ជាតិ
ពីនេះ ពីនោះ
ក្រសាំង ជាឈើដែលផ្តល់ប្រយោជន៍ទាំងប្រយោជន៍ទាំងដើម ផ្លែ ស្លឹក ត្រួយ និងផ្កា
06, Jun 2021 , 1:09 pm        
រូបភាព
ដោយ៖ ប៉ូ សុភា  
 
ភ្នំពេញ៖ ក្រសាំង ជារុក្ខជាតិមួយប្រភេទ អាចប្រើជាប្រយោជន៍ទាំង ដើម ផ្កា ត្រួយ ស្លឹក។  ដ្បិត មិនសូវមានតម្លៃនៅលើទីផ្សារ ប៉ុន្ដែគេអាចយកសាច់ និងគ្រាប់វា  ទៅច្នៃជាម្ហូបបានច្រើនប្រភេទ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។



ក្រសាំង ជាឈើមួយប្រភេទ មានផ្លែប្រើជាម្ជូរបាន, ស្លឹកល្អិត, ផ្កាធ្វើជាអន្លក់ទឹកគ្រឿង ឬ ជាបន្លែសម្លកកូរ។ ដើមមានបន្លាស្រួច  ស្រដៀងបន្លាដើមព្នៅ និងផ្លែមានសម្បករឹង ពណ៌បៃតង។ ដើមរុក្ខជាតិប្រភេទនេះ អាចមានកម្ពស់ពី៨ទៅ ១៥ម៉ែត្រ។ ខ្មែរយើង ច្រើននិយមយកមកធ្វើជាម្ជូរ ជំនួស ម្ជូរសណ្ដាន់, ម្ជូរក្រូចឆ្មារ ឬម្ជូរអម្ពិល ជាដើម។ ក្រសាំង មានអាយុចន្លោះពី៥ ទៅ១០ឆ្នាំទើបអាចផ្តល់ផលជាផ្លែបាន។
 
សណ្ឋាននៃផ្លែ មានរាងមូលរឹង ផ្នែកខាងក្រៅ រីឯផ្នែកខាងក្នុងមានសាច់ និងគ្រាប់មានរសជាតិជូរ។   ក្រសាំងចាស់ និងទុំអាចប្រើបានដូចគ្នា។ ផ្លែនីមួយៗ អាចមានទម្ងន់ចាប់ពី ៥០ក្រាម ទៅ១រយក្រាម តាមទំហំ។ ដ្បិត រុក្ខជាតិប្រភេទនេះមួយឆ្នាំមានផ្លែម្ដងក្តី ប៉ុន្ដែផ្លែរបស់វាមិនសូវមានតម្លៃនៅលើទីផ្សារប៉ុន្មានទេ។ នៅក្នុងរាជធានីភ្នំពេញ ក្រសាំងដែលមានតម្លៃថ្លៃបំផុត ត្រឹម៨រយរៀល ទៅ១ពាន់រៀលក្នុងមួយផ្លែ ប៉ុន្ដែនេះមិនមែនជាតម្លៃទូទៅទេ។ ចំណែកឯ នៅតាមទីជនបទវិញ ពេលខ្លះគេចែកគ្នាយកទៅស្ល ដោយមិនគិតប្រាក់។ ប្រសិនបើគេទិញ ក៏មានតម្លៃថោក អាចមួយផ្លែ ១រយរៀល ឬបីផ្លែ ៥រយរៀលតែប៉ុណ្ណោះ។
 
ក្រៅពីស្លឹក ត្រួយ ផ្កា និងផ្លែ សម្បកក្រសាំងក៏ត្រូវបានគេយកធ្វើជាឱសថបុរាណខ្មែរ សម្រាប់កែរោគនានា តាមជំនឿ និងទម្លាប់របស់អ្នកស្រុកតាមតំបន់ផ្សេងៗគ្នាផងដែរ។ ផ្លែក្រសាំង មើលទៅសាមញ្ញទេ តែគេយកទៅច្នៃ ដាក់ជាមួយម្ហូបបានច្រើនប្រភេទ រួមមានសម្លទឹកដូចជា ស្លម្ជូរគ្រឿងសាច់គោ សាច់ជ្រូក សាច់មាន់ សាច់ត្រី និងសម្លម្ជូរបានស្ទើរគ្រប់ប្រភេទ រួមទាំងស្ងោរជ្រក់ផងដែរ។
 
ក្រៅពីនេះ គេយកទៅចិញ្ចាំ្រជាមួយប្រហុកធ្វើជាប្រហុកខ្ទិះ ប្រហុកឆៅ ខ្ចប់ជាមួយប្រហុកយកទៅដុតក៏មាន។ លើសពីនេះ អាចដាក់ជាមួយទឹកត្រី ទឹកអំបិល ទឹកប្រហុក បុកត្រី បុកក្ដាម ឬបុកក្រសាំងលាយអំបិល និងដាក់ស្ករបន្តិច ក៏បាន។ អាហាររៀបរាប់ខាងលើនេះ ភាគច្រើនកសិករ និងពលរដ្ឋរស់នៅស្រុកស្រែចម្ការនិយម និងឧស្សាហ៍ធ្វើទទួលទានណាស់។
 
អ្នកស្រែចម្ការ ក្រៅពីអាចយកផ្លែនេះច្នៃធ្វើជាម្ហូបបានច្រើនយ៉ាង ពួកគាត់អាចយកសាច់ក្រសាំង ប្រឡាក់ជាមួយអំបិល ហើយយកទៅរក្សាទុក សម្រាប់បរិភោគបានរាប់ឆ្នាំ។ ពួកគាត់ រកវិធីច្នៃបែបនេះ ក៏ដោយសារជាវិធីសាស្រ្តបម្រុងទុក នៅពេលដល់រដូវខ្សត់ក្រសាំង ឬខ្វះម្ហូបអាហារជាដើម។
 
បច្ចុប្បន្ន គេសង្កេតឃើញថាដើមក្រសាំងនៅតែមានវត្តមានតាមភូមិស្រុក មួយចំនួននៅប្រទេសកម្ពុជា។ ប៉ុន្ដែ ក៏មិនសូវសម្បូរដូចជាកាលពីជាង ១០ឆ្នាំដែរ៕

Tag:
 ក្រសាំង
© រក្សាសិទ្ធិដោយ thmeythmey.com