កីឡាអន្តរជាតិ
អន្តរជាតិ
ចំណោម២៤ក្រុមដែលត្រូវប្រជែង Euro 2020 មានតែ៩ក្រុមប៉ុណ្ណោះធ្លាប់លើកពាន
05, Jun 2021 , 7:59 pm        
រូបភាព
ចំណោមក្រុមកីឡាបាល់ទាត់ជម្រើសជាតិ តំណាងប្រទេសទាំង២៤ ដែលបានកៅអីទៅប្រជែង Euro 2020 មានតែ៩ក្រុមប៉ុណ្ណោះ ធ្លាប់ឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបនេះ។ អាល្លឺម៉ង់ និងអេស្ប៉ាញឈ្នះច្រើនជាងគេ ចំនួន៣លើកដូចគ្នា ឯរុស្ស៊ីគ្រងជើងឯកមុនគេ។


 
ការប្រកួតពានរង្វាន់អឺរ៉ុប Euro ឆ្នាំ២០២០ ដែលព័រទុយហ្កាល់ជាម្ចាស់ការពារជើងឯក នឹងចាប់ផ្តើមប្រកួតជែងចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ ក្រុមចូលរួមទាំងអស់មាន២៤ ដោយចែកចេញជា៦ពូលពី A ដល់ F ដែលក្នុង១ពូលមាន៤ក្រុម។
 
ក្រុមទាំង២៤ រួមមាន អ៊ីតាលី ស្វីស វែលស៍ តួកគី ប៊ែលហ្ស៊ិក ដាណឺម៉ាក រុស្ស៊ី ហ្វាំងឡង់ ហូឡង់ អ៊ុយក្រែន អូទ្រីស ម៉ាសេដ្វាន អង់គ្លេស ក្រូអាស៊ី ឆែក ស្កុតឡែន អេស្ប៉ាញ ប៉ូឡូញ ស៊ុយអែត ស្លូវ៉ានី អាល្លឺម៉ង់ បារាំង ព័រទុយហ្កាល់ និងហុងគ្រី។
 
 ចំណោមក្រុមទាំង២៤ មានតែ៩ក្រុមប៉ុណ្ណោះធ្លាប់គ្រងជើងឯកអឺរ៉ុបនេះដែលរួមមាន អាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច), អេស្ប៉ាញ, បារាំង, រុស្ស៊ី (សូវៀត), អ៊ីតាលី, ឆែក (ឆេកូស្លូវ៉ាគី), ព័រទុយហ្កាល់, ដាណឺម៉ាក និង ហូឡង់។ 
រុស្ស៊ី (សហភាពសូវៀត) ធ្លាប់ឈ្នះ១លើក និងមុនគេគិតចាប់តាំងពីបង្កើតពានរង្វាន់អឺរ៉ុបនេះឡើងនៅឆ្នាំ ១៩៦០។ អេស្ប៉ាញគ្រងជើងឯកនៅព្រឹត្តិការណ៍ទីពីរនៅឆ្នាំ១៩៦៤ និងឈ្នះពីរលើកជាប់គ្នាជាបន្តបន្ទាប់នៅឆ្នាំ២០០៨ និង២០១២។
 
អាល្លឺម៉ង់ គ្រងជើងឯក៣លើក ពោលគឺឈ្នះក្នុងនាមជាអាល្លឺម៉ង់ខាងលិច ពីរលើក (១៩៧២, ១៩៨០) និងអាល្លឺម៉ង់១លើកនៅឆ្នាំ១៩៩៦។ បារាំង ឈ្នះពីរលើក ក្នុងឆ្នាំ១៩៨៤ និង ២០០០។ 
អ៊ីតាលីស្គាល់រសជាតិពានអឺរ៉ុបម្តងនៅឆ្នាំ១៩៦៨ មុនឆែក (ឆេកូស្លូវ៉ាគី) ដែលឈ្នះនៅឆ្នាំ១៩៧៦។ ហូឡង់ទទួលបាននៅឆ្នាំ១៩៨៨ ឯដាណឺម៉ាក ឆ្នាំ១៩៩២ និងព័រទុយហ្កាល់ឈ្នះនៅឆ្នាំ២០១៦។ ក្រិក ដែលគ្មានកៅអីសម្រាប់ការប្រកួតឆ្នាំ២០២០ នេះ ក៏ធ្លាប់ឈ្នះ១លើកដែរនៅឆ្នាំ២០០៤។
 
ពូល A៖ មានអ៊ីតាលី ស្វ៊ីស វែលស៍ និងតួកគី
ពូល B៖ ប៊ែលហ្ស៊ិក ដាណឺម៉ាក រុស្ស៊ី ហ្វាំងឡង់
ពូល C៖ ហូឡង់ អ៊ុយក្រែន អូទ្រីស ម៉ាសេដ្វាន
ពូល D៖ អង់គ្លេស ក្រូអាស៊ី ឆែក ស្កុតឡែន
ពូល E៖ អេស្ប៉ាញ ប៉ូឡូញ ស៊ុយអែត ស្លូវ៉ានី
ពូល F៖ អាល្លឺម៉ង់ បារាំង ព័រទុយហ្កាល់ និងហុងគ្រី៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com