COVID-19
ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋរអ៊ូរទាំតម្លៃសាច់ជ្រូកថ្លៃ តែអ្នកចិញ្ចឹមថាចំណេញតិចប៉ុណ្ណោះ
05, Jun 2021 , 3:59 pm        
រូបភាព
រូបតំណាង (ប្រភពរូប៖ ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម)
រូបតំណាង (ប្រភពរូប៖ ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម)
ដោយ:
អ្នកចិញ្ចឹមជ្រូក សប្បាយចិត្ត ក្រោយតម្លៃជ្រូកឡើងថ្លៃបន្តិចក្នុងអំឡុងបរិបទកូវីដ-១៩នេះ។ ប៉ុន្តែតម្លៃនេះ ត្រូវបានពលរដ្ឋយល់ថា ជាតម្លៃដែលខ្ពស់ និងស្នើឲ្យក្រសួងកសិកម្ម ជួយដោះស្រាយបញ្ហាថ្លៃសាច់ជ្រូកនៅលើទីផ្សារ។

 
បច្ចុប្បន្ន តម្លៃជ្រូករស់ ដែលចិញ្ចឹមក្នុងស្រុក មានតម្លៃ ១៣០០០រៀល ទៅ ១៣៥០០រៀល ក្នុងមួយគីឡូក្រាម។ តម្លៃជ្រូករស់ កាលពីមិនទាន់មានបញ្ហាកូវីដ-១៩ មានតម្លៃប្រហែល ៨០០០រៀលក្នុងមួយគីឡូក្រាម។ វិបត្តិកូវីដ-១៩ បានធ្វើឲ្យចំនួនជ្រូកចិញ្ចឹមក្នុងស្រុកកើនឡើង ហើយចំនួននៃការនាំចូលជ្រូកពីខាងក្រៅបានធ្លាក់ចុះ។ ការនាំជ្រូកចូលមកកម្ពុជា ត្រូវបានកាត់បន្ថយ បន្ទាប់ពីរដ្ឋាភិបាលមានវិធានការរឹតបន្តឹង ក្នុងអំឡុងវិបត្តិកូវីដ-១៩។
 
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហាញអារម្មណ៍សប្បាយចិត្ត ព្រោះវិស័យចិញ្ចឹមជ្រូកក្នុងស្រុកងើបឡើងវិញ។ បើតាមលោក ស៊្រុន ពៅ បច្ចុប្បន្នកម្ពុជា បាននាំចូលជ្រូកត្រឹម ១០០០ក្បាល ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ខណៈកាលពីមុនកម្ពុជា បាននាំចូលជ្រូកមួយថ្ងៃ ចំនួន ៤០០០ក្បាល ទៅ ៥០០០ក្បាល។
 
សព្វថ្ងៃសកម្មភាពនាំចូលជ្រូកខុសច្បាប់មកកម្ពុជា នៅតែមាន ពិសេសជ្រូកដែលមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលសមត្ថកិច្ចចាប់បាន និងដុតបំផ្លាញជាបន្តបន្ទាប់។ ការនាំចូលជ្រូកខុសច្បាប់ កត្តាថ្លៃដើមខ្ពស់ និងកត្តាជំងឺ ជាបញ្ហាដែលអ្នកចិញ្ចឹមជ្រូក ព្រួយបារម្ភ និងស្នើឲ្យរាជរដ្ឋាភិបាលជួយរកដំណោះស្រាយ។ លោក ស៊្រុន ពៅ បានរៀបរាប់ដូច្នេះ៖«យ៉ាងណាការនាំចូលជ្រូកខុសច្បាប់នៅតែមាន។ ខ្ញុំស្នើឲ្យក្រសួងពាក់ព័ន្ធបន្ថែមការរឹតត្បិត ចៀសវាងប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក និងសុខភាពសាធារណៈ»។
 
តម្លៃជ្រូករស់កើន ក្នុងបរិបទកូវីដ-១៩ ធ្វើឲ្យក្រុមអ្នកចិញ្ចឹមជ្រូក ក្នុងស្រុកបង្ហាញការសាទរ។ ផ្ទុយទៅវិញ ពលរដ្ឋបែរជារអ៊ូរទាំ ពីតម្លៃបន្លែ ត្រី សាច់ លើទីផ្សារឡើងថ្លៃ។ ជានិច្ចកាល អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះសារថា តម្លៃសាច់ជ្រូក ឡើងថ្លៃ ខណៈពលរដ្ឋមិនសូវមានចំណូល។ ពួកគេ បានស្នើឲ្យលោករដ្ឋមន្រ្តីកសិកម្ម ជួយដោះស្រាយរឿងតម្លៃជ្រូកក្នុងស្រុក ថ្លៃជាងជ្រូកនាំចូលពីខាងក្រៅ។
 
ក្នុងខំមិនមានការចោទសួរទៅលោករដ្ឋមន្រ្តីកសិកម្ម ដូច្នេះ៖«តម្លៃជ្រូករស់ក្នុងស្រុកឡើងថ្លៃខ្លាំងណាស់។ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង គឺតម្លៃជ្រូកគេទាបជាងខ្លាំង។ បើការចិញ្ចឹមក្នុងស្រុកគ្រប់គ្រាន់ គួរណាស់តម្លៃទាបជាងការនាំចូល»។
 
ឆ្លើយតបខំមិននេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញឲ្យមានការចិញ្ចឹមជ្រូកបន្ថែម ដើម្បីបំពេញតម្រូវការ ក្នុងស្រុកនាពេលបច្ចុប្បន្ន។ លោក វេង សាខុន ឆ្លើយយ៉ាងខ្លីបែបនេះ៖«លោកគួរជួយចិញ្ចឹមក្នុងស្រុកឲ្យបានច្រើន ហើយជួយលក់ឲ្យបានតម្លៃថោកជូនប្រជាជន»។
 
ជុំវិញបញ្ហានេះលោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន ការចិញ្ចឹមជ្រូកលក្ខណៈក្រុមហ៊ុន មានចំនួនច្រើនជាង ជ្រូករបស់កសិករ ហើយតម្លៃដែលសមាគមលក់លើទីផ្សារបច្ចុប្បន្ន អ្នកចញ្ចឹមបានចំណេញតិចតួចនៅឡើយ។ 
 
លោកបានពន្យល់បែបនេះ៖«សាច់ជ្រូកលើទីផ្សារថ្លៃ គឺមកពីឈ្មួញ។ សម្រាប់តម្លៃជ្រូករស់ ១៣០០០រៀល ក្នុងមួយគីឡូក្រាម ក៏មិនចំណេញច្រើនដែរ ព្រោះសព្វចំណីជ្រូកថ្លៃ។ តម្លៃជ្រូករស់ប៉ុណ្ណឹង វាមិនថ្លៃហួសនោះទេ ព្រោះសុវត្ថិភាព ជាងជ្រូកនាំចូល។ ឥឡូងកំពុងផ្ទុះជំងឺប៉េស្តជ្រូកផង បើទិញចំជ្រូកមានជំងឺ នឹងប៉ះពាល់ដល់សុខភាព»។
 
បច្ចុប្បន្ន សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានជ្រូកចំនួន ១២ម៉ឺនក្បាល។ ដោយឡែកនៅឆ្នាំ២០២០ សមាគមមានជ្រូកចំនួន ១០ម៉ឺនក្បាល។ សមាគមមានលទ្ធភាពផ្គត់ផ្គង់សាច់ជ្រូក ៧០០តោន ក្នុងមួយថ្ងៃ ខណៈកម្ពុជាមានតម្រូវការសាច់ជ្រូក ៨០០តោន ក្នុងមួយថ្ងៃ៕

Tag:
 ចិញ្ចឹមជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com