ជាតិ
សង្គមជាតិ
ទូតវៀតណាមបារម្ភពីពលរដ្ឋខ្លួនដែលអាជ្ញាធររាជធានីភ្នំពេញដាក់កំហិតឲ្យរើចេញពីទន្លេ
05, Jun 2021 , 4:59 pm        
រូបភាព
លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា(ពាក់ម៉ាស់ពណ៌ស) កំពុងអង្គុយក្នុងផ្ទះបណ្តែតទឹក​។ ប្រភពរូប៖ VOV.VN
លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា(ពាក់ម៉ាស់ពណ៌ស) កំពុងអង្គុយក្នុងផ្ទះបណ្តែតទឹក​។ ប្រភពរូប៖ VOV.VN
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក វូ ក្វាងមិញ(Vu Quang Minh) បានសម្តែងការមិនពេញចិត្តចំពោះ វិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់កំហិតឱ្យប្រជាជនវៀតណាម និងជនជាតិខ្មែរឥស្លាម ចាកចេញពីផ្ទៃទឹកនៅទីក្រុងភ្នំពេញឱ្យអស់ក្នុងពេល១សប្តាហ៍។ ឯកអគ្គរដ្ឋទូតវៀតណាមរូបនេះ បានលើកឡើងថា ការសម្រេចចិត្តភ្លាមៗរបស់អាជ្ញាធររាជធានីភ្នំពេញនេះ គឺធ្វើឱ្យស្ថានភាពរស់នៅរបស់ប្រជាជនដែលមានផ្ទះបណ្តែតទឹក មានការលំបាកយ៉ាងខ្លាំង។ ជាពិសេសនៅក្នុងបរិបទកូវីដ-១៩។

 
 
តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក វូ ក្វាងមិញ បានរៀបរាប់ថា ពលរដ្ឋដែលរស់នៅលើផ្ទៃទឹកតាមដងទន្លេនៅទីក្រុងភ្នំពេញ គឺជាគ្រួសារក្រីក្រដែលមានទាំងជនជាតិខ្មែរឥស្លាម ហើយមានប្រហែល១ពាន់គ្រួសារ ជាអ្នកមានដើមកំណើតវៀតណាម។ លោក បានអះអាងបន្ថែម នៅលើគណនីហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី៤មិថុនា ដូច្នេះ៖« ប្រជាជនទាំងនោះបានរស់នៅទីនេះ អស់ជាច្រើនជំនាន់ជាង៤០ឆ្នាំមកហើយ និងមានបណ្ណស្នាក់នៅស្របច្បាប់ផងដែរ»។ 
 


លោកបានលើកឡើងបែបនេះ បន្ទាប់ពីបានជិះកាណូតទៅពិនិត្យស្ថានភាពជាក់ស្តែងជាមួយ លោក ស៊ីម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា នៅតំបន់ដែលតម្រូវឲ្យរុះរើចេញ។ បើតាមលោកឯកអគ្គរដ្ឋទូតវៀតណាមរូបនេះ ការដាក់កំហិតត្រឹម៧ថ្ងៃ ឱ្យប្រជាជនទាំងនោះចាកចេញពីផ្ទៃទឹក  គឺពេលវេលាមួយដ៏លឿនពេក ដែលមិនអាចអនុវត្តទៅរួចឡើយ។ ព្រោះគ្រួសារភាគច្រើន គឺក្រីក្រខ្លាំងណាស់ មានតែផ្ទះតូចៗអណ្តែតទឹក និងទូកមួយគ្រឿង ដែលបានមកពីការខ្ចីប្រាក់ដើម្បីចិញ្ចឹមត្រី និងការធ្វើនេសាទជាលក្ខណៈគ្រួសារ។
 
សូមជម្រាបថា កាលពីថ្ងៃទី២មិថុនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងដល់អ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ ឱ្យរុះរើចេញជាបន្ទាន់ត្រឹមថ្ងៃទី៩មិថុនា ឆ្នាំ២០២១។ លោក បានបញ្ជាក់ថា ក្នុងករណីបើនរណារឹងរូស មិនព្រមរុះរើផ្ទះបណ្ដែតទឹក, ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក និងបែចិញ្ចឹមត្រី អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមច្បាប់៕
 

Tag:
 ផ្ទះបណ្តែតទឹក
  ទូតវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com