COVID-19
ជាតិ
បាត់ដំបង៖បង្កើនកន្លែងព្យាបាល២ទៀតនៅស្រុកកំរៀង និងសំពៅលូន ក្រោយមណ្ឌលព្យាបាលក្នុងខេត្តពេញអស់
05, Jun 2021 , 10:59 pm        
រូបភាព
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កំពុងរាយការណ៍ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ទៅ​គណៈកម្មការអន្តរក្រសួង នៅថ្ងៃទី៥មិថុនា។ រូបភាពពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តបាត់ដំបង
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កំពុងរាយការណ៍ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ទៅ​គណៈកម្មការអន្តរក្រសួង នៅថ្ងៃទី៥មិថុនា។ រូបភាពពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តបាត់ដំបង
ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង បានបង្កើនកន្លែងព្យាលបាលអ្នកជំងឺកូវីដ-១៩ ចំនួន២កន្លែងទៀត គឺ១នៅក្នុងស្រុកកំរៀង និង១កន្លែងទៀត នៅក្នុងស្រុកសំឡូត។ ការពង្រីកមណ្ឌលព្យាលបាលអ្នកឆ្លងកូវីដ-១៩ គឺដោយសារកន្លែងព្យាបាលដែលត្រូវបានរៀបចំនៅទីរួមខេត្ត ពេញអស់ហើយ។ នេះជាការរាយការណ៍របស់ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ទៅរដ្ឋមន្ត្រីក្រសួងសុខាភិបា នាកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី៥ មិថុនានេះ។

 
ក្នុងរយៈពេលចុងក្រោយនេះ ចំនួនពលករខ្មែរឆ្លងដែនពីប្រទេសថៃចូលកម្ពុជា មានចំនួនច្រើន ហើយអត្រាអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក៏មានច្រើនដែរ។ កំណើនអ្នកជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ បានធ្វើឱ្យទីតាំងព្យាបាលដែលត្រូវបានរៀបចំនៅក្នុងទីរួមខេត្ត ពេញអស់។ ដំណោះស្រាយបញ្ហានេះ អាជ្ញាធរខេត្តបាត់ដំបង បានបង្កើនកន្លែងព្យាលបាលអ្នកជំងឺកូវីដ-១៩ ចំនួន២កន្លែងទៀត គឺ១នៅក្នុងស្រុកកំរៀង និង១កន្លែងទៀត នៅក្នុងស្រុកសំឡូត។ នេះបើតាមលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៅថ្ងៃសៅរ៍នេះ។  
 
អភិបាលខេត្តបាត់ដំបង បញ្ជាក់ដូច្នេះថា៖ «បន្ទប់ព្យាបាលដែលមន្ទីរសុខាភិបាល បានរៀបចំនៅតាមក្រុង-ស្រុក នៅខែនេះ ពេញអស់ហើយ។ កន្លងមកយើងបានបើកសាលារៀនមួយនៅមោង (ស្រុកមោងឫស្សី)យកធ្វើជាមណ្ឌលព្យាបាល។ ដោយឡែកដោយសារព្រឹត្តិការណ៍២០កុម្ភៈផ្ទុះខ្លាំងនៅស្រុក(ជាប់)ព្រំដែន យើងសម្រេចបើកសាលារៀន២កន្លែង, ១ នៅកំរៀង និង១នាក់នៅសំពៅលូន»។
 
ការជ្រើសបន្ថែមមណ្ឌលព្យាបាល អ្នកជំងឺកូវីដ-១៩ នៅក្នុងស្រុកទាំង២នេះ ក៏ដោយសារថា អ្នកជំងឺភាគច្រើន ដែលរកឃើញនៅក្នុងរយៈពេលចុងក្រោយនេះ នៅក្នុងខេត្តបាត់ដំបង ជាអ្នកស្រុកកំរៀង។ 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ មិថុនា ខេត្តបាត់ដំបង មានអ្នកវិជ្ជមានសរុប ៣៥២នាក់ ក្នុងនោះជាសះស្បើយចំនួន ១១៩នាក់ និងស្លាប់២នាក់។ អ្នកជំងឺកំពុងព្យាបាល មានចំនួន២៣១នាក់។


រូបភាពពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តបាត់ដំបង
 
ក្រៅពីចំនួនអ្នកជំងឺកើន លោកអភិបាលខេត្តក៏គូសបញ្ជាក់ពីកំណើនឡើងទ្វេដងនៃចំនួនអ្នកធ្វើចត្តាឡីស័កផងដែរ រវាងដើមខែឧសភា និងដើមខែមិថុនានេះ ដែលមកពីការសម្រុកវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ។ លោក ងួន រតនៈ រាយការណ៍ទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា កាលពីដើមខែឧសភា អ្នកធ្វើចត្តាឡីស័កទាំង១២មណ្ឌលក្នុងខេត្តបាត់ដំបង មានចំនួនក្រោម ១ពាន់នាក់ប៉ុណ្ណោះ ខណៈ បច្ចុប្បន្ន  ចំនួនអ្នកធ្វើចត្តាឡីស័កនៅទូទាំងខេត្ត កើនដល់ជាង២ពាន់នាក់។ 
 
ដោយឡែក សម្រាប់ខេត្តឧត្តរមានជ័យវិញ ក៏មានពលករឆ្លងដែនច្រើនដូចខេត្តបាត់ដំបងដែរ ដោយក្នុងមួយថ្ងៃៗ មានពលករឆ្លងដែនប្រមាណ ២០០នាក់។ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ខេត្តបានបន្តរឹតបន្តឹងការឆ្លងដែនរបស់ពលករពីប្រទេសថៃ និងបានរៀបចំកន្លែងធ្វើចត្តាឡីស័កនៅពហុកីឡដ្ឋានខេត្ត។ អភិបាលខេត្តឧត្តរមានជ័យ បន្តថា ក្នុងពេលនេះបញ្ហាដែលខេត្តកំពុងប្រឈម គឺបញ្ហាកូវីដ-១៩។ បើតាមលោក ប៉ែន កុសល្យ រហូតមកដល់ពេលនេះ ខេត្តឧត្តរមានជ័យ មិនទាន់ខ្វះខាតកន្លែងព្យាបាល ឬកន្លែងធ្វើចត្តាឡីស័កឡើយ។
 
សម្រាប់ខេត្តប៉ៃលិន មិនមានបញ្ហាខ្វះមណ្ឌលចត្តាឡីស័ក និងបន្ទប់ព្យាបាលនោះទេ។ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ «ចំពោះមណ្ឌលចត្តាឡីស័កក្នុងខេត្តប៉ៃលិនមិនទាន់ជួបបញ្ហាអ្វីទេ។ ខ្ញុំកំពុងរៀបចំពង្រីកបន្ថែម សម្រាប់ទទួលពលករ ដើម្បីបង្ការការឆ្លងនូវមេរោគប្រភេទថ្មី»។ 
 
ទោះបីមានវត្តមានពលករឆ្លងដែនចូលច្រើន ប៉ុន្តែខេត្តប៉ៃលិននៅតែអាចគ្រប់គ្រងបាន។ បើតាមអភិបាលខេត្តប៉ៃលិន អ្នកវិជ្ជមានកូវីដ-១៩ ក្នុងខេត្តប៉ៃលិនភាគច្រើនជាពលករមកពីប្រទេសថៃ និងមួយចំនួនទៀត ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ 
 
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣៣៦១៣នាក់ ក្នុងនោះករណីនាំចូលសរុបមាន ១០៥៣នាក់។ អ្នកជាសះស្បើយ ២៦០៧៨នាក់ ខណៈអ្នកស្លាប់ កើនដល់ ២៥២នាក់៕
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com