ជាតិ
លោក វេង សាខុន៖ ជាង៦ឆ្នាំមកនេះ កម្មវិធី«អាស្ប៉ាយ»រួមចំណែកបង្កើនជីវភាពកសិករ
05, Jun 2021 , 8:29 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
ដោយ:
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថាកម្មវិធី អាស្ប៉ាយរួមចំណែកបង្កើតគំរូកសិកម្ម និងបង្កើនជីវភាពកសិករ នៅក្នុងរយៈពេលប្រមាណ៦ឆ្នាំមកនេះ។ សម្រាប់លោក រដ្ឋមន្ត្រី គឺជាកិច្ចការដ៏សំខាន់មួយ ដែលរដ្ឋាភិបាលកម្ពុជា ក៏ដូជាក្រសួងកសិកម្ម បានខ្នះខ្នែងអនុវត្ត ក្នុងគោលដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់របស់កសិករនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើតគំរូកសិកម្ម គាំទ្រដល់កសិករខ្នាតតូច។ ការលើកឡើងដូច្នេះ គឺដើម្បីឆ្លើយតបនឹងសំណួរ ក៏របស់សាធារណជន ដែលតែងចោទសួរនៅលើហ្វេសប៊ុកផ្ទាល់របស់លោក ថាតើក្រសួងកសិកម្ម បានជួយអ្វីខ្លះដល់កសិករកម្ពុជា។

 
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសរសើរកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា អាស្ប៉ាយ- ASPIRE ថាបានចូលរួមយ៉ាងខ្លាំងក្លា នៅក្នុងការចូលរួមលើកកម្ពស់ជីវភាពរបស់កសិករ នៅក្នុងរយៈពេល ៦ឆ្នាំមកនេះ។ ការអួតសរសើរកម្មវិធី «អាស្ប៉ាយ»របស់លោក វេង សាខុន នៅពេលនេះ ក៏ជាបកស្រាយតបនឹងសំណួរ ក៏ដូចជាយោបល់របស់សាធារណជន ដែលតែងចោទសួរនៅលើហ្វេសប៊ុកផ្ទាល់របស់លោក ថាតើក្រសួងកសិកម្ម បានជួយជ្រោមជ្រែងអ្វីខ្លះដល់កសិករកម្ពុជា។
 
តាមសំណេរដ៏វែងអន្លាយ នៅហ្វេសប៊ុកលោក វេង សាខុន អមដោយរូបថត និងឯកសារពាក់ព័ន្ធ២០សន្លឹក កាលពីថ្ងៃទី ២ឧសភាកន្លងទៅ «អាស្ប៉ាយ» គឺជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គជអប-NCDD)។ ថវិកាសម្រាប់អនុវត្តគម្រោងនេះ ភាគច្រើនជាជំនួយ និងកម្ចីរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងពីប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។
 
បើតាមលោក វេង សាខុន «អាស្ប៉ាយ»នេះមានរយៈពេលសរុប ៧ឆ្នាំ ដោយចាប់ផ្តើមតាំងពីឆ្នាំ ២០១៥មក ហើយមកទល់បច្ចុប្បន្ន កម្មវិធីនេះ អនុវត្តបានជាង៦ឆ្នាំហើយ។ គោលបំណងនៃកម្មវិធី គឺដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់របស់កសិករដែលមានទំហំផលិតកម្មតូច នឹងការប្រែប្រួលអាកាសធាតុ។ ASPIRE ក៏មានគោលដៅបង្កើតឱ្យមានគំរូសេវាកម្មកសិកម្មដែលមានប្រសិទ្ធភាព សម្រាប់គាំទ្រកសិករដែលមានទំហំផលិតកម្មតូចឱ្យទទួលបានប្រាក់ចំណេញល្អប្រសើរ ហើយគំរូសេវាកម្មកសិកម្ម ត្រូវបានយកទៅពិចារណា ក្នុងការរៀបចំធ្វើគោលនយោបាយ។
 
ផ្តើមចេញពីការអនុវត្ត នៅក្នុងខេត្តគោលដៅចំនួន ៦ មានខេត្តកំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង,ក្រចេះ,ស្ទឹងត្រែង និងព្រះវិហារ កម្មវិធី«អាស្ប៉ាយ» បានពង្រីកវិសាលភាពនៅក្នុងខេត្តទាំង២៤ របស់កម្ពុជា នៅត្រឹមឆ្នាំ២០២០។ «ដោយទទួលបានការវាយតម្លៃថា ជាកម្មវិធីដ៏ល្អ ដែលបានរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិ និងបង្កើនជីវភាពប្រជាកសិករ កម្មវិធីនេះ ត្រូវបានពង្រីកទៅអនុវត្តនៅក្នុងខេត្តផ្សេងទៀត ជាបន្តបន្ទាប់។ ចាប់ពីឆ្នាំ២០២០ កម្មវិធីនេះ ត្រូវបានអនុវត្តនៅក្នុងខេត្តទាំង២៤ នៃព្រះរាជាណាចក្រកម្ពុជា»។ លោក វេង សាខុន បញ្ជាក់ដូច្នេះ។
 
រយៈពេលជាង៦ឆ្នាំមកកម្មវិធីនេះ បានរៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផល ជាបណ្តុំអាជីវកម្មបានចំនួន ២ ២១៥ បណ្តុំ ដែលមានកសិករជាសមាជិក ចំនួន ៧២ ៦៤២ គ្រួសារ។ អាស្ប៉ាយ ក៏បានគាំទ្រទាំងបច្ចេកទេស និងសម្ភារ ដើម្បីធ្វើឲ្យបណ្តុំទាំងនោះ មានដំណើរការល្អ និងអាចផលិតកសិផល ដែលស្របនឹងតម្រូវការទីផ្សារ។
 
សមិទ្ធផលសំខាន់ជាច្រើនទៀត ដែល«អាស្ប៉ាយ» សម្រេចបាននៅក្នុងរយៈពេលជាង៦ឆ្នាំមកនេះ ក៏មានដែរការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០១៩-២០២៣។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្ត ឆ្នាំ២០១៩-២០២៣។ ផែនការមេនៃវិស័យកសិកម្ម ឆ្នាំ២០២១-២០៣០។ គោលនយោបាយផ្សព្វផ្សាយកសិកម្ម ការបង្កើតតំបន់ពិសេសសម្រាប់កែច្នៃផលិតផលកសិកម្ម កម្មវិធី និងបរិក្ខារសិក្សាបែបអេឡិចត្រូនិក។ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ កសិ-ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៩ -២០៣០។ សេចក្តីព្រាងផែនការយុទ្ធសាស្រ្តជំរុញចលនាភូមិ១ ផលិតផល១ និងការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយកម្មវិធីសិក្សាសម្រាប់ភ្នាក់ងារផ្សព្វផ្សាយឃុំជាដើម។
 
តាមការសន្និដ្ឋានរបស់ក្រសួងកសិកម្ម លទ្ធផលកន្លងមក បានធ្វើឲ្យសេដ្ឋកិច្ចកសិករដែលមានទំហំផលិតផលតូច នៅទូទាំងប្រទេស កើនជាមធ្យម ២៥ភាគរយ និងតម្លៃនៃផលិតកម្ម កើនជាមធ្យម ១៦ភាគរយ៕

Tag:
 អាស្ប៉ាយ
  សេដ្ឋកិច្ច
 វេង សាខុន
 កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com