កីឡាជាតិ
ជាតិ
កម្ពុជា ត្រូវតទល់ជាមួយអ៊ីរ៉ាក់ យប់នេះ
× ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបតទល់ជាមួយអ៊ីរ៉ាក់ នាម៉ោង៩ ៖៣០នាទីយប់ថ្ងៃទី៧ មិថុនា (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋាន Sheikh All Bin Mohammed All Khalifa សម្រាប់វគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។
សម្រាប់ការប្រកួតជាមួយអ៊ីរ៉ាក់នាយប់នេះ ក្រុមជម្រើសជាតិកម្ពុជា នៅរក្សាទម្រង់លេងដដែល ជាពិសេសការគ្រប់គ្រងបាល់។ លោក RYU HIROSE គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយក្រុមអ៊ីរ៉ាក់ យ៉ាងដូច្នេះ៖«ទោះបីយើងរបូតគ្រាប់បាល់ច្រើន ក្នុងការប្រកួតមុន ជាមួយបារ៉ែនក៏ដោយ យើងនឹងបន្តលេងតាមទម្រង់បាល់ទាត់របស់យើងដដែល ដោយព្យាយាមរក្សាការគ្រប់គ្រងបាល់នៅលើទីលាន»។
កម្ពុជា បានប្រកួតចាញ់បារ៉ែន កាលពីថ្ងៃទី៣ មិថុនា ដោយលទ្ធផល ០៖៨ ។ លទ្ធផលចាញ់ច្រើនគ្រាប់នេះ ក៏អាចធ្វើឱ្យគាំទ្រកម្ពុជាខ្លះ មានការស្រងាកចិត្តដែរ។ តែយ៉ាងណាលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ព្យាយាមពន្យល់ក្នុងន័យវិជ្ជមានសម្រាប់ជម្រើសជាតិកម្ពុជា ដូច្នេះថា៖«បារ៉ែនជាក្រុមខ្លាំង អ៊ីរ៉ាក់ខ្លាំងជាបារ៉ែន ហើយអ៊ីរ៉ង់ខ្លាំងជាអ៊ីរ៉ាក់ទៅទៀត។ ក្នុងនាមជាកីឡាករយើងគួរតែរីករាយ ដែលយើងមានឱកាសលេងជាមួយក្រុមខ្លាំងៗ»។
លទ្ធផលចាញ់ក្រុមបារ៉េន បានធ្វើឱ្យកម្ពុជា បានឱកាសយកកៅអីសម្រាប់កៅអីនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសហ្គាតា។ក្រៅពីកម្ពុជា និងហុងកុង នៅក្នុងពូល C ក្រុមផ្សេងទៀតដែលបានអស់ឱកាសទៅកាតា រួមមាន កោះហ្គាម (ពូល A), ឆាយនីសតៃប៉ិ (ពូល B), អាហ្វហ្គានីស្ថាន, ឥណ្ឌា, បង់ក្លាដែស (ពូល E), ម៉ុងហ្គោលី (ពូល F), ឥណ្ឌូណេស៊ី (ពូល G) និងស្រីលង្កា (ពូល H)។
ទាក់ទងនឹងពូល C បារ៉ែនកំពុងនាំមុខគេលើពូល ដោយមាន១២ពិន្ទុ ហើយប្រដេញតាមពីក្រោយដោយអ៊ីរ៉ាក់ (១១ពិន្ទុ) និងអ៊ីរ៉ង់ (៩ពិន្ទុ) ប៉ុន្តែបារ៉ែនប្រកួតបាន៦លើក រីឯអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ទើបប្រកួតបាន៥លើក។ ហុងកុង មាន៥ពិន្ទុ រីឯកម្ពុជាមាន១ពិន្ទុ ជាមួយនឹងការប្រកួត២លើកដែលនៅសេសសល់ដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com