កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអង់គ្លេស Southgate ដាក់គោលដៅឡើងឱ្យដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020
02, Jun 2021 , 10:29 pm        
រូបភាព
លោក Gareth Southgate ដាក់គោលដៅទាបបំផុតសម្រាប់ក្រុមអង់គ្លេសឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅព្រឹត្តិការណ៍ Euro 2020។ បើមិនដូចការគ្រោងទុក គ្រូអង់គ្លេសរូបនេះចាត់ទុកជាបរាជ័យ។



ក្រុមរហស្សនាមតោកំណាចអង់គ្លេស ក្រោមការដឹកនាំរបស់លោក Southgate ធ្លាប់បានឈានដល់វគ្គ៤ក្រុមចុងក្រោយពានរង្វាន់ពិភពលោក World Cup ឆ្នាំ ២០១៨។ ក្នុងការប្រកាសសមាសភាពកីឡាករទាំង២៦រូបចុងក្រោយដើម្បីឆ្ពោះទៅប្រជែងពានប្រចាំទ្វីបអឺរ៉ុប គ្រូសញ្ជាតិអង់គ្លេស ត្រូវបានអ្នកសារព័ត៌មានចុចសួរអំពីគោលដៅរបស់លោក។
 
នៅពេលសួរថាតើលទ្ធផលបែបណាដែលអង់គ្លេសអាចទទួលបានទាបបំផុតនៅ Euro 2020 លោក Southgate បានឆ្លើយភ្លាមថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺទាបបំផុតសម្រាប់អង់គ្លេស។
 
«យើងបានត្រៀមខ្លួនរួចជាស្រេច។ យើងដាក់គោលដៅទាបបំផុតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូច្នេះជំហានបន្ទាប់គឺត្រូវព្យាយាមថែមទៀត»។ នេះជាការលើកឡើងរបស់លោក Southgate មុនបន្ថែមថាបើមិនដូច្នោះទេនោះជាបរាជ័យសម្រាប់អង់គ្លេសហើយ។ 
 
អតីតគ្រូ Middlesbrough ហ៊ានអះអាងដូច្នេះ ដោយលោកមើលឃើញពីគុណភាពកីឡាកររបស់លោកដែលបានជ្រើសរើសរួចទាំង២៦រូប។
 
លោក Southgate នឹងត្រូវដឹកនាំអង់គ្លេសប្រកួតបើកឆាកទល់នឹងក្រូអាស៊ីនៅពូល D នាថ្ងៃទី១៣ ខែមិថុនា ខណៈព្រឹត្តិការណ៍ Euro 2020 នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី១២ ខែមិថុនា តទៅ៕
 

Tag:
 Euro 2020
  Gareth Southgate
© រក្សាសិទ្ធិដោយ thmeythmey.com