ស្រកានាគមានបញ្ហាផ្សិត និងរលួយដើម៣ឆ្នាំជាប់ តែលោក ភា មិនបោះបង់ហើយខំថែឱ្យល្អវិញ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្រកានាគមានបញ្ហាផ្សិត និងរលួយដើម៣ឆ្នាំជាប់ តែលោក ភា មិនបោះបង់ហើយខំថែឱ្យល្អវិញ
06, Jun 2021 , 10:29 pm        
រូបភាព
ដោយ៖ ជី ចំរ៉ុង 
 
ត្បូងឃ្មុំ៖  លោក ថន ភា បានដាំស្រកានាគពណ៌ស្វាយ នៅខេត្តត្បូងឃ្មុំ រយៈពេល៧ឆ្នាំមកហើយ។ ចម្ការស្រកានាគពណ៌ស្វាយដែលមានផ្ទៃដី១ហិកតា របស់លោក បានផ្ដល់ទិន្នផល៨-៩តោនក្នុងមួយឆ្នាំ។ កសិកររូបនេះបានលើកឡើងថា រយៈពេល៣ឆ្នាំចុងក្រោយ ដំណាំស្រកានាគរបស់លោក បានជួបបញ្ហារោគផ្សិត និងរលួយដើម ប៉ុន្តែលោកមិនបានបោះបង់ឡើយ ដោយលោកបានរកវិធីសាស្រ្តដើម្បីថែដំណាំឱ្យល្អឡើងវិញ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោក ថន ភា កសិករដាំស្រកានាគនៅខេត្តត្បូងឃ្មុំ ជាមួយលោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ដូចតទៅ៖ 
 
 
រស់នៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ លោក ថន ភា បានដាំស្រកានាគពណ៌ស្វាយ  នៅលើផ្ទៃជាង១ហិកតា ដោយមានស្រកានាគចំនួន ២៥០០ជន្លង់ ឬបង្គាល ហើយក្នុង១ជន្លង់ដាំបាន២ដើម។ ក្នុងមួយឆ្នាំ ស្រកានាគរបស់លោក បានផ្ដល់ទិន្នផល ៨-៩តោន ដែលអាចប្រមូលផលបាន៧ខែ គឺគឺចាប់ពីខែឧសភា ដល់ពាក់កណ្ដាលខែវិច្ឆិកា។ មានបទពិសោធន៍៧ឆ្នាំ លោក ថន ភា បានឱ្យដឹងថា នៅពេលលោកចាប់ផ្ដើមដាំដំណាំនេះពីដំបូងមិនជួបបញ្ហាអ្វីឡើយ ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ស្រកានាគរបស់លោក មានបញ្ហារោគផ្សិត និងរលួយដើម។ 
 
លោក ថន ភា បានរៀបរាប់ដូច្នេះ៖«ដំណាំហ្នឹង[ស្រកានាគពណ៌ស្វាយ] បើយើងថាងាយក៏មិនងាយ ថាលំបាកក៏មិនលំបាកពេក។ តែប្រហែលបីឆ្នាំនេះ  វាមានបញ្ហាស្អុយ រលួយដើមខ្លាំងមែនទែន។ ខ្ញុំចង់ធ្លាក់ទឹកចិត្ត លែងចង់ដាំទៀត តែខ្ញុំចេះតែមើលតាមបច្ចេកទេសដាំតាមយូធូប និងមើលគ្រូខាងកសិកម្មពន្យល់។ ខ្ញុំខំអនុវត្ត ខំថែ ឥឡូវ បានគ្រាន់បើប្រហែស៧០ ទៅ៨០ភាគរយហើយ »។ 
 
ដ្បិតដាំណាំស្រកានាគមួយចំនួនរបស់លោកជួបបញ្ហា កសិករវ័យ៣៨ឆ្នាំរូបនេះ នៅតែអាចលក់ផ្លែស្រកានាគដែលមានផ្សិតបាន ក្នុងតម្លៃទាបជាងស្រកានាគធម្មតាពាក់កណ្ដាល។ ស្រកានាគមានផ្សិតឬស្អុយដើម លោក ថន ភា លក់បោះដុំក្នុងតម្លៃពី១៥០០ ទៅ២០០០រៀលក្នុង១គីឡូក្រាម ។ រីឯ ស្រកានាគលេខ១ លោកលក់បោះដុំក្នុងតម្លៃ ៤០០០ ទៅ៥០០០រៀល ក្នុងមួយគីឡូក្រាម។ លោកបានបន្ថែមថា រៀងរាល់ខែសីហាស្រកានាគ លំបាកលក់លើទីផ្សារ ព្រោះជាខែដែលសម្បូរស្រកានាគ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com