អន្តរជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកត្រូវអាក់ខាន ព្រោះបញ្ហាបច្ចេកទេស
03, Jun 2021 , 12:59 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក ដែលគ្រោងរៀបចំនៅចុងខែឧសភានោះ មិនបានដំណើរការតាមគម្រោងឡើយ ដោយសារបញ្ហាបច្ចេកទេសនៅខាងប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបញ្ជាក់បែបនេះនៅថ្ងៃទី២ ខែមិថុនា មុនបន្តថា ការរៀបចំជំនួបថ្មី កំពុងធ្វើឡើង។

 
នៅថ្ងៃទី២៥ ខែឧសភា ប្រមុខការទូតអាស៊ានទាំង១០ប្រទេស រៀបចំខ្លួនរួចស្រេចសម្រាប់ជំនួបលើកដំបូងជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន ។ ប៉ុន្តែលោក ប្លីងខិន មិនបានបង្ហាញមុខឡើយ ដោយសារមិនអាចភ្ជាប់ប្រព័ន្ធវីដេអូបាន ខណៈលោកកំពុងធ្វើដំណើរតាមយន្តហោះទៅកាន់មជ្ឈិមបូព៌ា។ ការអាក់ខាននេះ ត្រូវមើលឃើញថា ជាកាយវិការមិនសមស្របមួយរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោនចំពោះអាស៊ាន។
 
លោកស្រី វិនឌី ស៊ើមែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិកប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទតាមអនឡាញនៅថ្ងៃទី២ ខែមិថុនា ថា នៅខាងលោក ប្លីងខិន ការព្យាយាមភ្ជាប់ប្រព័ន្ធវីដេអូ ត្រូវបានធ្វើឡើងម្ដងហើយម្ដងទៀត។ រដ្ឋមន្រ្តីការបរទេសអាស៊ាន អង្គុយរង់ចាំអស់៤៥នាទី តែបញ្ហានៅតែមិនអាចដោះស្រាយបាន ហើយក៏សម្រេចចិត្តលើកពេលកិច្ចប្រជុំតែម្ដង។
 
មន្ត្រីការទូតអាមេរិកដដែល បន្តថា ការពិភាក្សាដើម្បីរៀបចំជំនួបថ្មី កំពុងស្ថិតក្នុងដំណាក់កាលចរចានៅឡើយ ហើយលោក ប្លីងខិន នៅតែរក្សាការប្ដេជ្ញាចិត្តដើម្បីជួបសមភាគីអាស៊ានដដែល។ ជាមួយការអាក់រអួលបែបនេះ លោកស្រី ស៊ើមែន បកស្រាយទៀតថា អាមេរិកនៅតែងាកមកអាស៊ី បើទោះជាជាប់ដៃដោះស្រាយបញ្ហានៅមជ្ឈិមបូព៌ាក៏ដោយ។ 
 
ការលើកឡើងរបស់លោកស្រី ស៊ើមែន ជាសេចក្ដីថ្លែងការណ៍លើកដំបូងរបស់អាមេរិកទាក់ទងការលុបចោលជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក។ បើតាមទស្សនាវដ្ដី Foreign Policy មុនគម្រោងជំនួបថ្ងៃទី២៥ ខែឧសភា ក៏មានសំណើមួយដែលចង់ឱ្យលោកស្រី ស៊ើមែន ដែលជាមន្ត្រីលំដាប់ទីពីរនៅក្រសួងការបរទេសអាមេរិក ចូលរួមជំនួសលោក ប្លីងខិន ដែរ ប៉ុន្តែជម្រើសនេះ ហាក់ទម្លាក់តម្លៃអាស៊ានដែលមានសុទ្ធតែរដ្ឋមន្រ្តី។
 
ឥណ្ឌូណេស៊ី ហាក់មិនសប្បាយចិត្តជាងគេនឹងទង្វើអាមេរិក។ លោកស្រី Retno Marsudi ត្រូវបានរាយការណ៍ថា មិនបានបើកកាមេរ៉ាវីដេអូឡើយនៅពេលរៀបចំនោះ៕
 
  
 
 

Tag:
 អាមេរិក
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com