អន្តរជាតិ
អាមេរិក ថា យោធាខ្លួនសម្លាប់ជនស៊ីវិល២៣នាក់ ក្នុងប្រតិបត្តិការនៅបរទេស
03, Jun 2021 , 6:29 pm        
រូបភាព
យោធាអាមេរិក មានវត្តមានក្នុងប្រទេសអាហ្វហ្កានីស្ថាន ក្នុងឆ្នាំ២០១៧។ រូបភាព៖ AP
យោធាអាមេរិក មានវត្តមានក្នុងប្រទេសអាហ្វហ្កានីស្ថាន ក្នុងឆ្នាំ២០១៧។ រូបភាព៖ AP
ក្រសួងការពារជាតិអាមេរិក នៅថ្ងៃទី២ ខែឧសភា បានចេញមុខ ទទួលខុសត្រូវលើប្រតិបត្តិការយោធានៅបរទេស ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ចំនួន ២៣នាក់ក្នុងឆ្នាំ២០២០ ។ ប៉ុន្តែអង្គការសង្គមស៊ីវិល អះអាងថា ប្រតិបត្តិការយោធាអាមេរិកនៅបរទេស បានធ្វើឱ្យជនស៊ីវិលស្លាប់ច្រើនជាង៥ដង នៃរបាយការណ៍ដែលបានបញ្ចេញ។

 
 
នៅក្នុងរបាយការណ៍របស់មន្ទីរបញ្ចកោណ អាមេរិកបានវាយតម្លៃថា ប្រតិបត្តិការយោធារបស់ខ្លួននៅបរទេសដូចជា អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន សូម៉ាលី យេម៉ែន និងនីហ្សេរីយ៉ាជាដើម បានធ្វើឱ្យប្រជាជនស៊ីវិលប្រមាណ ២៣នាក់ បានបាត់បង់ជីវិត និង ១០នាក់រងរបួស នៅក្នុងឆ្នាំ២០២០ កន្លងទៅ។ 
 
ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ មន្ទីរបញ្ចកោណអាមេរិក បកស្រាយថា មានជនស៊ីវិលចំនួន ២០នាក់ ស្លាប់នៅក្នុងទឹកដីអាហ្វហ្កានីស្ថាន, ១នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកដីសូម៉ាលី និង១នាក់ទៀតស្លាប់នៅអ៊ីរ៉ាក់។ យ៉ាងណាមិញ របាយការណ៍របស់អាមេរិកដដែលនេះ មិនបានបញ្ជាក់ទីតាំងអ្នកស្លាប់ទី ២៣ឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
របាយការណ៍ខាងលើ ក៏បានលើកឡើងពីការអនុម័តរបស់សភាអាមេរិកលើថវិកាចំនួន ៣លានដុល្លារ សម្រាប់សំណងដល់គ្រួសារជនគ្រោះផងដែរ ប៉ុន្តែសំណងទាំងនោះ មិនទាន់ត្រូវបានផ្តល់ឱ្យគ្រួសារជនរងគ្រោះឡើយ។ 
 
គួរបញ្ជាក់ថា ឯកសាររបស់មន្ទីរបញ្ចកោណខាងលើ គឺជារបាយការណ៍ប្រចាំឆ្នាំ ដែលត្រូវបានស្នើដោយសភាអាមេរិក ចាប់តាំងពីឆ្នាំ២០១៨ មក។ ប៉ុន្តែផ្នែកខ្លះនៃឯកសារខាងលើ នៅតែបន្តការសម្ងាត់ដដែល។ 
 
យ៉ាងណាមិញ តួលេខអ្នកស្លាប់ចំនួន ២៣នាក់ខាងលើ គឺខុសឆ្ងាយពីតួលេខ ដែលអង្គការសង្គមស៊ីវិបាលប្រមូលបាន។ អង្គការសង្គមស៊ីវិល Airwars បានអះអាងថា ជនស៊ីវិលចំនួន ១០២នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាអាមេរិកនៅបរទេសក្នុងឆ្នាំ២០២០។ វាមានចំនួនច្រើនជាង ៥ដងពីតួលេខដែលមន្ទីរបញ្ចកោណអាមេរិក បានបញ្ចេញ។ 
 
បើតាមអង្គការ Airwars ប្រជាជនស៊ីវិល ៨៩នាក់ស្លាប់ និង ៣១នាក់របួស នៅអាហ្វហ្កានីស្ថាន, ១នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកដីសូម៉ាលី។  ដោយឡែកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ឯណោះវិញ ប្រភពក្នុងស្រុក បានរាយការណ៍ អ្នកស្លាប់ចំនួន ៦នាក់ ក្នុងប្រតិបត្តិការយោធាអាមេរិកនៅទីនោះ។ 
 
ដោយទំហំអ្នកស្លាប់មានភាពខុសគ្នាច្រើនបែបនេះ លោកស្រី  Hina Shamsi នាយកគម្រោងសន្តិសុខជាតិ នៅសហភាពសេរីភាពស៊ីវិលអាមេរិក (ACLU) បានអះអាងថា វាពិតប្រាកដណាស់ ដែលការស៊ើបអង្កេតរបស់ក្រសួងការពារជាតិអាមេរិក និងការទទួលស្គាល់ហានិភ័យលើប្រជាជនស៊ីវិល គឺមិនទាន់គ្រប់គ្រាន់។ 
 
គួររំលឹកថា នៅក្នុងឆ្នាំ២០១៩ កន្លងទៅ ក្រសួងការពារជាតិអាមេរិក បានអះអាងថា ប្រតិបត្តិការយោធានៅបរទេស បានសម្លាប់ជនស៊ីវិលចំនួន ១៣០នាក់ ប៉ុន្តែកាលនោះ អង្គការសង្គមស៊ីវិលអះអាងថា ប្រជាជនស៊ីវិលចន្លោះពី ៤១៦នាក់ ទៅ ១០៣០នាក់ ត្រូវបានសម្លាប់៕ 
 

Tag:
 អាមេរិក
  ជនស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com