COVID-19
ជាតិ
កូវីដ-១៩៖ តាកែវមាន៧៧នាក់ ខណៈអាជ្ញាធរបិទផ្សារ និងផ្អាកការលក់ដូរនៅជុំវិញផ្សារតាកែវ
06, Jun 2021 , 3:30 pm        
រូបភាព
ក្រុមគ្រូពេទ្យបាននិងកំពុងយកសំណាកលើអ្នកពាក់ព័ន្ធ នៅមណ្ឌលសាលាគរុកោសល្យ និងវិក្រិតការខេត្តតាកែវ កាលពីយប់ថ្ងៃទី៥ មិថុនា។ រូបភាពពីគណនីហ្វេសប៊ុកឈ្មោះ៖ Sarady Vathana
ក្រុមគ្រូពេទ្យបាននិងកំពុងយកសំណាកលើអ្នកពាក់ព័ន្ធ នៅមណ្ឌលសាលាគរុកោសល្យ និងវិក្រិតការខេត្តតាកែវ កាលពីយប់ថ្ងៃទី៥ មិថុនា។ រូបភាពពីគណនីហ្វេសប៊ុកឈ្មោះ៖ Sarady Vathana
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានបន្តរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ៧៧នាក់ទៀត ដែលភាគច្រើនជាអាជីវករផ្សារត្រពាំងអណ្តើក នៅក្នុងស្រុកត្រាំកក់ និងកម្មកររោងចក្រ។  ក្នុងចំណោមអ្នកឆ្លងថ្មីនេះ ក៏មានកុមារ ១០នាក់ផងដែរ។ តាមរបាយការណ៍ដែលស្នងការខេត្តតាកែវ រាយការណ៍ទៅអភិបាលខេត្ត មានពលរដ្ឋ ២៦នាក់មានទីលំនៅស្រុកត្រាំកក់,២១នាក់ជាអ្នករស់នៅក្នុងស្រុកសំរោង, ១៤នៅស្រុកព្រៃកប្បាស, ៥នាក់នៅក្រុងដូនកែវ, ស្រុកបាទី និងស្រុកកោះអណ្តែត មាន៣នាក់រៀងខ្លួន។ ស្រុកបាទី និងស្រុកគិរីវង់ ក៏មានអ្នកឆ្លងថ្មី២នាក់រៀងខ្លួនដែរ ខណៈស្រុកទ្រាំង មាន១នាក់។


 
ទន្ទឹមនឹងការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីយ៉ាងច្រើនសន្ធឹក អាជ្ញាធរខេត្ត បានសម្រេចផ្អាកជាបណ្ដោះអាសន្ន អាជីវកម្ម ការលក់ដូរនៅក្នុងផ្សារតាកែវ , បរិវេលាជុំវិញផ្សារ និងការលក់ដូរតាមផ្ទះដែលស្ថិតនៅជុំវិញផ្សារទាំងអស់ ចាប់ថ្ងៃទី៦ មិថុនានេះ បន្ទាប់ពីរកឃើញថា អ្នកមានវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយមនុស្សជាច្រើននាក់ នៅតំបន់ជុំវិញផ្សារតាកែវនេះ។
 
បើតាមសេចក្ដីសម្រេចខាងលើ អាជីវករ និងអ្នកលក់ដូរក្នុង និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្ដល់សំណាកដល់ក្រសួងសុខាភិបាល នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ។ ជាមួយគ្នានេះ អាជីវករទាំងអស់ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
 
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣៤ ២៤៤ នាក់ ក្នុងនោះករណីនាំចូលសរុបមាន  ១ ០៦៨នាក់។ អ្នកជាសះស្បើយ ២៧ ១៤៧ នាក់ ខណៈអ្នកស្លាប់ កើនដល់ ២៦៣នាក់៕
 
 

Tag:
 COVID-19
  បិទផ្សារតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com