កីឡាជាតិ
ជាតិ
កម្ពុជា ជួបបារ៉ែន នៅយប់នេះ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដឹកនាំកីឡាករហ្វឹកហាត់នៅទឹកដីបារ៉ែន (រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
× ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាម៉ោង១១ ៖៣០នាទីយប់ថ្ងៃទី៣ មិថុនា នៅពហុកីឡដ្ឋានជាតិបារ៉ែន សម្រាប់វគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។
មុនការប្រកួតមកដល់ លោក RYU HIROSE គ្រូបង្គោលក្រុមជម្រើសជាតិ បាននិយាយថា បារ៉ែនជាក្រុមល្អទាក់ទងនឹងសមត្ថភាពរាងកាយ ប៉ុន្តែកម្ពុជា ក៏មិនស្ទាក់ស្ទើរក្នុងការប្រជែងជាមួយបារ៉ែនដែរ។ ថ្លែងក្នុងសន្និសីទកាសែត មុនពេលប្រកួតនោះ គ្រូបង្គោលសញ្ជាតិជប៉ុនរូបនេះ បាននិយាយដូច្នេះថា៖«វាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ដើម្បីទទួលបានលទ្ធផលល្អដែលយើងចង់បាននៅក្នុងពូលនេះ ប៉ុន្តែយើងមិនបោះបង់ឆន្ទៈ ដើម្បីប្រជែងនឹងក្រុមដទៃទេ»។
សម្រាប់ការប្រកួតវគ្គជម្រុះនេះ គ្រូបង្គោលជម្រើសជាតិកម្ពុជារូបនេះ បានជ្រើសរើសកីឡាករភាគច្រើនសុទ្ធតែវ័យក្មេង។ «យើងបានជ្រើសរើសកីឡាករថ្មី និងក្មេងមួយចំនួន សម្រាប់វគ្គជម្រុះនេះ ពីព្រោះគោលដៅផ្សេងទៀតរបស់យើង គឺSEA GAMES ។ យើងចង់ឱ្យពួកគេមានឱកាសលេង និងទទួលបទពិសោធន៍ដ៏មានតម្លៃ សម្រាប់ពួកគេ និងអនាគតនៃបាល់ទាត់កម្ពុជា។ យើងគិតថា ពួកគេមានសក្ដានុពល ក្នុងការប្រយុទ្ធបើប្រៀបធៀបជាមួយកីឡាករ ដែលមានបទពិសោធន៍ចំនួន។ ពួកគេមានទំនុកចិត្តខ្ពស់ ទោះបីជាពួកគេនៅក្មេងក៏ដោយ។ យើងជឿជាក់ថា ពួកគេនឹងបង្ហាញអ្នកគាំទ្រ នូវទម្រង់លេងគាប់ប្រសើរមួយ»។ នេះជាការលើកឡើងរបស់លោក RYU HIROSE។
កន្លងមកលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានអះអាងថា ការជ្រើសរើសកីឡាករក្មេងៗនេះ គឺជាការសាកល្បងលើសមត្ថភាពពួកគេ ដើម្បីឈានទៅដល់ការអភិវឌ្ឍកម្រិតលេងទៅថ្ងៃខាងមុខ។ អ្នកចាត់ការទូទៅជនជាតិជប៉ុនរូបនេះ ក៏ផ្ដាំទៅកីឡាករផ្សេងទៀត ដែលមិនជាប់ជម្រើសជាតិនោះ កុំទាន់អាក់អន់ចិត្តអី ប៉ុន្តែពួកគេត្រូវពង្រឹងសមត្ថភាពខ្លួនថែមទៀត សម្រាប់ឱកាសលើកក្រោយ។
ក្រោយជួបជាមួយបារ៉ែននេះ កម្ពុជា ក៏នឹងត្រូវតទល់ជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា មុននឹងបន្តជួបអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ។ ការប្រកួតនេះ គឺយកទឹកដីបារ៉ែន ជាទឹកដីកណ្ដាល។
សម្រាប់ការប្រកួតជើងទី១កន្លងមក កម្ពុជា (ម្ចាស់ផ្ទះ) បានប្រកួតចាញ់ បារ៉ែន ១ទល់០ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ ១ខែក្រោយមក កម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ដោយលទ្ធផល ១៤ទល់០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។ ក្រុមម្ចាស់ផ្ទះ កម្ពុជា បន្តប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ៤ទល់០ នៅថ្ងៃទី១៥ តុលា ២០១៩។
ក្រោយមកកម្ពុជា ក៏បានប្រកួតចាញ់ហុងកុង ២ទល់០ នៅជើងទី២ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ២០១៩ ក្រោយពីជួបគ្នានៅជើងទី១ ដោយលទ្ធផល ១ស្មើ កាលពីថ្ងៃទី៥ កញ្ញា ២០១៩។
ការប្រកួតវគ្គជម្រុះក្នុងពូលC នេះ អ៊ីរ៉ាក់ ឈរលេខ១ ដោយមាន១១ពិន្ទុ ក្រោយឈ្នះ៣ និងស្មើ២ ខណៈបារ៉ែនឈរលេខ២ ក្រោយឈ្នះ២ និងស្នើ៣ មាន៩ពិន្ទុ។ ដោយឡែកអ៊ីរ៉ង់ ដែលទើបប្រកួត៤លើកនោះ ស្ថិតនៅលេខ៣ មាន៦ពិន្ទុ ក្រោយឈ្នះ២ និងស្មើ២ ស្របពេលហុងកុង មាន៥ពិន្ទុ បន្ទាប់ពីឈ្នះ១ ស្មើ២ និងចាញ់២។ កម្ពុជា ស្ថិតនៅបាតតារាង ក្រោយប្រកួត៥លើក មានតែ១ពិន្ទុប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com