អន្តរជាតិ
អាមេរិក កំពុងពិនិត្យចំណាត់ការសមស្រប ដើម្បីឆ្លើយតបការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុនខ្លួន
03, Jun 2021 , 10:36 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបថត AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបថត AFP
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២ ខែមិថុនា បានបញ្ជាក់យ៉ាងច្បាស់ៗថា លោក កំពុងពិនិត្យមើលវិធានសងសឹកដ៏សមស្រប ដើម្បីឆ្លើយតបនឹងការវាយប្រហារតាមអ៊ីនធឺណិតនៅប៉ុន្មានថ្ងៃមុន លើក្រុមហ៊ុននៅអាមេរិក។ ក្នុងការវាយប្រហារតាមអ៊ីនធឺណិតនោះ សេតវិមានបានសង្ស័យថា មានប្រភពនៅរុស្ស៊ី។

  
 
ការវាយប្រហារតាមអ៊ីនធឺណិតប្រភេទជំរិតទារប្រាក់ (Ransomware) បានកើតឡើងលើក្រុមហ៊ុនវេចខ្ចប់សាច់ JBS ដែលបង្កឱ្យមានការបង្អាក់ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននៅចុងខែឧសភា កន្លងទៅ។ ការវាយប្រហារបែបនេះ ត្រូវបានសេតវិមាននៅថ្ងៃទី១ ខែឧសភា ដាក់ការសង្ស័យ លើប្រភពនៅរុស្ស៊ី។ អាមេរិក ក៏បានប្រាប់រុស្ស៊ីពីបញ្ហានេះដែរ ខណៈក្រុម FBI កំពុងតែបើកការស៊ើបអង្កេត។ 
 
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមិថុនា ប្រធានាធិបតីអាមេរិក ចូ បៃឌិន ត្រូវបានអ្នកសារព័ត៌មានម្នាក់ចោទសួរ តើថាអាមេរិកនឹងឆ្លើយតបបែបណាចំពោះរុស្ស៊ី បន្ទាប់មានការវាយប្រហារតាមអ៊ីនធឺណិត។ លោក បៃឌិន បានអះអាងយ៉ាងច្បាស់ៗថា៖ «យើងកំពុងពិនិត្យយ៉ាងម៉ត់ចត់លើបញ្ហាទាំងនោះ»។ 
 
ជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិក ក៏ត្រូវបានអ្នកសារព័ត៌មានចោទសួរបន្តទៀត ថាតើការវាយប្រហារតាមអ៊ីនធឺណិតខាងលើ គឺជាការសាកល្បងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ? បើតាមលោកបៃឌិន វាមិនមែនជាការសាកល្បងឡើយ។ 
 
មេដឹកនាំអាមេរិក នឹងលើកយកប្រធានបទការវាយប្រហារតាមអ៊ីនធឺណិត ទៅជជែកជាមួយមេដឹកនាំរុស្ស៊ី នាជំនួបនៅពាក់កណ្តាលខែមិថុនា និងជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7), សហភាពអឺរ៉ុប និងសម្ពន្ធយោធាណាតូ (NATO)។ 
 
«យើងសង្ឃឹមថា បញ្ហានេះ នឹងត្រូវលើកយកទៅពិភាក្សាតាមរយៈទស្សនកិច្ចរបស់លោកប្រធានាធិបតី»។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មានមួយ។ បើតាមលោកស្រី Psaki ក្រុមឧក្រិដ្ឋកម្ម ដែលមានបំណងធ្វើឱ្យប៉ះពាល់ ដល់រចនាសម្ព័ន្ធនៅអាមេរិក ជាទង្វើមិនអាចទទួលយកបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។ 
 
បន្ទាប់ពីមានសំណើពីអាមេរិក ភាគីរុស្ស៊ីបានលើកឡើងថា ខ្លួននឹងទទួលការស្នើសុំពីក្រុងវ៉ាស៊ីនតោន ក្នុងការជួយស៊ើបអង្កេតលើក្រុមវាយប្រហារតាមអ៊ីនធឺណិតមួយនោះ។ 
 
គួរបញ្ជាក់ថា ការវាយប្រហារបែបជំរិតទារប្រាក់បែបនេះ បានកើតឡើងម្តងរួចមកហើយនៅក្នុងខែមុន លើប្រព័ន្ធបង្ហូរប្រេង Colonial Pipeline ដែលបានធ្វើឱ្យអាមេរិក ផ្អាកដំណើរការប្រព័ន្ធនោះបណ្តោះអាសន្ន៕
 

Tag:
 អាមេរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com