ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើចិត្ត និងគំនិត មួយណាមានឥទ្ធិពលជាងក្នុងការគ្រប់គ្រងអារម្មណ៍?
× ភ្នំពេញ៖ ការរស់នៅក្នុងសង្គមចាំបាច់ត្រូវតែមានការទំនាក់ទំនងគ្នា រាប់អានគ្នា ចងមិត្តិភាពជាមួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញ ការប្រទាក់ពាក្យសម្ដីជាមួយគ្នា ការឈ្លោះគ្នា ក៏តែងកើតមាន និងធ្វើឱ្យកើតមានកំហឹងទៅលើបុគ្គលដោយមិនបានព្រៀងទុក។ ចុះតើអ្នកគួរតែដោះស្រាយដោយវិធីណា?
នៅខណៈពេលដែលបុគ្គលម្នាក់មានកំហឹង ក្បាលរបស់បុគ្គលនោះ នឹងត្រូវបិទបាំងមិនឱ្យគិតអ្វីចេញទាំងអស់ គឺមានតែកំហឹងស្ទើរតែបែកធ្លាយជាហិង្សាជាមួយគូរបក្សដិបក្ស ដោយសារតែពាក្យសម្ដី កាយវិការ ទឹកមុខ និងប្រតិកម្មនានា។ ពេលខ្លះរូបភាពនោះអាចកើតមាននៅកន្លែងធ្វើការ នៅសាលា នៅក្នុងគ្រួសារ និងទីសារធារណៈផ្សេងៗ។ កំហឹងទាំងនេះអាចកើតមានរវាង ប្ដីជាមួយប្រពន្ធ កូនជាមួយឪពុកម្ដាយ បងជាមួយប្អូន ថៅកែជាមួយកូនចៅ មិត្តភក្តិជាមួយមិត្តភក្តិ និងបុគ្គលិកធ្វើការជាមួយគ្នាជាដើម។
គេពិតជាពិបាកក្នុងការសន្មត់ពីហេតុដែលនាំឱ្យមានការឈឺចាប់ ខឹងក្រោធ រំជើបរំជួល ឈានទៅដល់ស្អប់ចំពោះអ្នកដ៏ទៃ។ ប៉ុន្តែមូលហេតុធំបំផុតនៃបញ្ហានេះគឺបណ្ដាលមកពីការផ្ដេកផ្ដួលទៅលើអារម្មណ៍ខ្លាំងពេក ការប្រើប្រាស់បេះដូងខ្លាំងពេក ការយកចិត្តមកគ្រប់ដណ្ដប់លើខួរក្បាល លើគំនិតមិនឱ្យគិតអ្វីៗដែលជាដើមហេតុនៃបញ្ហា និងការចូលចិត្តយកភាសាបេះដូងមកប្រើច្រើនជាងការយកសមត្ថភាពនៃគំនិតមកពិចារណា។
ហេតុនេះ ពេលមានកំហឹង គំនិតដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាខឹងក្រោធ។ ព្រោះអត្ថិភាពនៃគំនិតពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សក្នុងការដោះស្រាយបញ្ហា។ ជាពិសេសតួនាទីពិចារណា នៅពេលទទួលរងនូវការប៉ះទង្គិចនិងបាតុភូតណាមួយ ដែលជះឥទ្ធិពលទៅដល់ចិត្ត និងខ្លួនប្រាណ។ ពាក្យមួយឃ្លាបានលើកឡើងថា « ធ្វើអ្វីត្រូវធ្វើតាមការគិត កុំធ្វើតាមចិត្ត! ។» ហេតុនេះ គ្រប់បុគ្គលទាំងអស់ត្រូចេះញែកតម្លៃនៃការប្រើប្រាស់គំនិត និងចិត្តឱ្យបានច្បាស់ពីតួនាទី និងអំណាចរបស់វាឱ្យបានដាច់ស្រលាស់ចេញពីគ្នា។ ព្រោះអ្នកត្រូវដឹងថា ការឈឺចាប់ ការខឹងក្រោធ វាមិនមែនកើតមានដោយសារតែការទទួលរងនូវប្រតិកម្មណាមួយពីខាងក្រៅបានទេជាពិសេសពាក្យសម្ដី។ ប្រការទាំងនោះអាចកើតមានបានលុះត្រាតែជននោះ មានភាពខ្សោយផ្នែកការគិតពិចារណា ដែលធ្វើឱ្យអំណាចនៃការគិតបែបអវិជ្ជមានមកគ្របសង្គតលើអារម្មណ៍របស់ខ្លួន។ ម្យ៉ាងវិញទៀតអ្នកត្រូវដឹងថា ចិត្តងាយនិងធ្វើឱ្យមនុស្សងាយនឹងធ្វើអំពើរប្រកបដោយកំហុស ព្រោះចិត្តមិនមានលទ្ធភាពបែងចែកល្អអាក្រក់ ត្រូវឬខុសបានទេ មានតែគំនិតទេដែលអាចបែងចែកបានដោយការគិតពិចារណា។
ទោះជាយ៉ាងណា ទាំងចិត្ត និងគំនិត ពីរនេះមិនអាចបាត់បង់មួយណាបានទេ វាត្រូវតែមានអន្តរទំនាក់ទំនងជាមួយគ្នាជានិច្ច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com