ជាតិ
សុខភាព
EU និង WHO ប្រកាសរួមគ្នាពីការបន្តជួយពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា
02, Jun 2021 , 7:59 pm        
រូបភាព
ដោយ: រួបរួម
សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក បានប្រកាសពីការសហការគ្នាបន្តគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមនាថ្ងៃទី២ ខែមិថុនា។



លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) និងលោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) សុទ្ធតែបានអះអាងរៀងៗខ្លួនពីការរួមចំណែករបស់ស្ថាប័នទាំងពីរដើម្បីជួយកម្ពុជាក្នុងការត្រៀមបង្ការបញ្ហាគ្រោះអាសន្នសុខភាពសាធារណៈ ជាពិសេសការឆ្លើយតបចំពោះការរាតត្បាតកូវីដ-១៩។
 
EU កំពុងវិនិយោគក្នុងទឹកប្រាក់សរុបជាង ២,៨ លានអឺរ៉ូ (៣,៥លានដុល្លារអាមេរិក) សម្រាប់រយៈពេល ៣ឆ្នាំ ខាងមុខ ដើម្បីផ្តល់ការគាំទ្រតាមរយៈ WHO ដល់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការបង្ការ និងការឆ្លើយតបចំពោះវិបតិ្តជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។ មូលនិធិនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាពថ្នាក់តំបន់ពិសេសមួយរបស់ស្ថាប័នទាំងពីរ ដើម្បីគំាទ្រដល់ប្រទេសជាសមាជិកអាស៊ាន។
 
«សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ដូចជា ក្រុមការងារប្រចាំអឺរ៉ុបទាំងមូល បានប្តេជ្ញារួមគ្នាធ្វើការជាមួយកម្ពុជាដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីកសាងឡើងវិញឲ្យកាន់តែប្រសើរ និងធានាឲ្យបានថាគ្មាននរណាម្នាក់ត្រូវបានមើលរំលងនោះឡើយ»។ នេះជាការអះអាងរបស់លោកស្រី Carmen Moreno។
 
ឯកអគ្គរដ្ឋទូត EU ប្រចាំកម្ពុជា បានរំលឹកថា មកដល់ពេលនេះ ក្រុមអឺរ៉ុប បានផ្តល់ថវិកាចំនួន ២,២ ពាន់លានអឺរ៉ូ ដល់ប្រទេសចំនួន ៩២ ដែលមានប្រាក់ចំណូលទាបនិងមធ្យមរួមទាំង កម្ពុជាផងដែរ ដើម្បីទទួលបានវ៉ាក់សំាងការពារជំងឺកូវីដ-១៩តាមរយៈយន្តការកូវ៉ាក់។ 
ចំណែកឯតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា វិញ បានកត់សម្គាល់ពីប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួននារយៈពេលជាង១ទសវត្សកន្លងមកនេះ។ លោកស្រី Li Ailan រំពឹងថា៖ «ការផ្ដល់មូលនិធិពីសហភាពអឺរ៉ុប និងភាពជាដៃគូនេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយនឹងចូលរួមជួយកម្ពុជាក្នុងការត្រៀមបង្ការសម្រាប់បញ្ហាគ្រោះអាសន្នសុខភាពសាធារណៈបានប្រសើរជាងមុន»។ 
 
សម្រាប់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ភាពជាដៃគូរវាង EU និង WHO ban បង្ហាញពីសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការសម្រាប់ជួយប្រទេសមួយនៅក្នុងគ្រាលំបាក។ លោកអះអាងថា ក្រសួងសុខាភិបាល នឹងបន្តធ្វើការយ៉ាងជិតស្និតដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា។
 
អនុលោមតាមនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ ២០០៥ របស់អង្គការសុខភាពពិភពលោក ក៏ដូចជាផែនការត្រៀមបង្ការ និងឆ្លើយតបជាយុទ្ធសាស្រ្តសកល និងយោងតាមយុទ្ធសាស្រ្តអាស៊ីប៉ាស៊ីហ្វិកសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតឡើងថ្មីៗ (APSED III) ការវិនិយោគថ្មីនេះ មានគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាល និងដើម្បីគាំទ្រដល់ការត្រៀមបង្ការ និងការឆ្លើយតបចំពោះវិបតិ្តកូវីដ-១៩ នៅកម្ពុជា រួមទាំងអភិក្រមសម្រាប់ធ្វើការ និងជួយគាំទ្រក្រុមពលរដ្ឋដែលគេមិនអាចចូលទៅជួយកន្លងមក។ 
 
មូលនិធិនេះ នឹងត្រូវប្រើសម្រាប់ គៀងគរវិស័យផ្សេងៗ និងសហគមន៍ដើម្បីធានាឲ្យមានការចូលរួមក្នុងការបង្ការ ការតៀមបង្ការ និងការឆ្លើយតប ឆ្លើយតបទៅនឹងករណីម្តងម្កាល ករណីចង្កោម និងការឆ្លងសហគមន៍ ការទប់ស្កាត់ការឆ្លងវីរុស ហើយនិងកាត់បន្ថយករណីស្លាប់ដោយជំងឺកូវីដ-១៩។
 
កិច្ចសហប្រតិបិត្តការសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក គឺជាភាពជាដៃគូដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសចំនួ ៨ នៅក្នុងតំបន់ រួមមានកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម៕
 

Tag:
 EU
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com