ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីកើនជាង៣០០ភាគរយ ដោយវៀតណាមជាទីផ្សារធំ នា៥ខែនេះ
01, Jun 2021 , 7:29 pm        
រូបភាព
រូបតំណាង៖ ប្រភពរូបពី KOSAL FARMS
រូបតំណាង៖ ប្រភពរូបពី KOSAL FARMS
ភ្នំពេញ៖ ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នារយៈពេល៥ខែដើមឆ្នាំ២០២១ មានជាង៨០ម៉ឺនតោន។ បរិមាណនៃការនាំចេញនេះ មានកំណើនរហូតដល់៣២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។ ប្រទេសវៀតណាមជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំលំដាប់ទីមួយ របស់កម្ពុជា ។ នេះបើយោងតាមទិន្នផលរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 
លោក វេង សាខុន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាយប់ថ្ងៃទី៣១ឧសភា ថា រយៈពេល៥ខែមកនេះ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា រហូតដល់៧៩៥,០០៤តោន ដែលស្មើនឹង៩៩ភាគរយ នៃការនាំចេញគ្រាប់ស្វាយចន្ទីសរុប របស់កម្ពុជា ដែលមាន ៨០១,៧៣២តោន។ 
 
ក្រៅពីបាននាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមហើយនោះ កម្ពុជា ក៏បាននាំចេញទៅចិន ក្នុងបរិមាណ ៣,៥៦៧តោន , ថៃមាន ៣,១០០តោន , ជប៉ុនជាង៣៣តោន , ឡាវ២តោន និងអារ៉ាប់ ជាងកន្លះតោន ផងដែរ។  
 
ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរតែ១០០ភាគរយ គឺនាំចេញជាប្រភេទគ្រាប់ស្រស់ ពិសេសនាំទៅប្រទេសវៀតណាម។ ពាក់ព័ន្ធនឹងការនាំចេញគ្រាប់ស្វាយចន្ទីខាងលើនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា សមាគមស្វាយចន្ទីវៀតណាម បានប្រមូលពីគ្រាប់ស្វាយចន្ទី ពីសមាគមស្វាយចន្ទីកម្ពុជា ក្នុងរង្វង់ជាង៧០ម៉ឺនតោន សម្រាប់យកទៅកែច្នៃហើយផ្គត់ផ្គង់ឱ្យទីផ្សារពិភពលោក ក្នុងរយៈពេល៥ខែនេះ។  
 
សម្រាប់ឆ្នាំ២០២១ គ្រាប់ស្វាយចន្ទីកម្ពុជា មានតម្លៃទីផ្សារល្អ និងមានតម្រូវការខ្ពស់។លោក អួន ស៊ីឡុត បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey តាមរយៈពេលទូរសព្ទនាព្រឹកថ្ងៃទី១ មិថុនាយ៉ាងដូច្នេះ៖ «គ្រាប់ស្វាយចន្ទីឆ្នាំនេះ មានតម្លៃជាមធ្យម ៤,០០០រៀល ក្នុងមួយគីឡូក្រាម បើធៀបគ្រាប់ស្វាយចន្ទី កាលពីឆ្នាំ២០២០ មានតម្លៃត្រឹម៣,៥០០រៀលក្នុងមួយគីឡូក្រាម។ ឆ្នាំនេះ វៀតណាមតាមរយៈសមាគមស្វាយចន្ទីវៀតណាម មានមហិច្ឆតាទិញគ្រាប់ស្វាយចន្ទីស្រស់ពីកម្ពុជា ក្នុងរង្វង់៨៤ម៉ឺនតោន»។ 
 
បើយោងទិន្នន័យគយរបស់ប្រទេសវៀតណាម នារយៈពេល៤ខែដើមឆ្នាំ២០២១ វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីសរុប ៨៣៦,៧១២តោន ក្នុងតម្លៃ១,៤ពាន់ដុល្លារ។ ដោយឡែក កាលពីខែមេសា ឆ្នាំ២០២១ វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា ជិត៤២០,០០០តោន ដែលមានតម្លៃ៧០០លានដុល្លារ ។ ឆ្នាំ២០២០កន្លងទៅ រៀតណាម ទទួលបានចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទី ក្នុងទំហំ៣,២០០លានដុល្លារ។ នេះបើចុះផ្សាយរបស់សារព័ត៌មានវៀតណាមVNA។ 
 
បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង៥០ម៉ឺនហិកតា ស្ថិតនៅក្នុងខេត្តចំនួន១០។ របាយការណ៍ពីខាងសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា កំពង់ធំ មានផ្ទៃដីដុះដុះស្វាយចន្ទីច្រើនជាងគេ ដែលមានរហូតដល់៩០,៩៥៩ហិកតា។  បន្ទាប់មកខេត្តប្រចេះ មានផ្ទៃដាំដុះស្វាយចន្ទី ចំនួន៤៧,៨៥៨ហិកតា,  ខេត្តរតនគិរីមាន៣០,៤៥៩ហិកតា ,កំពង់ចាមមាន២៤,៣៦៤ហិកតា ,សៀមរាបមាន២២,៣០៥ហិកតា  ,ព្រះវិហារមាន១៦,៩៧១ហិកតា ,ស្ទឹងត្រែង មាន១៦,១៦៤ហិកតា  ,ត្បូងឃ្មុំ មាន៨ ៣៣៤ហិកតា ,មណ្ឌលគិរី មាន៥,៦៧៦ហិកតា និងខេត្តកំពង់ឆ្នាំង មានផ្ទៃដាំដុះគ្រាប់ស្វាយចន្ទី ចំនួន២,១២៣ហិកតា៕ 
 
 

Tag:
 កសិកម្ម
  គ្រាប់ស្វាយចន្ទី
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com