កីឡាជាតិ
ជាតិ
កម្ពុជា ត្រូវតទល់ជាមួយអ៊ីរ៉ាក់ យប់នេះ
07, Jun 2021 , 10:15 am        
រូបភាព
ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបតទល់ជាមួយអ៊ីរ៉ាក់ នាម៉ោង៩ ៖៣០នាទីយប់ថ្ងៃទី៧ មិថុនា (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋាន Sheikh All Bin Mohammed All Khalifa សម្រាប់វគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។


 
សម្រាប់ការប្រកួតជាមួយអ៊ីរ៉ាក់នាយប់នេះ ក្រុមជម្រើសជាតិកម្ពុជា នៅរក្សាទម្រង់លេងដដែល ជាពិសេសការគ្រប់គ្រងបាល់។ លោក RYU HIROSE គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយក្រុមអ៊ីរ៉ាក់ យ៉ាងដូច្នេះ៖«ទោះបីយើងរបូតគ្រាប់បាល់ច្រើន ក្នុងការប្រកួតមុន ជាមួយបារ៉ែនក៏ដោយ យើងនឹងបន្តលេងតាមទម្រង់បាល់ទាត់របស់យើងដដែល ដោយព្យាយាមរក្សាការគ្រប់គ្រងបាល់នៅលើទីលាន»។
 
កម្ពុជា បានប្រកួតចាញ់បារ៉ែន កាលពីថ្ងៃទី៣ មិថុនា ដោយលទ្ធផល ០៖៨ ។ លទ្ធផលចាញ់ច្រើនគ្រាប់នេះ ក៏អាចធ្វើឱ្យគាំទ្រកម្ពុជាខ្លះ មានការស្រងាកចិត្តដែរ។ តែយ៉ាងណាលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ព្យាយាមពន្យល់ក្នុងន័យវិជ្ជមានសម្រាប់ជម្រើសជាតិកម្ពុជា ដូច្នេះថា៖«បារ៉ែនជាក្រុមខ្លាំង អ៊ីរ៉ាក់ខ្លាំងជាបារ៉ែន ហើយអ៊ីរ៉ង់ខ្លាំងជាអ៊ីរ៉ាក់ទៅទៀត។ ក្នុងនាមជាកីឡាករយើងគួរតែរីករាយ ដែលយើងមានឱកាសលេងជាមួយក្រុមខ្លាំងៗ»។
 
លទ្ធផលចាញ់ក្រុមបារ៉េន បានធ្វើឱ្យកម្ពុជា បានឱកាសយកកៅអីសម្រាប់កៅអីនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសហ្គាតា។ក្រៅពីកម្ពុជា និងហុងកុង នៅក្នុងពូល C ក្រុមផ្សេងទៀតដែលបានអស់ឱកាសទៅកាតា រួមមាន កោះហ្គាម (ពូល A), ឆាយនីសតៃប៉ិ (ពូល B), អាហ្វហ្គានីស្ថាន, ឥណ្ឌា, បង់ក្លាដែស (ពូល E), ម៉ុងហ្គោលី (ពូល F), ឥណ្ឌូណេស៊ី (ពូល G) និងស្រីលង្កា (ពូល H)។
 
ទាក់ទងនឹងពូល C បារ៉ែនកំពុងនាំមុខគេលើពូល ដោយមាន១២ពិន្ទុ ហើយប្រដេញតាមពីក្រោយដោយអ៊ីរ៉ាក់ (១១ពិន្ទុ) និងអ៊ីរ៉ង់ (៩ពិន្ទុ) ប៉ុន្តែបារ៉ែនប្រកួតបាន៦លើក រីឯអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ទើបប្រកួតបាន៥លើក។ ហុងកុង មាន៥ពិន្ទុ រីឯកម្ពុជាមាន១ពិន្ទុ ជាមួយនឹងការប្រកួត២លើកដែលនៅសេសសល់ដូចគ្នា៕

Tag:
 World Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com