អន្តរជាតិ
វៀតណាម ចង់ផលិតវ៉ាក់សាំងកូវីដ-១៩ ទុកផ្គត់ផ្គង់ឱ្យ COVAX
01, Jun 2021 , 7:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
វៀតណាម បង្ហាញបំណងចង់ទិញបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីប្រើប្រាស់ និងចែកចាយទៅប្រទេសនានាតាមយន្តការ COVAX ។ វៀតណាម ដែលកំពុងរងការវាយប្រហារដោយរលកឆ្លងថ្មី កំពុងព្យាយាមរកវ៉ាក់សាំងចាក់ឱ្យប្រជាជនរបស់ខ្លួន ស្របពេលវ៉ាក់សាំងបានពី COVAX មានតិចតួចធៀបនឹងប្រជាជនដ៏ច្រើនរបស់ខ្លួន។

 
ការព្យួរប្រកាសនីយបត្រតក្កកម្ម (Patent) សម្រាប់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានជជែកពិភាក្សាយ៉ាងផុលផុស ដើម្បីបង្កើនបរិមាណវ៉ាក់សាំងដែលជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ។ ឥណ្ឌា និងអាហ្វ្រិកស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដែលចង់ឱ្យមានការលើកកម្មសិទ្ធិបញ្ញាមួយនេះ ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយ ដោយក្រុមហ៊ុនឱសថនានាដែលជាម្ចាស់កម្មសិទ្ធិ ជំទាស់យ៉ាងខ្លាំង។
 
វៀតណាមឯណេះវិញ ក៏ចង់បានសិទ្ធិផលិតវ៉ាក់សាំងដើម្បីផ្គត់ផ្គង់ឱ្យយន្តការ COVAX ដែរ។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១ ខែមិថុនា ក្រសួងសុខាភិបាលវៀតណាមអះអាងថា វៀតណាម នឹងសាងសង់រោងចក្រ និងចង់បានសិទ្ធិផលិតវ៉ាក់សាំងដើម្បីអាចផ្គត់ផ្គង់ឱ្យ COVAX ។ ការប្រកាសនេះ ធ្វើឡើងក្រោយជំនួបជាមួយតំណាង COVAX នៅថ្ងៃទី៣១ ខែឧសភា។
 
យន្តការ COVAX កំពុងប្រឈមមុខការខ្វះខាតវ៉ាក់សាំងខ្លាំង ក្រោយឥណ្ឌាដែលជាប្រភពដ៏ធំផ្អាកការនាំចេញបណ្ដោះអាសន្ន ដោយទុកចាក់ឱ្យប្រជាជនរបស់ខ្លួនសិន។ វៀតណាម ដែលមានប្រជាជនជាង៩៨លាននាក់ ទទួលបានវ៉ាក់សាំង២,៦លានដូសពី COVAX ដែលជាចំនួនតិចតួចធៀបនឹងប្រជាជនដ៏ច្រើននោះ។
 
«វៀតណាមសង្ឃឹមថា យន្តការ COVAX នឹងបង្កើនល្បឿនចែកចាយវ៉ាក់សាំងឱ្យវៀតណាម។» រដ្ឋមន្រ្តីសុខាភិបាល Nguyen Thanh Long បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ដដែល មុនបន្តថា វៀតណាម ក៏រំពឹងសហគមន៍អន្តរជាតិជួយខ្លួនដើម្បីទទួលបានវ៉ាក់សាំងផងដែរ៕
 
 

Tag:
 វៀតណាម
  COVAX
© រក្សាសិទ្ធិដោយ thmeythmey.com