COVID-19
ជាតិ
ជប៉ុន ផ្ដល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងទៀតដល់កម្ពុជា លោក ម៉ម ប៊ុនហេង និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាពិធីប្រគល់រថយន្តគិលានសង្រ្គោះ
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបន្តផ្ដល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជាសម្រាប់ប្រើប្រាស់វិស័យសុខាភិបាល ពិសេសប្រយុទ្ធនឹងជំងឺកូវីដ-១៩។ រថយន្តគិលានសង្រ្គោះទាំង ៣០គ្រឿងនេះ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។
កាលពីថ្ងៃទី៤ ខែមិថុនា កម្ពុជាបានទទួលរថយន្តគិលានសង្រ្គោះចំនួន ៣០គ្រឿងបន្ថែមទៀត ពីរដ្ឋាភិបាលជប៉ុននាឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះនេះមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោក មិកាមិម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ទាក់ទងនឹងផ្ដល់ជំនួយនេះស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកឡើងថា ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍និងសម្ភារចាំបាច់ផ្សេងៗទៀត។ ជាមួយគ្នានេះ ជប៉ុន សង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៧ខែឧសភាកន្លងទៅ រដ្ឋាភិបាលជប៉ុន បានផ្ដល់រថយន្តគិលានសង្រ្គោះចំនួន៣៥គ្រឿងដល់កម្ពុជាផងដែរ។ រថយន្តគិលានសង្រ្គោះទាំងនោះត្រូវបានក្រសួងសុខាភិបាលប្រើប្រាស់សម្រាប់ដឹកអ្នកជំងឺពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
គិតត្រឹមថ្ងៃទី៥ មិថុនាកម្ពុជាមានអ្នកឆ្លងសរុប ៣៣ ៦១៣ នាក់ ក្នុងនោះករណីនាំចូលសរុបមាន១០៥៣នាក់។ អ្នកជាសះស្បើយ ២៦ ០៧៨នាក់ ខណៈអ្នកស្លាប់ កើនដល់ ២៥២នាក់៕
រថយន្តគិលានសង្រ្គោះផ្ដល់ដោយរដ្ឋាភិបាលជប៉ុន រូបភាពពីស្ថានទូតជប៉ុនប្រចាំកម្ពុជា
Tag:
ជប៉ុន
រថយន្តគិលានសង្រ្គោះ
© រក្សាសិទ្ធិដោយ thmeythmey.com