កីឡាជាតិ
ជាតិ
ការប្រកួតរវាងកម្ពុជា និងបារ៉ែន ពុំអនុញ្ញាតឱ្យអ្នកគាំទ្រ ចូលទស្សនាផ្ទាល់ឡើយ
03, Jun 2021 , 2:38 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួតជាមួយបារ៉ែន (រូបពីហ្វេសប៊ុកសហព័ន្ធបាល់ទាត់កម្ពុជា)
ក្រុមជម្រើសជាតិកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួតជាមួយបារ៉ែន (រូបពីហ្វេសប៊ុកសហព័ន្ធបាល់ទាត់កម្ពុជា)
ភ្នំពេញ៖  ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាម៉ោង១១ ៖៣០នាទីយប់ថ្ងៃទី៣ មិថុនា នៅពហុកីឡដ្ឋានជាតិបារ៉ែន សម្រាប់វគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។ ការប្រកួតនេះ គឺស្ថិតនៅក្នុងរូបភាពស្ងប់ស្ងាត់ ដោយគ្មានអ្នកគាំទ្រចូលទស្សនាឡើយ។


ជំនួបរវាងកម្ពុជា និងបារ៉ែន គឺអនុវត្តតាមវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនឱ្យមានអ្នកគាំទ្រជួបជុំ និងទស្សនាផ្ទាល់ នៅក្នុងកីឡដ្ឋានឡើយ ក្រៅតែពីកីឡាករ និងមន្ត្រីក្រុមនីមួយៗ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ការប្រកួតរបស់យើងនៅយប់នេះ ពុំអនុញ្ញាតឱ្យមានអ្នកគាំទ្រនៅកីឡដ្ឋានឡើយ»។
 
ក្រោយជួបជាមួយបារ៉ែននេះ កម្ពុជា ក៏នឹងត្រូវតទល់ជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា មុននឹងបន្តជួបអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ។ ការប្រកួតនេះ គឺយកទឹកដីបារ៉ែន ជាទឹកដីកណ្ដាល។
 
សម្រាប់ការប្រកួតជើងទី១កន្លងមក កម្ពុជា (ម្ចាស់ផ្ទះ) បានប្រកួតចាញ់ បារ៉ែន ១ទល់០ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ ១ខែក្រោយមក កម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ដោយលទ្ធផល ១៤ទល់០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។ ក្រុមម្ចាស់ផ្ទះ កម្ពុជា បន្តប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ៤ទល់០ នៅថ្ងៃទី១៥ តុលា ២០១៩។ 
 
ក្រោយមកកម្ពុជា ក៏បានប្រកួតចាញ់ហុងកុង ២ទល់០ នៅជើងទី២ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ២០១៩ ក្រោយពីជួបគ្នានៅជើងទី១ ដោយលទ្ធផល ១ស្មើ កាលពីថ្ងៃទី៥ កញ្ញា ២០១៩។
 
ការប្រកួតវគ្គជម្រុះក្នុងពូលC នេះ អ៊ីរ៉ាក់ ឈរលេខ១ ដោយមាន១១ពិន្ទុ ក្រោយឈ្នះ៣ និងស្មើ២ ខណៈបារ៉ែនឈរលេខ២ ក្រោយឈ្នះ២ និងស្នើ៣ មាន៩ពិន្ទុ។ ដោយឡែកអ៊ីរ៉ង់ ដែលទើបប្រកួត៤លើកនោះ ស្ថិតនៅលេខ៣ មាន៦ពិន្ទុ ក្រោយឈ្នះ២ និងស្មើ២ ស្របពេលហុងកុង មាន៥ពិន្ទុ បន្ទាប់ពីឈ្នះ១ ស្មើ២ និងចាញ់២។ កម្ពុជា ស្ថិតនៅបាតតារាង ក្រោយប្រកួត៥លើក មានតែ១ពិន្ទុប៉ុណ្ណោះ៕

Tag:
 បាល់ទាត់
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com