នៅកម្ពុជា អាកាសធាតុ ប្រែប្រួលកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្ដាលឲ្យមានទឹកជំនន់, ខ្យល់ព្យុះ, ភាពរាំងស្ងួត, និងកំណើនសីតុណ្ហភាព។ គ្រោះមហន្តរាយទាំងនេះ បានបំផ្លាញផ្ទះ និងកសិផលប្រជាជនជាច្រើន។ ក្រុមអង្គការ យល់ថា ថ្នាក់ក្រោមជាតិអាចធ្វើសកម្មភាពផ្ទាល់ និងមានប្រសិទ្ធភាពជាង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ក្រុមអង្គការ និងអ្នកជំនាញ ជឿជាក់ថា ការបង្កើនថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អាចទប់ទល់ និងដោះស្រាយបញ្ហាប្រឈមដោយសារបម្រែបម្រួលអាកាសធាតុ។
កន្លងមក អង្គការសហប្រជាជាតិ ធ្លាប់ព្យាករថា ទ្វីបអាស៊ីនឹងរងគ្រោះខ្លាំងទ្វេដងដោយសារបម្រែបម្រួលអាកាសធាតុរយៈពេល២០ឆ្នាំចុងក្រោយ។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ខ្លាំងពីបម្រែបម្រួលអាកាសធាតុ និងមានការត្រៀមខ្លួនតិចតួច។ នៅរដូវរស្សា ភ្លៀងធ្លាក់ខ្លាំងរហូតឈានដល់មានគ្រោះទឹកជំនន់ ជាពិសេសកាលពីឆ្នាំ២០២០។ គ្រោះទឹកជំនន់នេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងកសិផលជាច្រើនតោនរបស់កសិករ។
របាយការណ៍ស្ដីពីព័ត៌មានសម្រាប់ប្រជាពលរដ្ឋយល់ដឹងអំពីថវិកាឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុនៅឆ្នាំ២០១៥-២០១៩ របស់វេទិការអង្គការក្រៅរដ្ឋាភិបាល បានបង្ហាញថា រដ្ឋាភិបាលបានចំណាយថវិកាទ្វេដងដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឆ្នាំ២០១៥ រដ្ឋបានចំណាយថវិកាសម្រាប់កាត់បន្ថយបម្រែបម្រួលអាកាសធាតុជាង ១លានដុល្លារប៉ុណ្ណោះ។ រីឯ ឆ្នាំ២០១៩ រដ្ឋបានចំណាយថវិកាសម្រាប់កាត់បន្ថយបម្រែបម្រួលអាកាសធាតុជាង ៥៣៨ លានដុល្លារ ។ ថវិកាលើការប្រែប្រួលអាកាសធាតុទាំងនេះ បានផ្ដល់ទៅតាមក្រសួងនានាច្រើន ជាងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដោយឡែក រដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានថវិកាត្រឹម ២.១ភាគរយប៉ុណ្ណោះ នៃថវិកាសម្រាប់ទប់ស្កាត់បញ្ហាបម្រែបម្រួអាកាសធាតុ។ ចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ ថវិកាសម្រាប់ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ បានថយចុះ០.៧ ភាគរយ ដ្បិតថា ឆ្នាំ២០១៥ ថវិកានេះ មានចំនួន២.៨ភាគរយ។ ទាក់ទងនឹងការថយចុះនេះ ស្ថាប័នពាក់ព័ន្ធ និង NGO Forum ស្នើឱ្យបន្ថែមថវិកាដល់ថ្នាក់ក្រោមជាតិ ក្នុងការធ្វើសកម្មភាពឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ កាន់តែប្រសើរជាងមុន។
Julien UNDP
លោក Julien Chevillard ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ UNDP ប្រចាំកម្ពុជា បានលើកឡើងថា បម្រែបម្រួលអាកាសធាតុនៅកម្ពុជា កាន់តែធ្ងន់ធ្ងរជាងមុន ដែលតម្រូវឱ្យរដ្ឋាភិបាល និងអង្គការនានា យកចិត្តទុកដាក់បញ្ហាអាកាសធាតុខ្លាំងជាងមុន។ លោក Julien អះអាដូច្នេះថា៖ «ថវិកា ដែលអង្គការ និងរដ្ឋ បានឧបត្ថម្ភ ភាគច្រើន ផ្ដោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធច្រើន»។
លោកយល់ថា ការបន្ថែមថវិកាដល់ថ្នាក់ក្រោមជាតិ ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជារឿងចាំបាច់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយដោយសារគ្រោះធម្មជាតិ។ «តាមទស្សនៈខ្ញុំ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាអ្នកជួមុខក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដោយសារពួកគេ មានសកម្មភាពយ៉ាងសកម្ម។ ដូច្នេះ រដ្ឋាភិបាល គួរតែបន្ថែមថវិកាដល់ថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារទាក់ទឹងនឹងបរិស្ថាន»។
គ្រោះមហន្តអាកាសធាតុ បានបំផ្លាញកសិផលរបស់ពលរដ្ឋនៅតាមបណ្ដាខេត្តយ៉ាងច្រើន។ ដំណាំរបស់កសិករត្រូវបានខូចខាត ដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបណ្ដាលឲ្យប៉ះពាល់ដល់ការផលិតស្បៀងអាហាររបស់ប្រជាជន។ គ្រោះមហន្តរាយទាំងនេះ បានប៉ះពាល់ដល់សេដ្ឋកិច្ចជាតិខ្លាំង។
ទាក់ទងនឹងគ្រោះទឹកជំនន់ និងភាពរាំងស្ងួត អ្នកស្រី ឃួន សី តំណាងសមាគមបណ្ដាញកសិករក្នុងខេត្តពោធិ៍សាត់ ធ្លាប់ជួបផលលំបាកជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ។ អ្នកស្រី បានរំឭកថា ស្រូវ និងដំណាំផ្សេងៗរបស់កសិករក្នុងសមាគម បានរងផលប៉ះពាលខ្លាំង ដោយសារគ្រោះទឹកជំនន់។ រីឯ នៅរដូវប្រាំងវិញ សមាគមរបស់អ្នកស្រី ខ្វះទឹកដើម្បីស្រោចដំណាំ និងទឹកស្អាតសម្រាប់ប្រើប្រាស់។
«ដំណាំស្រូវរបស់ពលរដ្ឋ ត្រូវបានបំផ្លាញដោយសារទឹកជំនន់នារដូវវស្សា។ ប៉ុន្តែ នៅរដូវប្រាំង បែរជាខ្វះខាតទឹកប្រើប្រាស់ទៅវិញ។ ស្រ្តីមេផ្ទះខ្លះ ត្រូវទៅរកទឹកនៅតាមអណ្ដូងឆ្ងាយពីផ្ទះ ដើម្បីយកមកប្រើប្រាស់ក្នុងពេលរាំងស្ងួត»។ នេះជាការរៀបរាប់របស់អ្នកស្រី ឃួន សី។
បច្ចុប្បន្ន សមាគមរបស់អ្នកស្រី មានភាពប្រសើរឡើងវិញ ដោយសារមានគម្រោងជាច្រើន ដែលបានជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុនេះ។ គម្រោងទាំងនេះ ភាគច្រើនទទួលបានពីអង្កការក្រៅរដ្ឋាភិបាល។ តំណាងសមាគមរូបនេះ ស្នើឲ្យមានការបន្ថែមថវិកាដល់សហគមន៍ និងថ្នាក់ក្រោមជាតិ ដើម្បីអាចត្រៀមនឹងបម្រែបម្រួលអាកាសធាតុ។ អ្នកស្រី សី យល់ថា ពលរដ្ឋនៅតាមមូលដ្ឋាន គឺជាអ្នកប្រឈម និងរងប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុជាងគេ។
របាយការណ៍ពី NGO Forum
កន្លងមក ថវិកាគម្រោងមួយចំនួន ដែលសមាគមរបស់អ្នកស្រីទទួលបាន ជួយសមាគមអាចទប់ស្កាត់ផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុបានមួយកម្រិត ។ សមាគម បានរៀបចំកន្លែងបន្សុំាគ្រាប់ពូជដើម្បីអាចដាំបានក្នងរដូវប្រាំង។ ក្រោយមានថវិកាជំនួយពីអង្គការ និងស្ថាប័ននានាដល់សហគមន៍ កសិករ មានទឹកប្រើប្រាស់ច្រើនជាងមុន តាមរយៈការជីកអណ្ដូងសម្រាប់ប្រើប្រាស់ និងធ្វើកសិកម្មតាមបែបបច្ចេកទេស។
ដើម្បីចូលរួមទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាព លោកស្រី និន ណាវីរៈ មន្រ្តីសម្របសម្រួលកម្មវិធីជំនួយខ្នាតតូចរបស់កម្មវិធីអភិវឌ្ឍនសហប្រជាជាតិ ស្នើឱ្យស្ថាប័នពាក់ព័ន្ធ បន្ថែមគម្រោងទប់ទល់បម្រែបម្រួលអាកាសធាតុឲ្យបានច្រើនជាងមុន។ តាមរយៈការអនុវត្តគម្រោងកន្លងមក សហគមន៍អាចទប់ទល់នឹងបញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុបានមួយកម្រិត។
លោកស្រី និន ណាវីរៈ បានបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ កាន់តែបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឲ្យមានការគាំទ្រច្រើនជាងមុន ដើម្បីកសាងផែនការបន្សុំានៅមូលដ្ឋាន។ លោកស្រី បន្ថែមថា សហគមន៍ បានយល់ដឹងពីផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុជាងមុន តែពួកគេមិនអាចត្រៀមលក្ខណៈបានពេញលេញពីបច្ចេកទេសបន្សុំានឹងការប្រែប្រួលអាកាសធាតុ។
«ការបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន បានជោគជ័យ ដោយសារ សហគមន៍អាចគ្រប់គ្រងទឹក, បច្ចេកទេសដាំដំណាំប្រសើរជាងមុន, និងអាចត្រៀមបង្ការគ្រោះមហន្តរាយបានមួយកម្រិត។ ពួកគាត់អាចរក្សាទឹកទុកដើម្បីប្រើប្រាស់នារដូវប្រាំងបានច្រើន»។ នេះជាការលើកឡើងរបស់លោកស្រី ណាវីរៈ។
របាយការណ៍របស់ NGO Forum បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៨ គ្រោះទឹកជំនន់ បានបំផ្លាញ ផ្ទះប្រជាជនចំនួនជាង ៩០ម៉ឺនខ្នង។ ខ្យល់ព្យុះ បានបំផ្លាញផ្ទះជិត៥ម៉ឺនខ្នង និងគ្រោះរាំងស្ងួត បានប៉ះពាល់ដល់ផ្ទៃដីដាំដុះ ជិត៨លានហិកតា៕