កីឡាអន្តរជាតិ
អន្តរជាតិ
មិត្តភាពអន្តរជាតិ ៖ Benzema ស៊ុតប៉េណាល់ទីមិនចូល ប៉ុន្តែទម្រង់លេងល្អ
03, Jun 2021 , 11:47 am        
រូបភាព
Karim Benzema ស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូល ក្នុងការបង្ហាញខ្លួនឱ្យជម្រើសជាតិបារាំងលើកដំបូង។ យ៉ាងណារូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អ ដើម្បីជួយបារាំងយកឈ្នះវេលស៍ ៣-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ត្រៀម Euro 2020។


 
Benzema ខ្សែប្រយុទ្ធឆ្នើមក្រុម Real Madrid បានវិលត្រឡប់ចូលជួយក្រុមជម្រើសជាតិបារាំងវិញបន្ទាប់ពីអវត្តមានអស់ជិត៦ឆ្នាំ។ គ្រូបង្វឹកលោក Didier Deschamps ជឿជាក់លើសមត្ថភាពកីឡាករវ័យ៣២ឆ្នាំរូបនេះ ដោយចាប់ដៃគូជាមួយ Kylian Mbappe និង Antoine Griezmann ជាដើម។
 
ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំនៅរាត្រីថ្ងៃទី២ ខែមិថុនា Benzema ទទួលរ៉ាប់រងការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្រោយអាជ្ញាកណ្តាលឱ្យកាតក្រហមខ្សែការពារវេលស៍ Neco Williams ដែលយកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់។ Benzema ខកខានមិនអាចសម្រេចទីបានក្នុងការបង្ហាញខ្លួនលើកដំបូងនេះ។
 
បើទោះយ៉ាងនេះក្តី Benzema បានរួមចំណែកយ៉ាងសំខាន់ដើម្បីជួយមាន់គកបារាំងឈ្នះវែលស៍ក្នុងលទ្ធផល ៣-០ ដែលសម្រេចទីដោយ Mbappe, Griezmann និង Dembele។ នេះលទ្ធផលផ្លែផ្កាសម្រាប់ក្រុមលោក Deschamps ដើម្បីឆ្ពោះទៅប្រជែងពានរង្វាន់ Euro ២០២០ ដែលនឹងចាប់ផ្តើមការប្រកួតផ្លូវការនៅថ្ងៃទី១២ ខែមិថុនា។
 
បារាំង និងត្រូវជួបប៊ុលហ្គារីក្នុងជំនួបមិត្តភាពមួយប្រកួតទៀតនៅសប្តាហ៍ក្រោយ មុនពេលពួកគេត្រូវតតាំងជាមួយអាល្លឺម៉ង់ក្នុងការប្រកួតបើកឆាកពូល F នៅថ្ងៃទី១៦ ខែមិថុនា។ ដោយឡែកវេលស៍ ដែលបរាជ័យនៅជំនួបមិត្តភាពនេះ នឹងត្រូវប៉ះស្វីសសម្រាប់ការប្រកួតដំបូងក្នុងពូល A នៅថ្ងៃទី១២ ខែមិថុនា។

លទ្ធផលប្រកួតមិត្តភាពអន្តរជាតិគូផ្សេងៗ៖
 
- អង់គ្លេស ១-០ អូទ្រីស
- ហូឡង់ ២-២ ស្កុតឡែន
- អាល្លឺម៉ង់ ១-១ ដាណឺម៉ាក
- ន័រវែស ១-០ លុចសំបួ៕
 

Tag:
 Karim Benzema
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com