ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង ឲ្យអ្នករស់នៅផ្ទះបណ្ដែតទឹក រុះរើចេញជាបន្ទាន់ បើមិនចង់ប្រឈមមុខផ្លូវច្បាប់
02, Jun 2021 , 2:28 pm        
រូបភាព
ផ្ទះនិងបែចិញ្ចឹមត្រីលើទន្លេ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបដោយ ឡាយ សុភាវតី
ផ្ទះនិងបែចិញ្ចឹមត្រីលើទន្លេ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបដោយ ឡាយ សុភាវតី
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យអ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ រុះរើចេញជាបន្ទាន់ ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី២ មិថុនានេះទៅ។ ករណីនេះ បើនរណារឹងរូស អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមច្បាប់។


លោក ឃួង ស្រេង បានចេញសេចក្ដីជូនដំណឹងថា កន្លងមកអាជ្ញាធរសង្កេតឃើញជនឆ្លៀតឱកាសនិយមមួយចំនួន បានលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែត និងសំណង់មិនរៀបរយលើផ្ទៃទន្លេ។ ជាពិសេសកន្លែងខ្លះ ក៏ប្រែជាកន្លែងស្នាក់នៅខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ 
 
បើតាមលោក ឃួង ស្រេង បញ្ហាទាំងអស់នេះ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរណ៍ និងប្រព័ន្ធអេកូឡូហ្ស៉ីមានចរន្តទឹកហូរ គោករាក់ជាដើម។ ទន្ទឹមនឹងនេះ ការដាក់ចំណីត្រីនិងបញ្ចេញកាកសំណល់របស់មនុស្សពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹកយ៉ាងធ្ងន់ធ្ងរ ពិសេសគុណភាពទឹក បំពុលបរិស្ថាន ព្រមទាំងសុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។ 
 
«ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់ភាពអសកម្មខាងលើរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរាយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេលមួយសប្ដាហ៍ គិតចាប់ពីការបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ»។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង ដោយសង្កត់ធ្ងន់ថា ផុតរយៈពេលមួយសប្ដាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវរាល់ការខូតខាតណាមួយឡើយ។ ករណីមានអ្នករឹងរូស អាជ្ញាធរធរមូលដ្ឋាននិងមន្រី្តជំនាញនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ 
 
ជាមួយគ្នាដែរ អភិបាលរាជធានីភ្នំពេញបានស្នើឲ្យប្រជាពលរដ្ឋ ដែលមានទម្លាប់ចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេនៅភ្នំពេញ ទៅចិញ្ចឹមត្រីតាមស្រះវិញ៕ 
 

Tag:
 ផ្ទះបណ្ដែតទឹក
© រក្សាសិទ្ធិដោយ thmeythmey.com