COVID-19
ជាតិ
ក្នុងខែឧសភា កម្ពុជាអ្នកឆ្លងកូវីដ-១៩ ដល់ទៅប្រមាណ១៧០០០នាក់
01, Jun 2021 , 6:29 pm        
រូបភាព
ដោយ: រួបរួម
ពេញមួយខែឧសភាកន្លងមក កម្ពុជាតេស្តឃើញអ្នកវិជ្ជមានកូវីដ-១៩រហូតដល់ទៅប្រមាណ១៧០០០នាក់ឯណោះ ដែលក្នុងនោះអ្នកស្លាប់មានដល់ទៅជាង១២០នាក់ ប៉ុន្តែស្របពេលជាមួយគ្នានេះ ករណីសះស្បើយក៏មានជាង១៨០០០នាក់ផងដែរក្នុងចំណោមករណីឆ្លងសរុប។

 
របាយការណ៍ដែលប្រកាសចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា បង្ហាញថា ករណីឆ្លងប្រចាំថ្ងៃនៅកម្ពុជាមានជាង៣០០ករណី ដល់ទៅប្រមាណ៩០០ករណី ខណៈរាជធានីភ្នំពេញ មានចន្លោះពីជាង១០០ទៅជាង២០០ករណីជារៀងរាល់ថ្ងៃ។ តួលេខដែលឆ្លងខ្ពស់បំផុតប្រចាំខែឧសភា គឺនៅថ្ងៃទី៣ ដែលមានរហូតដល់ទៅ៩៣៨នាក់។ ប៉ុន្តែជាមួយគ្នានេះ ករណីសះស្បើយដែលគួរឲ្យសម្គាល់គឺនៅថ្ងៃទី១៦ និងទី១៨ ដែលមានរហូតដល់ទៅជាង១៣០០នាក់។
 
ក្រៅពីករណីឆ្លងក្នុងសហគមន៍ តួលេខវិជ្ជមានក្នុងចំណោមករណីនាំចូលពីរបរទេសក៏មានចំនួនច្រើនផងដែរ ជាពិសេសពលករមកពីប្រទេសថៃ។ កាលពីថ្ងៃទី៣០ខែឧសភា ករណីនាំចូលមានដល់ទៅ៥៥ករណីក្នុងចំណោម៦៩០ករណីប្រចាំថ្ងៃ។
 
រីឯចំនួនអ្នកស្លាប់ជាង១២០នាក់នាអំឡុងខែឧសភា វិញ ថ្ងៃទី២២ មានរហូតដល់ទៅ៩នាក់ ថ្ងៃទី២៥ និងថ្ងៃទី២៨ មាន៧នាក់។ រីឯ៦ថ្ងៃក្នុងចំណោម៣១ថ្ងៃ មានអ្នកស្លាប់ប្រចាំថ្ងៃចំនួន៦នាក់ផងដែរ។


 
តួលេខឆ្លងភាគច្រើនគឺស្ថិតនៅរាជធានីភ្នំពេញ ដែលមានចន្លោះពីជាង១០០ទៅជាង២០០នាក់ជារៀងរាល់ថ្ងៃ ប៉ុន្តែចាប់តាំងពីថ្ងៃទី២៨ ខែឧសភា មក រហូតដល់ថ្ងៃទី១ ខែមិថុនា នេះ សាលារាជធានីភ្នំពេញមិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនឡើយ។
 
ជាទូទៅនៅមុនថ្ងៃទី៣ ខែឧសភា ក្រសួងសុខាភិបាលបានចេញផ្សាយរបាយការណ៍ប្រចាំថ្ងៃទាក់ទងនឹងករណីឆ្លងកូវីដ-១៩ ដោយលំអិតព័ត៌មានដែលទទួលបានពីបណ្តារាជធានី-ខេត្ត ប៉ុន្តែក្រោយមក លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ បានប្រកាសថា លោកស្រីលែងទទួលបន្ទុកចេញរបាយការណ៍នេះទៀតហើយ ដោយប្រគល់ភារៈឲ្យលោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល។
 
ទម្រង់នៃរបាយការណ៍ប្រចាំថ្ងៃបានផ្លាស់ប្តូរ ដោយក្រសួងបញ្ជាក់តែចំនួនករណីឆ្លងប្រចាំថ្ងៃ (បញ្ជាក់ករណីនាំចូល) ករណីស្លាប់ ករណីសះស្បើយ ព្រមទាំងករណីសរុបប៉ុណ្ណោះ មិនមានរបាយការណ៍លំអិតពីតាមបណ្តារាជធានី-ខេត្តឡើយ។


 
ទាក់ទងនឹងករណី សារព័ត៌មានថ្មីៗ ក្នុងព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន តែងតែប្រមូលផ្តុំព័ត៌មានដែលទទួលបានពីរដ្ឋបាល-រាជធានីខេត្ត មកចុះផ្សាយជាបន្តបន្ទាប់។ ក្នុងចំណោមខេត្តទាំងនោះ មានតែខេត្តមួយចំនួនប៉ុណ្ណោះដែលផ្តល់ព័ត៌មានលំអិតពីករណីប្រចាំថ្ងៃ និងករណីសរុបកន្លងមកនៅមូលដ្ឋានរបស់ខ្លួន ខណៈខេត្តខ្លះផ្តល់តែតួលេខ និងអត្តសញ្ញាណអ្នកឆ្លងប្រចាំថ្ងៃ។
 
ខេត្តកណ្តាលដែលជាប់រាជធានីភ្នំពេញ ដែលមានករណីរាលដាលក្នុងសហគមន៍ច្រើននោះ ជាពិសេសចេញពីកាស៊ីណូនៅស្រុកកោះធំ មិនបានចេញរបាយការណ៍ប្រចាំថ្ងៃឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ករណីកូវីដ-១៩ បន្តរាលដាលខ្លាំងបន្ថែមទៀត តាំងពីរដ្ឋាភិបាលសម្រេចឲ្យធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ខេត្ត និងលើកលែងការបិទខ្ទប់ ខេត្តព្រះសីហនុ នៅតែស្ថិតក្នុងចំណោមតំបន់ហានីភ័យខ្ពស់ ហើយខេត្តផ្សេងទៀតដែលមានករណីច្រើនជាបន្តបន្ទាប់មានដូចជា បន្ទាយមានជ័យ តាកែវ ព្រៃវែង ស្វាយរៀង និងកំពង់ចាម។


 
របាយការណ៍នៅថ្ងៃទី១ ខែមិថុនា នេះ បង្ហាញថា កម្ពុជារកឃើញមនុស្ស ៦១៦នាក់ទៀត វិជ្ជមានកូវីដ-១៩ ខណៈ ៧៥៣នាក់បានជាសះស្បើយ។ ក្នុងចំណោមករណីទាំង៦១៦នាក់នោះមាន៣១នាក់ជាករណីនាំចូល ខណៈអ្នកស្លាប់មាន៦នាក់ទៀត។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣០៧១០នាក់ ក្នុងនោះករណីនាំចូលសរុបមាន ៩៣១នាក់។ អ្នកជាសះស្បើយ ២៣៣៨៩នាក់ ខណៈអ្នកស្លាប់ កើនដល់ ២២០នាក់៕




 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com