កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ Southgate មិនទាន់ប្រកាសអ្នកជំនួសថ្មី ក្រោយដក Arnold ចេញ
04, Jun 2021 , 10:30 am        
រូបភាព
ខ្សែការពារ Trent Alexander-Arnold ត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត Euro 2020 វិញ បន្ទាប់ពីរូបគេរងរបួសភ្លៅ។ គ្រូបង្វឹកលោក Gareth Southgate នៅមិនទាន់ប្រកាសរកអ្នកជំនួសខ្សែការពារ Liverpool នេះឡើយ ដោយរង់ចាំដល់ចប់ប្រកួតមិត្តភាពអន្តរជាតិរួចរាល់។


Arnold ទទួលរងរបួសក្នុងការប្រកួតមិត្តភាពអន្តរជាតិកំដៅសាច់ដុំ ក្នុងជំនួបដែលអង់គ្លេសឈ្នះអូទ្រីស ១-០ នៅយប់ថ្ងៃទី២ ខែមិថុនា។ ក្រោយការពិនិត្យបង្ហាញថា កីឡាករវ័យ ២២ ឆ្នាំរូបនេះ មានបញ្ហាភ្លៅធ្ងន់ធ្ងរ និងមិនអាចចួលរួមជាក្រុមលោក Southgate ក្នុងព្រឹត្តិការណ៍អឺរ៉ុបដែលនឹងចូលមកដល់នៅថ្ងៃទី១២ ខែមិថុនាបានឡើយ។
 
ខ្សែការពារស្តាំក្រុមហង្សក្រហមរូបនេះ ត្រូវបានគេជឿជាក់ថា នឹងត្រូវសម្រាករយៈពេល ៦ សប្តាហ៍ ទើបអាចត្រឡប់ចូលហ្វឹកហាត់ឡើងវិញបាន។
 
Arnold ស្ថិតក្នុងចំណោមខ្សែការពារស្តាំទាំង៤រូបរួមមាន Kieran Trippier (Atletico Madrid) Kyle Walker (Man City) និង Reece James (Chelsea) ដែលត្រូវបានលោក Southgate ប្រកាសឈ្មោះក្នុងសមាជិកក្រុមទាំង២៦រូបរបស់អង់គ្លេសកាលពីសប្តាហ៍មុន។ ដោយត្រូវដកចេញភ្លាមៗ គ្រូបង្វឹកសញ្ជាតិអង់គ្លេសនៅមិនទាន់បង្ហាញអ្នកដែលត្រូវជំនួសដូចគ្នា ដោយត្រូវរង់ចាំដល់ការប្រកួតមិត្តភាពអន្តរជាតិជាមួយរូម៉ានីនៅចុងសប្តាហ៍នេះបញ្ចប់សិន។
 
ការប្រកួតបើកឆាករបស់ក្រុមរហស្សនាមតោកំណាចអង់គ្លេសនៅ Euro 2020 នឹងត្រូវប៉ះក្រូអាស៊ីសម្រាប់ពូល D នៅឯកីឡដ្ឋាន Wembley នាថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ៨:០០ នាទីយប់ [ម៉ោងនៅកម្ពុជា]៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com