អន្តរជាតិ
អាមេរិក អំពាវនាវរដ្ឋអាមេរិកកណ្ដាលជួយចាត់វិធានការលើជនអន្តោប្រវេសន៍ រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន ។ រូបថត AFP
×
ឈ្មោះ៖ ជា ពេជ្រដាឡែន
ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី១ ខែមិថុនា អំពាវនាវឱ្យមេដឹកនាំបណ្ដាប្រទេសនៅតំបន់អាមេរិកកណ្ដាល ជួយចាត់វិធានការបន្ថែមទៀតក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់។ អាមេរិកកណ្ដាល ជាផ្លូវឆ្លងកាត់ និងជាប្រភពជនអន្តោប្រវេសន៍ដ៏ធំមួយទៅកាន់ទឹកដីអាមេរិក។ លោក ប្លីងខិន ជំរុញឱ្យប្រទេសក្នុងតំបន់នេះពង្រឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅកូស្តារីកានៅថ្ងៃទី១ ខែមិថុនា រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន បញ្ជាក់ថា អំពើពុករលួយ ជាឫសគល់ដែលនាំឱ្យមានជនអន្តោប្រវេសន៍ខុសច្បាស់ក្នុងតំបន់ ហើយហូរហៀរដល់ទឹកដីអាមេរិក។ ប្រមុខការទូតអាមេរិករូបនេះ ស្នើឱ្យប្រទេសនៅអាមេរិកដោះស្រាយបញ្ហានេះឱ្យបាន។
«អាមេរិកចង់ដឹងពីការប្តេជ្ញាចិត្តរួបរួមគ្នារបស់បណ្ដាប្រទេសអាមេរិកកណ្ដាលលើឫសគល់ដែលនាំឱ្យមានចំណាកស្រុកខុសច្បាប់។» លោក ប្លីងខិន និយាយបែបនេះចំពោះមុខប្រធានាធិបតីកូស្តារីកា Carlos Alvarado មុនថា អភិបាលកិច្ចល្អមានសារសំខាន់ណាស់សម្រាប់ការប្រឈមមុខ និងការចាប់ យកឱកាសនាពេលបច្ចុប្បន្ននេះ។
ដោយមិនបញ្ជាក់ឱ្យច្បាស់ពីឫសគល់ ប្រមុខការទូតអាមេរិកអះអាងថា បញ្ហាទាំងនេះជំរុញឱ្យប្រជាជនបោះបង់ផ្ទះសម្បែង គ្រួសារ សហគមន៍ និងវប្បធម៌របស់ពួកគេជាដើម ដោយសារពួកគេគ្មានជម្រើស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ក្នុងសន្និសីទសារព័ត៌មានដដែល លោក ប្លីងខិន ក៏បានបង្ហាញក្ដីបារម្ភទាក់ទងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងតំបន់នេះផងដែរ។ លោកអះអាងថា ពេលដែលលោកមកដល់ គឺជាពេលដែល ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងតំបន់កំពុងរងផលប៉ះពាល់ជាច្រើនផ្នែកដូចជាឯករាជ្យភាពប្រព័ន្ធ តុលាការ ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអំពើពុករលួយ ផងដែរ។
សម្រាប់លោក ប្លីងខិន បញ្ហាទាំងអស់នេះធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងអាមេរិក និងអាមេរិកកណ្ដាល មានសារសំខាន់ជាងពេលណាៗទាំងអស់។
ប្រធានាធិបតីអាមេរិក ចូបៃឌិន បានរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងការកាត់បន្ថយលំហូរជនអន្តោប្រវេសន៍ នៅឯព្រំដែនជាមួយម៉ិកស៊ិក។ ជនអន្តោប្រវេសន៍នៅតាមព្រំដែនអាមេរិកភាគច្រើនទៅពីប្រទេស អាមេរិកកណ្តាលដែលមានអំពើហិង្សា និងជាប្រទេសក្រីក្រចំនួន៣គឺក្វាតេម៉ាឡា ហុងឌូរ៉ាស និងអែលសាល់វ៉ាឌ័រ៕
© រក្សាសិទ្ធិដោយ thmeythmey.com