កំណាព្យ
ជាតិ
មនុស្សខ្លឹម!
06, Jun 2021 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ


បទ ផ្កាឈូករីក
 
ឈើប្រណីត ដ្បិតតែខ្លឹម ស្និមមិនកាន់
ឈើប្រណីត ពិតត្រូវប៉ាន់ គេប្រាថ្នា
ឈើប្រណីត ឮតែឈ្មោះ ជាងត្រូវការ
ឈើប្រណីត ប្រាជ្ញប្រាប់ថា ថ្លៃខ្លួនឯង។
មនុស្សខ្លាំង តាំងផ្តើមឆ្លាក់ ដាក់ខ្លួនចុះ
មនុស្សខ្លាំង ទាំងស្រីប្រុស ស្ទុះស្វះស្វែង
មនុស្សខ្លាំង ខ្លាំងពីខ្លួន ចេះចាត់ចែង
មនុស្សខ្លាំង គ្រប់កន្លែង គេត្រូវការ។
មនុស្សខ្លឹម ខ្លឹមខាងក្នុង ប្រុងប្រៀបប្រាណ
មនុស្សខ្លឹម ខ្លាំងក្លាហាន មានប្រាជ្ញា
មនុស្សខ្លឹម មាំកាយចិត្ត មានមេត្តា
មនុស្សខ្លឹម ឧបេក្ខា ជាប់ក្នុងចិត្ត។
មនុស្សខ្លឹម មិនងាយឃ្លោង យោងយោកយោល
មនុស្សខ្លឹម មិនកញ្ជ្រោល ច្រាសក្រមក្រឹត្យ
មនុស្សខ្លឹម ឃើញពាលខ្លៅ ហៅអាណិត
មនុស្សខ្លឹម ចេះបើកចិត្ត គិតវែងឆ្ងាយ។
មនុស្សខ្លឹម ជាសរសរ ទ្រូងនៃជាតិ
មនុស្សខ្លឹម ច្បាប់មិនឃ្លាត ធម៌ជិតកាយ
មនុស្សខ្លឹម នៅទីណា សុខសប្បាយ
មនុស្សខ្លឹម ទៅជិតឆ្ងាយ គេចង់ក្បែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com