ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មេភូមិខ្ជាយ ប្ដេជ្ញាការពារព្រៃសហគមន៍កំពែង និងកែប្រែទៅជាកន្លែងទេសចរណ៍
06, Jun 2021 , 9:29 pm        
រូបភាព
ដោយ៖ ជី ចំរ៉ុង 
 
ត្បូងឃ្មុំ ៖ ព្រៃកំពែង ស្ថិតនៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូង មានផ្ទៃដីជាង៣២ហិកតា ត្រូវបានបង្កើតជាព្រៃសហគមន៍នៅឆ្នាំ២០១៤។ លោក ម៉ន អុន មេភូមិខ្ជាយ បានឱ្យដឹងថា ព្រៃសហគមន៍កំពែង ជាព្រៃដ៏មានសក្ដានុពលនៅខេត្តត្បួងឃ្មុំ។ មេភូមិរូបនេះ បានប្ដេជ្ញាការពារព្រៃសហគមន៍ និងគ្រោងអភិវឌ្ឍន៍ព្រៃសហគមន៍នេះ ទៅជាកន្លែងទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវមកកម្សាន្ត។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោក ម៉ន អុន មេភូមិខ្ជាយ ជាមួយលោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖
 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ២៥ លោក ម៉ន អុន បានរៀបរាប់ថា គោលបំណងនៃការបង្កើតព្រៃសហគមន៍នេះ ដើម្បីរក្សាព្រៃឈើទុកដល់កូនចៅជំនាន់ក្រោយ។ លោក អុន បានបញ្ជាក់ដូច្នេះ៖ « ខ្ញុំជាអាជ្ញាធរ ដូច្នេះត្រូវនាំពលរដ្ឋទុកព្រៃនេះ ដើម្បីសម្រាប់គោរពបូជា និងទុកឱ្យកូនចៅជំនាន់ក្រោយឱ្យបានស្គាល់ព្រៃដែលមានឈើស្ដុកស្ដម្ភ និងឈើប្រណិតៗ។ ព្រោះតែព្រៃយើងបច្ចុប្បន្ននេះ អស់ច្រើន ពិសេសនៅខេត្តត្បូងឃ្មុំ ស្រុកតំបែរនេះ ពីដើមមកព្រៃមានមិនតិចទេ អ៊ីចឹងពេលនេះ ខ្ញុំមានលទ្ធភាពនាំគ្នាទុកព្រៃនេះមួយដែរ»។  
 
បើតាមលោក ម៉ន អុន ព្រៃសហគមន៍កំពែង មានស្រះទឹកបុរាណ ផ្លូវរទេះបុរាណ រោងអ្នកតានិងឈើកម្រមួយចំនួន ព្រមទាំងបក្សីកម្រដូចជាកេងកង និងចំពុះសជាដើម ។ មេភូមិរូបនេះ បានអះអាងថា ទៅថ្ងៃមុខ សហគមន៍កំពែងនឹងរៀបចំ ស្ដារស្រះទឹកបុរាណឡើងវិញ,រៀបចំផ្លូវក្រវ៉ាត់ជុំវិញព្រៃ សម្រាប់កសិករដឹកកសិផល, រៀបចំផ្លូវរទេះបុរាណឡើងវិញ ដើម្បីដឹកភ្ញៀវទេសចរណ៍ចូលមើលក្នុងព្រៃសហគមន៍ និងរៀបចំកញ្ជុះអង្គុយ ដើម្បីទាក់ទងភ្ញៀវទេសចរមកកម្សាន្ត ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com