កីឡាជាតិ
ជាតិ
កម្ពុជា និង៩ក្រុមទៀត អស់ឱកាសប្រជែង World Cup ហើយ ប៉ុន្តែនៅសល់ Asian Cup
04, Jun 2021 , 6:59 pm        
រូបភាព
រូបថត FFC
រូបថត FFC
ដោយ: រួបរួម
បរាជ័យ ៨-០ ដោយសារម្ចាស់ផ្ទះប៉ារែន កាលពីយប់ថ្ងៃព្រហស្បតិ៍ មានន័យថា គ្មានឡើយកៅអីសម្រាប់កៅអីនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសហ្គាតា។ ក្នុងការប្រកួតជម្រុះពូល C ជុំទី២ ហុងកុងក៏អស់ឱកាសដូចគ្នា ក្រោយចាញ់អ៊ីរ៉ង់ ៣-១។ មកដល់ពេលនេះ ១០ក្រុមហើយ (ដោយមិនគិតពីកូរ៉េខាងជើងដែលបានដកខ្លួនក្នុងពូល H) បានធ្លាក់ចេញជាផ្លូវការពីការប្រជែងកៅអី World Cup។

 
ក្រៅពីកម្ពុជា និងហុងកុង នៅក្នុងពូល C ក្រុមផ្សេងទៀតដែលបានអស់ឱកាសទៅកាតា រួមមាន កោះហ្គាម (ពូល A), ឆាយនីសតៃប៉ិ (ពូល B), អាហ្វហ្គានីស្ថាន, ឥណ្ឌា, បង់ក្លាដែស (ពូល E), ម៉ុងហ្គោលី (ពូល F), ឥណ្ឌូណេស៊ី (ពូល G) និងស្រីលង្កា (ពូល H)។
 
ទាក់ទងនឹងពូល C បារ៉ែនកំពុងនាំមុខគេលើពូល ដោយមាន១២ពិន្ទុ ហើយប្រដេញតាមពីក្រោយដោយអ៊ីរ៉ាក់ (១១ពិន្ទុ) និងអ៊ីរ៉ង់ (៩ពិន្ទុ) ប៉ុន្តែបារ៉ែនប្រកួតបាន៦លើក រីឯអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ទើបប្រកួតបាន៥លើក។ ហុងកុង មាន៥ពិន្ទុ រីឯកម្ពុជាមាន១ពិន្ទុ ជាមួយនឹងការប្រកួត២លើកដែលនៅសេសសល់ដូចគ្នា។
 
អស់ World Cup ប៉ុន្តែនៅ Asian Cup
និយាយពីដំណើរទៅកាន់ FIFA World Cup 2022 នៅកាតា វាជាដំណើរដ៏វែងឆ្ងាយមួយ ហើយរហូតមលដល់ពេលនេះ មិនទាន់ដល់ដំណាក់កាលរកឃើញក្រុមដែលទទួលបានកៅអីនោះឡើយ។ សម្រាប់តំបន់អាស៊ី កៅអីទៅកាន់ពានរង្វាន់ពិភពលោកនេះ មាន៤,៥ ដែលមានន័យថា ក្រុម៤ដែលចេញពីវគ្គជម្រុះបច្ចុប្បន្ន ហើយ១ក្រុមទៀតប្រជែងជាមួយក្រុមពីទ្វីបដទៃ (អន្តរទ្វីប)។ កូតានេះ មិនរាប់បញ្ចូលម្ចាស់កាតានោះឡើយ។
 
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមដែលធ្លាក់ចេញ ជាពិសេសក្រុមបាតតារាងនៃពូលនីមួយៗនៅតែមានឱកាសប្រកួតប្រជែងក្នុងពានរង្វាន់ AFC Asian Cup 2023 នៅប្រទេសចិន។ បច្ចុប្បន្ន ជប៉ុនជាក្រុមដំបូងគេបំផុតដែលបានកៅអីនៅជុំចុងក្រោយ ក្នុងនាមជាក្រុមលេខមួយពូល F។
 
តាមរូបមន្ត ក្រុមលេខ១ និងក្រុមលេខ២ដែលមានពិន្ទុខ្ពស់៤ក្រុម ក្នុងពូលនីមួយ នឹងឈានដល់ជុំទីបីនៃវគ្គជម្រុះ World Cup និងជុំចុងក្រោយ Asian Cup។ ក្រុមលេខ២ (ពិន្ទុទាប៤ក្រុម) ក្រុមលេខ៣  និងក្រុមលេខ៤ (ពិន្ទុខ្ពស់៤ក្រុម) បានកៅអីវគ្គជម្រុះជុំទី៣ Asian Cup។
 
រីឯក្រុមលេខ៤ (ពិន្ទុទាប៤ក្រុម) និងក្រុមលេខ៥ ត្រូវលេងក្នុងវគ្គជម្រុះ Play-Off Asian Cup។ រូបមន្តនេះ មានន័យថា កម្ពុជាដែលបច្ចុប្បន្នស្ថិតនៅលេខ៥ពូល C នៅតែមានឱកាសបង្ហាញខ្លួនក្នុងវគ្គ Play-off ប្រចាំទ្វីប ខណៈឱកាសដណ្តើមយកចំណាត់ថ្នាក់ក្នុងចំណោមក្រុមលេខ៤ពិន្ទុខ្ពស់ ហាក់ដូចជាស្តួចស្តើង ដោយសារត្រូវប៉ះអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ជាបន្តបន្ទាប់។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី បានធ្លាក់ទៅកាន់វគ្គ Play-off មុនគេ ក្នុងនាមជាក្រុមលេខ៥ពូល G។
 
តាមពិតទៅ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ព្យាយាមបង្កើតឲ្យមានកម្មវិធីប្រកួតប្រជែងច្រើន ជាពិសេសសម្រាប់ក្រុមដែលមានលំដាប់ថ្នាក់ទាប ប៉ុន្តែដោយសារតែការវាយលុកកូវីដ-១៩ ពានរង្វាន់ AFC Solidarity Cup 2020 ត្រូវបានលុបចោល។ 
 
ពានរង្វាន់នេះ បង្កើតលើកដំបូងកាលពីឆ្នាំ២០១៦ ដោយណេប៉ាល់ក្លាយជាម្ចាស់ជើងឯក ខណៈម៉ាកាវលេខ២ ឡាវលេខ៣ និងព្រុយណេ លេខ៤។ វាជាព្រឹត្តិការណ៍លើកទឹកចិត្តការប្រកួតប្រជែងសម្រាប់ក្រុមដែលមានចំណាត់ថ្នាក់ទាប ពោលគឺសម្រាប់ក្រុមដែលធ្លាក់ជម្រុះពីវគ្គ Play-off និងក្រុមដែលធ្លាក់តាំងពីវគ្គបឋម រួមមានប៊ូតង់ ព្រុយណេ ទីម័រខាងកើត ឡាវ ប៉ាគីស្ថាន និងម៉ាកាវ ជាដើម៕
 
 
 

Tag:
 World Cup
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com