ្នា។ ក្រោយចាកចេញបានរយៈពេល ១០ខែ បុរសវ័យ៤៨ឆ្នាំ បានត្រឡប់ទៅដឹកនាំសារជាថ្មី និងជួយក្រុមឈ្នះ La Liga នៅរដូវកាល ២០១៩-២០។
 
យ៉ាងណា ការចាកចេញជាលើកទី២នេះ Zidane ដែលធ្លាប់ជាកីឡាករឆ្នើមរបស់ Real ចន្លោះឆ្នាំ២០០១ ដល់២០០៦ បានសារភាពថា បើទោះជាខ្លួនដាក់គម្រោង និងយុទ្ធសាស្ត្រដើម្បីស្តារក្រុមជាថ្មីក្តី ក៏ប្រហែលជាមិនបានផលដែរ ព្រោះថ្នាក់ដឹកនាំលែងមានជំនឿចិត្តលើលោកទៅហើយ។
 
នៅក្នុងលិខិតចំហទៅកាន់អ្នកគាំទ្រ Real Madrid ដែលកាសែតអេស្ប៉ាញ AS បានចុះផ្សាយ អតីតប្រធានក្រុមជម្រើសជាតិបារាំងបានសរសេរថា៖ «ខ្ញុំចាកចេញ ពីព្រោះខ្ញុំបានដឹងថាក្លិបលែងមានជំនឿលើខ្ញុំ ដែលខ្ញុំត្រូវការ។ ខ្ញុំយល់ពីបាល់ទាត់ ហើយខ្ញុំដឹងពីតម្រូវការក្លិបដូចជា Real Madrid នេះ។ ខ្ញុំដឹងថា ពេលអ្នកណាម្នាក់មិនអាចជួយក្រុមឈ្នះពាន នោះអ្នកត្រូវតែចាកចេញ»៕
 

Tag:
 Zinedine Zidane
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com